គ្រប់ប្រទេសនៅ ជុំវិញពិភពលោក តែងតែផ្តោតសំខាន់ ទៅលើយុវវ័យ ព្រោះថាពួកគេជា សសរទ្រូងនៃប្រទេសជាតិ មិនថាទាំងការសិក្សា ចំណង់ចំណូលចិត្ត ឬក៏បញ្ហាផ្សេងៗ របស់ពួកគេនោះទេ។

តួយ៉ាងដូចជាប្រទេស កម្ពុជាផងដែរ នារយៈពេលចុងក្រោយ នេះយើងអាចមើលឃើញថា ការយល់ដឹងព្រមទាំង ចំណូលចិត្តរបស់យុវវ័យ ក្នុងប្រទេសយើង ហាក់ដូចជាមាន ការរីកចម្រើនយ៉ាងរហ័ស ខុសប្លែកពី កាលពីរយៈពេលមុនៗ។

ដោយយើងសង្កេតឃើញថា ពួកគេជាច្រើនបាន ងាកមកចាប់អារម្មណ៍ លើវិស័យកីឡាជាច្រើន ទាំងបាល់ទះ, បាល់ទាត់, និងផ្សេងៗទៀត ដែលនេះជាសញ្ញាណដ៏ល្អ មួយសម្រាប់ប្រទេសកម្ពុជាយើង ក្នុងការអភិវឌ្ឍន៍ទៅលើ វិស័យកីឡា ជាពិសេសកីឡា បាល់ទាត់តែម្តង។

ហេតុនេះហើយបាន ជាក្រុមការងារខ្មែរឡូត បានចុះទៅស្រាវជ្រាវផ្ទាល់ ដើម្បីស្វែងយល់ថា តើយុវវ័យរបស់ប្រទេស កម្ពុជានាសម័យនេះ មានអារម្មណ៍យល់ ឃើញយ៉ាងណាចំពោះ កីឡាមួយនេះ ទើបធ្វើអោយពួកគេ សុខចិត្តចំណាយពេល ក៏ដូចជាកម្លាំងជាច្រើន ទៅលើកីឡាប្រភេទនេះ។

នៅពេលដែលក្រុមការងារ របស់យើងទៅដល់ទីកន្លែងមួយ ដែលហៅថាតារាងបាល់ទាត់ 3G ដែលនៅក្បែរកោះពេជ្រ យើងក៏បានឃើញ យុវជនពីរក្រុមកំពុង តែលេងបាល់ទាត់ ជាមួយគ្នាប្រកបដោយភាពតស៊ូ និងស្វិតស្វាញយ៉ាងខ្លាំង ក្នុងរយៈពេលប្រហែល ជាជិត២ម៉ោង។

ស្តាប់សម្តីរបស់ យុវជនពីការយល់ឃើញ របស់ពួកគេទៅលើ កីឡាបាល់ទាត់៖

ក្រោយពីការប្រកួត របស់ពួកគេបានបញ្ចប់ ពួកយើងក៏បានធ្វើការ សាកសួរជាមួយពួកគេ ផងដែរក្នុងនោះ យុវជនម្នាក់ដែល ជាកីឡាករនៅក្នុង ការប្រកួតនោះ មានឈ្មោះថា លីម៉េង បាននិយាយ ប្រាប់ថា “ខ្ញុំយល់ឃើញថា កីឡាបាល់ទាត់នេះ គឺពេញនិយមទូទាំងពិភពលោក ហើយវាក៏មានផលប្រយោជន៍ សម្រាប់សុខភាពរបស់យើង ច្រើនផងដែរ ជាជាងយកពេលទៅ ចំណាយលើរឿង ឥតប្រយោជន៍ដូចជា ពាក់ព័ន្ធទៅនឹង គ្រឿងញៀនជាដើម។ ខ្ញុំចូលចិត្តមកលេងបាល់ នៅទីនេះរាល់ពេលទំនេរ របស់ខ្ញុំក៏ដូចជាមិត្តខ្ញុំផងដែរ។”

មិនខុសគ្នានេះដែរ យុវជនម្នាក់ទៀត ដែលមានឈ្មោះថា ណារុន ក៏បានបញ្ជាក់ផងដែរថា “ការពិតណាស់ខ្ញុំយល់ ឃើញថាបាល់ទាត់ មានប្រយោជន៍ចំពោះ យើងច្រើនណាស់ ហេតុនេះហើយបានជាខ្ញុំ ប្រមូលមិត្តភក្តិណា ដែលស្រឡាញ់កីឡា មួយនេះមក ចូលរួមជាមួយគ្នា ដើម្បីបង្កើតជាក្រុមមួយ សម្រាប់លេងរាល់ពេល ទំនេររបស់យើង។ ពួកយើងពិតជា រីករាយណាស់នៅពេល ដែលបានលេងបាល់ ជាមួយគ្នា។”

កីឡាបាល់ទាត់ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយផ្តល់ ភាពរីករាយក៏ដូចជា សុខភាពល្អដល់ មនុស្សដូច្នេះហើយ បានជាយុវជន ងាកមកចាប់អារម្មណ៍ លើកីឡាមួយនេះយ៉ាងខ្លាំង៕









ដោយ៖ Xeno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]