ភ្នំពេញៈ អស់រយៈពេលជាង១ខែហើយ ដែលតារាកំប្លែងស្រីសម្បូរ វោហារស័ព្ទមិនចេះរីងស្ងួត អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវឃ្លាត ឆ្ងាយពីការងារសិល្បៈ ព្រោះជាប់ភារកិច្ចសម្រាលកូន ។ បន្ទាប់ពីសម្រាលកូនរួច មិនទាន់រឹងដៃរឹងជើង ស្រួលបួលផង ក៏ ស្រាប់តែតារារូបនេះ បានប្រញាប់ប្រញាល់ វិលរកសិល្បៈវិញភ្លាមៗ ព្រោះតែខ្លាចបាត់ ឱកាសប្រមូលប្រាក់ ។

តាមការជួប សំណេះសំណាល ជាមួយស្វាមី របស់អ្នកនាង កាតុ កាលពីពេលថ្មីៗកន្លងទៅនេះ លោកបានប្រាប់ Looking TODAY ឲ្យដឹងថា ក្រោយ ពីសម្រាលកូនរួចរាល់ ភរិយារបស់លោក មានសុខភាពល្អទាំងម្តាយ និងកូន គ្មានអ្វីជាបញ្ហាចោទនោះទេ ។ សម្រាប់ការផ្អាកការងារសិល្បៈ គឺផ្អាក មិនយូរទេ ព្រោះភរិយារបស់លោក មានការងារច្រើន ឈប់យូរមិនកើតទេ ។

លោក ខ្យង បានប្រាប់ទៀតថា “ ក្រោយពីសម្រាលកូនរួច ភរិយារបស់ខ្ញុំ គាត់មិនឈប់ពីសិល្បៈយូរទេ គឺគាត់ ចំណាយពេលតែ១ខែ ដើម្បីមើល ថែខ្លួន ឲ្យរឹងដៃរឹងជើងបន្តិច គាត់នឹងត្រឡប់ទៅធ្វើការជាធម្មតាវិញ ព្រោះការងារ របស់គាត់មានការរវល់ច្រើន បើឈប់ច្រើនជាងនេះ មិនកើតទេ។ ជាក់ស្តែងនៅក្នុងពេលឆាប់ៗនេះ ទស្សនិកជនអាច និងចាប់ផ្តើមឃើញវត្តមានភរិយាខ្ញុំ នៅលើកញ្ចក់ទូរទស្សន៍វិញ ផងក៏ដឹង ” ។

ដោយឡែក បើតាមប្រភពពីអ្នក បម្រើការងារ នៅស្ថានីយទូរទស្សន៍ MYTV ក៏បានបង្ហើបឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ អ្នកនាង កាតុ នឹងត្រឡប់ មកកាន់កម្មវិធីដូចដើមវិញ ។ បន្ទាប់ពីអ្នកនាង បានសម្រាកអស់រយៈពេលជាង១ខែមក ព្រោះថាគេបានឃើញនាង បង្ហាញវត្តមានមកថត កម្មវិធីសម្រាប់សប្តាហ៍នេះ វិញហើយ ។ ពេលឃើញ អ្នកនាង កាតុ បង្ហាញវត្តមានឆាប់ពេក បែបនេះ ត្រូវបានគេសម្ដែងក្ដីព្រួយបារម្ភ លើសុខ ភាពរបស់នាង ព្រោះរយៈពេល១ខែ សម្រាប់អ្នកសម្រាលកូន គឺនៅជាមនុស្សសរសៃខ្ចី នៅឡើយ ពោលពាក្យចាស់តែលើកឡើងថា "ម្ដាយមិនទាន់រឹងដៃរឹងជើង" ។

ធម្មតាទេ ការងារសិល្បៈដែលកំពុងមមាញឹកដូចជា តារាកំប្លែង កាតុ នេះ ពិតជាគួរឲ្យសោកស្ដាយ ឱកាសមាសឱកាសប្រាក់នេះណាស់ ប៉ុន្តែអ្វី ដែលសំខាន់ជាងនេះទៅទៀត គឺសុខភាព ព្រោះនាងទើបតែសម្រាលកូនថ្មីៗ ជួនកាលពេលប្រឹងប្រែង ការងារ ខ្លាំងពេក អាចទៅជា ទាស់សរសៃ ក៏ថាបាន និងធ្វើឲ្យបាត់ស្រុតកាយសម្បទារ ខាតទាំងការងារ ឈឺទាំងខ្លួនប្រាណទៀតផង ។

គួរំឭកផងដែរថា អ្នកនាង សុខ ចាន់ធីតា ហៅកាតុ បានឈឺពោះឆ្លងទន្លេ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ នៅសម្ពពចិត្រា ស្ថិតនៅ តាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្បែរផ្សារដើមគ ។ សមាជិកក្នុងគ្រួសារថ្មី របស់នាងនោះ មានឈ្មោះថា គង សុណានជីញ ហៅអាជីញ ដែលឈ្មោះ នេះ នាងនិងស្វាមីបានត្រៀមសម្រាប់ ស្វាគមន៍កូនស្រី ជាយូរមកហើយ ៕







 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