ភ្នំពេញ ៖ ប្រភពព័ត៌មានមួយ បានទម្លាយចេញអធិការដ្ឋាន នគរបាលខណ្ឌចំការមន បានឲ្យដឹងថា មានឧត្តមសេនីយ៍ម្នាក់ ធ្វើការនៅក្រសួងមហាផ្ទៃ កំពុងរត់ការ និងអន្តរាគមន៍ ចង់ឲ្យមានការដោះលែង ក្រុមចោរឆក់កាបូបពីរនាក់ ដែលត្រូវកម្លាំងនគរបាល ខណ្ឌចំការមន តាមចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាព កាលពីរសៀល ថ្ងៃទី២៩ ខែឧសភា ។

ប្រភពព័ត៌មានបានទម្លាយទៀតថា មន្ត្រីនគរបាលជាថ្នាក់ឧត្តមសេនីយ៍រូបនេះ បានទៅសម្លុតកំហែងមន្ត្រី នគរបាលខណ្ឌចំការមន ចង់ឲ្យមានការដោះលែង ជនសង្ស័យទាំង២នាក់នេះ ។ យ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់ឧត្តមសេនីយ៍រូបនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌចំការមន បានដេញចាប់ជនសង្ស័យ ២នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបអ្នកធ្វើ ដំណើរតាមផ្លូវ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ៦៣ កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីស្ត្រីជាម្តាយ និងកូនស្រីកំពុងជិះម៉ូតូកង់បីចេញពីផ្សារបឹងកេងកង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ២នាក់ មានអាយុប្រហែល ២០ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញចាប់បានភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពាក់ស្លាកលេខ 1BA-7777 ហើយបច្ចុប្បន្ន ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

យ៉ាងណាក៏ដោយ ជនរងគ្រោះ និងជនសង្ស័យមិនទាន់ត្រូវសមត្ថកិច្ច បញ្ជាក់ពីអត្តសញ្ញាណ នៅឡើយនោះទេ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]