កាលពីថ្មីៗនេះ ខែ្មរឡូតក៏បានផ្សាយ ពីព័ត៌មានអំពីការលិចនាវា ដឹកអ្នកដំណើរ របស់កូរ៉េខាងត្បូងមួយ ដែលមានមនុស្ស ជាង២០០នាក់ បានបាត់ខ្លួន នោះ ។ រហូតមកដល់ពេលនេះ ក៏សកម្មភាពរុករក នៅតែបន្ត ហើយដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង ៦០នាក់ និង បាត់ខ្លួនជាច្រើននាក់។ យើងបានដឹងថានាវាដឹកអ្នកដំណើរមួយនេះ មានគោលដៅ ធ្វើដំណើរចេញពីទីក្រុងសេអ៊ូល មកកាន់កោះJeju  ។ តើហេតុអ្វីជាមានមនុស្សច្រើនម៉េ្លះ ជិះលើនាវា ទៅកាន់កោះនោះ ? តើលើកោះនោះនៅឯណា និង មានអ្វីខ្លះ?

ដូច្នេះខែ្មរឡូតនឹងនាំ ប្រិយមិត្តមកសែ្វងយល់អំពី កោះជីជូ( Jeju island) ដូចខាងក្រោមនេះ៖ 

កោះ Jeju ស្ថិតនៅចំងាយ៦៤ គ.ម ភាគខាងត្បូងនៃឧបទ្វីបកូរ៉េ និងមានចំងាយ ៤៣៤ គ.ម ភាគខាងត្បួងនៃទីក្រុងសេអ៊ូល ហើយកោះនេះ ជាកោះដែលធំជាងគេ និង កោះទេសចរណ៏ដ៏ល្បីល្បាញ ជាងគេក្នុងប្រទេសកូរ៉េខាងត្បូង  និង ជាខេត្តមួយ ក្នុងចំណោម ខេត្តទាំង៩ នៃប្រទេសកូរ៉េខាងត្បូង ផងដែរ។ កោះនេះមានទំហំ ១៨៤៨គីឡូម៉ែត្រការេ និង មានប្រជាជនរស់នៅ 60 ម៉ឺននាក់ ។ 

កោះ Jeju មានទីក្រុងមួយឈ្មោះ ទីក្រុង Jeju ហើយនិងមានព្រលានយន្តហោះអន្តរជាតិមួយផងដែរ ដែលមានជើងហោះហើរ ពីទីក្រុងសេអ៊ូល មកកាន់ កោះនេះ ដោយត្រូវចំនាយពេល តែជាងមួយម៉ោងប៉ុណ្ណោះ ។

អ្វីដែលពិសេសអំពីកោះ JeJu នោះគឺ កោះនេះជាតំបន់អច្ឆរិយៈនៃធម្មជាតិ ដែលមានទឹកជ្រោះ ឆ្នេរខ្សាច់សស្អាតដាច់គេ ជម្រកត្រី ផ្សោតសមុទ្រនិងអាហារសមុទ្រ សារាយសមុទ្រគ្រប់ប្រភេទ និង មានទេសភាពភ្នំ ស្រស់ស្អាត ស្អាងភ្នំភ្លើង មានកនែ្លងកំសាន្តបែ្លកៗ ព្រមជាមួយភ្នំភ្លើងចាស់ៗ ដែលខ្ពស់ជាងគេ នៅចំកណ្តាលកោះ ផងដែរ។ កាលពីឆ្នាំ២០០៧ កោះ JeJu ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរូបី អន្តរជាតិ ជាកោះដែលភ្នំភ្លើង និងរូងថ្ម កំអែភ្នំភ្លើង ដ៏ស្រស់ស្អាត ហើយ ថ្មនៅទីនោះ ក៏មានពណ៌ប្លែកៗ លេចពីជញ្ជំងថ្ម និងដំបូល ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៣ កោះនេះ ទទួលបានអ្នកទេសចរ ប្រមាណ ១០លាននាក់ ដែល ៧០% ជាភ្ញៀវជនជាតិកូរ៉េ ហើយ ក្នុងខែ មេសា និង ឧសភា ជារដូវកាលដែលសំបូរសិស្សសាលា ក្នុងប្រទេសកូរ៉េ ទៅទស្សនកិច្ចសិក្សា ច្រើនជាងគេដែរ ដែលក្នុងមួយនាវា ដឹកសិស្សសាលាលើសពី ៣០០នាក់ សំរាប់ដំណើរកំសាន្ត ៤ថ្ងៃ៕

ទេសភាពក្នុងកោះ Jeju 

ប្រភព៖ CNN

កែសម្រួលដោយ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]