ក្រុង​ប៉ោយ​ប៉ែត​​​​​​​​​ ៖ នារី​​រូប​ស្រស់​​​​៣នាក់​​បាន​ក្លាយ​​ទៅ​ជា​អ្នក​ជាប់​​ចោទពី​បទសម​​គំនិត​ ​​លួច​រថយន្ត​​កាមរី​​ស៊េរី​​ឆ្នាំ​​២០០៨​​មួយ​គ្រឿង​​​​​​ ខណៈ​ពេល​​​​ចាញ់​បោក​​​ពួក​​​ប្រុស​​​ព្រាន​​​​ដែលមាន​បំណង​​​​​នាំ​ពួ​​ក​​ នា​ង​ចូល​ផ្ទះសំណាក់​​​ តែ​ចៃ​ដន្យ​​​​រថយន្ត​​​បើក​បុក​​របាំង​ស្ពាន​​​​បណ្តាល​​​​ឱ្យ​​​​​ខូច​​​ ទាំង​រថយន្ត​​​​និង​រង​របួស​​​​​ ហើយ​ត្រូវ​បាន​​​មន្ទីរ​​សាធារណ​ការ​​​​​ខេត្ត​​​​​ចាប់​រថយន្ត​​​ទុក​ប្តឹង ​​​ឱ្យ​សង​​ថ្លៃ​​​ខូច​​ខាត​​​បង្កាន់​ដៃ​​ស្ពាន​​​ ។

ស្ត្រី​​​ទាំង​​៣នាក់​នេះ​រួម​មាន​​​ ១- ឈ្មោះ​​ណុប ស្រី​ល័ក្ខណ៍​​​ អាយុ​​​២៥ឆ្នាំ​​​ ជាជាង​អ៊ុត​សក់​​ ២- ឈ្មោះ​​គឹម សួរ អាយុ​​​១៧ឆ្នាំ ​និង​​៣- ឈ្មោះ​យ៉ា ម៉ាគា អាយុ​​២១​ឆ្នាំ​​ ​​២នាក់​ក្រោយ​នេះ​​​​ជា​​បុគ្គលិក​​​កា​ស៊ី​ណូ​​​ហ្គោល​ឌិន​​ក្រោ​ន​​​ រស់​នៅ​​ក្នុង​​ភូម​ិ​ក្បាល​ស្ពាន​​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​​ ។ ពួក​នាង​បាន​រៀប​រាប់​ថា​ កាល​ពី​​ថ្ងៃ​ទី​​២១ ឧសភា ​​ពួក​នាង​​​បាន​ទៅ​ចូល​រួម​​​ក្នុងកម្ម​​វិធី​​ខួប​កំណើត​​​​របស់​មិត្ត​ ភក្តិ​​​នៅក្នុង​ក្លឹប​ឌី​ស្កូ​​​ថេក​ដោន លុះ​ដល់​វេលា​ម៉ោង​​​​ជិត​​២​រំលង​​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​​​២២ ឧសភា ​​ពួក​នាង​​​បាន​ចេញ​ពី​​កម្មវិធី​​ហើយ​​​ជួប​នឹង​​ឈ្មោះ​ដា ព្រម​​ទាំង​គូកន​​​របស់​គេ​​​​​២​នាក់​ទៀត​​​នៅក្នុង​រថយន្ត​​​ស្រែក​ហៅ​​ ពួក​នាង​​ព្រម​ទាំង​​ធានា​ថា ជូន​​ទៅ​ផ្ទះ​ព្រោះ​​​យប់​ជ្រៅ​​​ណាស់​ហើយ ។

