ភ្នំពេញៈ ក្រោយពីគេហទំព័រ កម្សាន្ត LookingTODAY បានចុះផ្សាយ អត្ថបទមួយ កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា មានចំណងជើងថា “ ប៊េននី ចង់ប្រជែងយក តំណែងសិចស៊ី ប្រចាំឆ្នាំដូច សេង សូណា ” ។ ប៉ុន្តែបន្ទាប់ពីចេញផ្សាយ មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែម្ចាស់សាមីខ្លួន ស្រីស្អាតសាច់សររូបនេះ បានបញ្ចេញ ប្រតិកម្មភ្លាមៗថា នាងទទួលស្គាល់ សម្រាប់ភាពសិចស៊ី ស្លៀកពាក់ខើចលើខើចក្រោម តែវាជាចំណូលចិត្ត របស់នាង ហើយក៏គ្មានបំណង ប្រជែងតំណែង សិចស៊ី ពីតារាណាដែរ ។

កញ្ញារូបស្រស់សម្រស់ឆើតឆាយ សមជានារីសម័យថ្មី ប៊េននី ទើបតែលេចមុខក្នុងសង្វៀនសិល្បៈ មួយដង្ហើមចង្រិតសោះ បានបង្ហាញការមិនពេញចិត្ត ក្រោយពីនាង បានឃើញព័ត៌មាន ចុះផ្សាយថា នាងជាតារាសិចស៊ី និងចង់ដណ្តើម តំណែងជាតារាសិចស៊ីស្រីល្បីឈ្មោះ ដូចជា សេង សូណា ។ តាមរយៈសំណេរ ក្នុងហ្វេសប៊ុក របស់ ប៊េននី បានបញ្ចេញសារ មិនពេញជាភាសាខ្មែរថា “ ខ្ញុំសិចស៊ី មិនបានប្រជែងអ្នកណាទេ...! វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ សូមអ្នកដែលសរសេរកុំទំនេរពេក ” ។

តាមរយៈការសម្តែងអារម្មណ៍ មិនពេញចិត្ត និងចេញមុខបកស្រាយនេះ បានស្តែងឲ្យឃើញថា តារាសម្តែងចំណូលថ្មី ប៊េននី បានទទួលស្គាល់ថា ខ្លួននិយម ចូលចិត្តតុបតែងខ្លួន បែបជានារីសម័យថ្មី តែងខ្លួនខើចលើក្រោម បញ្ចេញសាច់។ តែនាងមិនចង់ប្រជែង នឹងតារាសិចស៊ីរូបណា ដោយចំហរទេ ព្រោះតែនាង មិនចង់មានបង្ហាញល្អក់កករ ជាមួយអ្នកសិល្បៈដូចគ្នា ដោយសារតែរឿងបែបនេះ ។

ទោះបីជាយ៉ាងណា ការសរសេរមតិ តាមរយៈហ្វេសប៊ុក របស់តារាសម្ដែងក្មេងខ្ចី ប៊េននី ក្នុងន័យបញ្ចើចបញ្ចើ ទៅកាន់អ្នកសារព័ត៌មាន នៅពេលនេះ ត្រូវបានគេ មើលឃើញថា នាងគឺជាតារាមួយដួង ពោរពេញដោយអំណួតខ្លួនឯង បញ្ចេញឫកពារមិនសមជាអ្នកសិល្បៈថ្លៃថ្នូរ ដែលមហាជនកំពុងតែ ត្រៀមខ្លួនគាំទ្រនាង ។ ជាការពិត ការដាក់ចំណងជើងប្រៀបធៀប តារាមួយ ទៅតារាមួយទៀត គឺមិនមែនមានន័យ ជាន់ពន្លិចតារាណាមួយឡើយ ប៉ុន្តែវាជាសំណេរមួយ ធ្វើឲ្យអ្នកអាន ចាប់អារម្មណ៍ ហើយក៏គ្មានអត្ថន័យណាមួយ បន្ទោសបង្អាប់ ប៊េននី នោះដែរ ។

ការបញ្ចេញមតិជាសាធារណៈ ពីសំណាក់តារាក្មេងខ្ចី ប៊េននី នៅពេលនេះ ត្រូវបានមហាជនមើលឃើញថា នាងជាតារាឆាប់ប្រកាន់ ឫកពារក្រអឹតក្រទម ជាមួយនឹង បណ្ដាញសារព័ត៌មាន ខណៈខ្លួនមិនទាន់មានឈ្មោះ ល្បីល្បាញខ្លាំង និងមានស្នាដៃ ជាដំកំភួនណាមួយ គួរស្ញប់ស្ញែងផងនោះ ។ សម្រាប់តារាសម្ដែង មានឈ្មោះល្បី ដែលមហាជនគាំទ្រ គឺត្រូវធ្វើយ៉ាងណា រៀបចំឫកពារ ឲ្យបានសមរម្យ សមជាមនុស្សរបស់ មហាជន ត្រូវចេះទទួលយក ការរិះគន់ ដើម្បីស្ថាបនា ខ្លួនឯង ប៉ុន្តែបើដូចជាការលើកឡើង របស់ ប៊េននី ខាងលើនេះមែន គឺមហាជន ក៏ដូចជាទស្សនិកជន អាចវាយតម្លៃ លើចរិតឫកពារ របស់នាងមុនពេលល្បី រួចទៅហើយ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]