ភ្នំពេញ៖ កុមារី មានអាយុ ក្រោម១៨ឆ្នាំ នៅតែប្រឈមមុខខ្ពស់ទៅ នឹងបញ្ហាការចាប់រំលោភ សេពសន្ថវៈ ដោយសារតែមានកត្តាជាច្រើន ដែលកុមាត្រូវប្រឈមនោះ។ ជាក់ស្តែងនៅក្នុង រយៈពេល៥ខែ ដើមឆ្នាំ២០១២នេះ បញ្ហាការចាប់រំលោភទៅលើកុមារី បានកើតមានឡើងចំនួន៨៣ករណី ដោយក្នុងនោះរំលោភសម្លាប់មាន២ករណី នៅក្នុងខេត្ត-ក្រុងចំនួន១៤ ដែលវាមានការកើនឡើងជាងឆ្នាំ២០១១។

លោក សៅ សេនី អ្នកឃ្លាំមើលការរំលោភសិទ្ធិកុមារ ប្រចាំអង្គការលីកាដូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ថា ពីមួយឆ្នាំទៅមួយឆ្នាំ ករណីចាប់រំលោភសេពសន្ថវៈទៅលើកុមារី ដែលមានអាយុក្រោម១៨ឆ្នាំ បានកើតមានឡើងជាបន្តបន្ទាប់ មិនមានការថយចុះនោះទេ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២នេះ។

បញ្ហានេះធ្វើឲ្យមានការព្រួយបារម្ភណ៍ជាខ្លាំងទៅលើសិទ្ធិ របស់កុមារ។បើទោះបីជាមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីដែលជាប់ពាក់ព័ន្ធក៏ដោយ ក៏បញ្ហាចាប់រំលោភទៅលើកុមារីមានការកើនឡើងដដែល ហើយការផ្តន្ទាទោសលើជនល្មើសនៅមានកម្រិតនៅឡើយ។

លោកថា ជាក់ស្តែងនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១២នេះ ករណីរំលោភបានកើតមានឡើងចំនួន៨៥ករណី ដែលភាគច្រើនកើតមានចំពោះ កុមារីដែលមានអាយុចន្លោះពី ១២ឆ្នាំដល់១៤ឆ្នាំ បានទទួលរងនូវការចាប់រំលោភយ៉ាងច្រើនពីសំណាក់ជនខិលខូចមួយចំនួន ហើយចំពោះខេត្តដែលមានកុមារីទទួលរងគ្រោះដោយការចាប់រំលោភនេះច្រើនជាងគេ គឺនៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តកំពត។

លោកបន្តថា «កត្តាដែលនាំឲ្យមានការចាប់រំលោភ គឺបណ្តាលមកពីកត្តាជីវភាពមានភាពក្រីក្រ ឪពុកម្តាយ ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ទៅលើកូន ដោយបណ្តោយឲ្យពួកគេធ្វើការងារនៅទីកន្លែងស្ងាត់ដាច់ពីភ្នែកអ្នកដទៃ ការធ្វើចំណាកស្រុក ការឲ្យកុមារទៅធ្វើជាអ្នកបំរើតាមផ្ទះជាដើម»។

ទាក់ទងនឹងបញ្ហានេះ លោក សៅ សេនី បានធ្វើការអំពាវនាវយ៉ាងទទូច សុំឲ្យអាជ្ញាធរចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយពុំចាំបាច់មានការសម្រួលករណីរំលោភរវាងជនល្មើស និងជនរងគ្រោះនោះទេ ព្រោះវាជាករណីឧក្រិដ្ឋ ហើយការសម្រួលនេះធ្វើឲ្យជនល្មើសបានរួចផុតពីសំណាញ់ច្បាប់ ដោយគ្រាន់តែបង់ប្រាក់បន្តិចបន្តួចទៅជនរងគ្រោះជាការស្រេចនោះ។

ហើយជារើយៗ គេឃើញថា ករណីរំលោភត្រូវបានអាជ្ញាធរចេះតែសម្រួល ដោយឪពុកម្តាយជនរងគ្រោះ ពួកគាត់មានជីវភាពក្រីក្រ ដូច្នោះពួកគាត់ត្រូវការលុយ។ ហេតុនេះហើយមិនបានធ្វើការផ្តន្ទាទោសទៅលើជនល្មើសទៅតាមច្បាប់ បណ្តាលឲ្យករណីចាប់រំលោភនេះ ចេះតែកើតមានឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ២០១២នេះ តុកាលារបានធ្វើការកាត់ទោសទៅលើជនល្មើសដាក់ពន្ធនាគារបានច្រើនជាងឆ្នាំកន្លងទៅ៕

ដោយៈសេង ផល្លាភ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]