នារី​ទាំង​នេះ​​បាន​រៀប​រាប់​​ទៀត​ថា ​ដោយ​​សារ​យល់​​​​ថា ជា​អ្នក​​​ភូមិ​​ជាមួយ​គ្នា​​និង​​មាន​ផ្ទះ​​​នៅជិត​​គ្នា​​​ ពួក​នាង​ក៏ព្រម​​​ឡើង​​ជិះ​ទៅ​​​ជាមួយ​​​ពួក​គេ​​​ ស្រាប់​តែ​ធ្វើ​ដំណើរ​​​បាន​​ពាក់​កណ្តាល​​​ផ្លូវ​​​ឈ្មោះ​​​ដា បែរ​​​ជាបើក​រថយន្ត​​ពង្វាង​​​​ផ្លូវ​​​ដោយ​​បង្ហួស​​​​ទៅ​ទី​រួម​ខេត្ត​​​ បន្ទាយ​មាន​ជ័យ​​ ក្នុង​ល្បឿន​​​យ៉ាង​លឿន​មិន​ព្រម​​​​ឈប់​​សោះ​ក្នុង​​បំណង​​​​អាក្រក់​​​ ទោះ​​បីជា​​​​​ពួកនាង​​ខំ​ស្រែក​​​យ៉ាង​ណា​​​ក៏ដោយ​​​​ក៏គេ​មិ​ន​ឈប់​​​​ដែរ ​ ។ លុះ​​​​ដល់​ចំណុច​​ផ្លូវ​កោង​​ស្ពាន​ទឹក​ថ្លា​​ រថយន្ត​ក៏​ជ្រុល​​ចង្កូត​ទៅ​​បុក​បង្កាន់​ដៃ​​ស្ពាន​​​​ក្រឡាប់​​​ខូច​ខាត​​ ​យ៉ាង​ដំណំ​​​ ក្នុង​នោះ​​​នារី​ឈ្មោះ​​​ស្រី​ល័ក្ខណ៍​​ ក៏រង​របួស​ដែរ​​​ ។

ក្រោយ​ពី​កើត​ហេតុ​​​​​ ក្រុម​​ជន​ទាំង​នេះ​​បាន​​ហៅ​រថយន្ត​​​សន្ទូច​​មក​ស្ទូច​​យក​​​រថយន្ត​​​​ ទាំង​យប់​​​ ព្រម​ទាំង​​​ដឹក​ជន​រង​គ្រោះ​​​​​​ទៅ​សង្គ្រោះ​​​បន្ទាន់​នៅក្រុង​​ប៉ោយ​ ប៉ែត​​​​ ចំណែកម្ចាស់​​​​រថយន្ត​​ត្រូវ​បាន​​មន្ទីរ​​សាធារណ​ការ​និង​ដឹក​​ជញ្ជូន​ ខេត្ត​​​ចាប​់​​ឱ្យ​សង​​ថ្លៃ​ខូច​ខាត​​​បង្កាន់​ដៃ​​​ស្ពាន​ទៀត​ផង ។ ​​នៅ​ព្រឹក​ថ្ងៃ​​ទី២៨ ខែឧសភា ​​ស្ត្រី​ទាំង​​៣​នាក់​​​​ត្រូវ​បាន​សមត្ថ​កិច្ច​​​ក្រុង​ប៉ោយ​ប៉ែត​​​កោះ​ ហៅ​ឱ្យ​ចូល​​​ខ្លួន​​​​ទៅ​បំភ្លឺ​​​ក្នុងករណី​​​ជាប់​ចោទ​​ពី​បទ​សម​​គំនិត​ ​​លួច​រថយន្ត​​ម៉ាក​​កាមរី​​ ស៊េរី​ឆ្នាំ​​២០០៨ ​ពណ៌​ខ្មៅ​​១​គ្រឿង​​​យក​ទៅ​លក់​ ​ដោយ​អ្នក​​ប្តឹង​ឈ្មោះ​​​វុធ​ ត្រូវ​​​ជា​បង​​ប្រុស​​បង្កើត​​របស់​ជនឈ្មោះ​​ដា ។

ជុំវិញ​បញ្ហា​​​ខាងលើ​នេះ​ លោក​អ៊ុំ​​ សុផល​ អធិ​ការ​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​​​ប្រាប់​​ថា លោក​គ្រាន់តែ​កោះ​ហៅ​​ស្ត្រី​ទាំង​​៣​​នាក់​​មក​ធ្វើ​ការ​សាក​សួរ​ប៉ុណ្ណោះ​ ​​ ដោយ​​​យោង​​តាម​ពាក្យ​​បណ្តឹង​​ដែលគេ​បាន​​ប្តឹង​​ ។ លោក​​បន្តថា បើ​សាក​សួរ​ហើយ​​មិន​មាន​​​​ការ​ពាក់​ព័ន្ធទេ​​ លោក​នឹង​​​ឱ្យ​​ពួក​​នាង​ត្រឡប់​​ទៅ​វិញ​​​ដោយ​រង់ចាំ​​​ដោះ​ស្រាយ​​នៅពេល​ ក្រោយ​​ទៀត​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]