ភ្នំពេញៈ តារាកំប្លែងធ្លាប់តែសម្តែង ប្រើពាក្យកំប្លុកកំប្លែង នៅក្នុងក្រុមកំប្លែងរបស់ នាយកុយ គឺយាយខ្លី បានបាត់វត្ត មានពីវិថីសិល្បៈ អស់មួយរយៈពេលធំ ដោយសារតែស្ថានភាពជំងឺ របស់គាត់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែដុនដាមទៅៗ ហើយក្រុមគ្រួសារ ក៏បានត្អូញត្អែរដង្ហោយរកជំនួយជាបន្ទាន់ ព្រោះថាពេលនេះ គាត់កំពុង តែសម្រាក ព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ កូនស្រីទី៤ របស់យាយខ្លី មានឈ្មោះថា ញ៉ែម សារ៉ុម បានប្រាប់ឲ្យដឹងថា ស្ថានភាពជំងឺម្តាយ របស់នាងពេលនេះ មានអាការៈ កាន់តែធ្ងន់ធ្ងរជាងមុន ។ បើគិតរហូតមកដល់ ពេលនេះ គឺ៤ថ្ងៃ៣យប់ហើយ ដែលម្តាយរបស់នាង សម្រាកព្យាបាលក្នុង បន្ទប់សង្គ្រោះបន្ទាន់ ។ កន្លងមកជំងឺរបស់គាត់ មានតែត្រឹម ៣-៤ មុខទេ តែដល់ពេលថ្មីៗនេះ គ្រូពេទ្យបានប្រាប់ថា ម្តាយរបស់នាង មានជំងឺមួយទៀត ដែលគ្រូពេទ្យនៅក្នុង មន្ទីពេទ្យកាល់ម៉ែត្រ ទើបតែរកឃើញ គឺជំងឺរបេងឆ្អឹង ។

អ្នកស្រី សារ៉ុម បានប្រាប់ទៀតថា “ខ្ញុំនិងគ្រួសារពិតជា មានការលំបាកណាស់ បងអើយ ! គ្មានលុយគ្រប់គ្រាន់ ក្នុងការទិញថ្នាំ ចំណាយលើការមើលថែទាំ ជំងឺគាត់ទេ កន្លងមកដោយសារតែ មានខាងអ្នកសិល្បៈ និងសប្បុរសជនខ្លះ គាត់ផ្តល់ជំនួយមក ទើបអាចបន្តព្យាបាលគាត់ រហូតដល់ពេលនេះ។ តែសម្រាប់ថ្ងៃ បន្ទាប់ទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ព្រោះកូនៗគ្មានលុយមើលទេ ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សុំធ្វើការអំពាវនាវ ស្វែងរកជំនួយ ពីសប្បុរសជន ជួយឧបត្ថម្ភ ដល់ម្តាយខ្ញុំផង ” ។

អ្នកស្រីបានបន្តទាំងសំឡេងអួលដើមករថា ម្តាយមិនអាចកំរើកខ្លួនបានទេ ដោយសារតែស្ថានភាព ជំងឺគាត់មានទាំង ទឹកនោមផ្អែម, ជំងឺថ្លើម, ពុកឆ្អឹង និងរបេងឆ្អឹង អ៊ីចឹង បើគាត់កំរើកខ្លួនស្រួល មិនស្រួលអាចបាក់ឆ្អឹង និងធ្វើឲ្យគាត់ឈឺចាប់ពេញខ្លួនរាល់ថ្ងៃ គាត់អាចសម្ងំគេងមិនសូវឈឺ គឺទាល់តែចាក់ថ្នាំលេបថ្នាំ តែដល់ពេលអស់ជាតិថ្នាំ គាត់ត្អូញឈឺគ្រប់កន្លែង ។ ពេលនេះម្តាយរបស់អ្នកស្រី ក៏មិនអាចបរិភោគអាហារអ្វីបានទេ គ្រូពេទ្យបានដាក់ទុយោ តាមច្រមុះ ដើម្បីបង្ហូរទឹកបបរ និងទឹកឲ្យគាត់ មានកំលាំងខ្លះ ។

កូនស្រីរបស់យាយខ្លី បានប្រាប់បន្ថែមទៀតថា “ស្ថានភាពជំងឺម្តាយខ្ញុំ កាន់តែធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះខ្ញុំក៏សុំទទូចហើយទទូចទៀត ទៅដល់សប្បុរសជន ទាំងក្នុង និងក្រៅស្រុក សុំមេត្តាផ្តល់ជាជំនួយ (ថវិកា) ដល់គាត់ផងចុះ ដើម្បីយកមកព្យាបាលបន្ត ។ ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋ ណាចង់ផ្តល់ជា អំណោយ ឬថវិកា ជួយយាយខ្លី អាចទាក់ទងមកបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ឬក៏ទាក់ទងមកលេខ ទូរស័ព្ទ ០១២ ៦៥ ៤៤ ៥៧ បាន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]