ភ្នំពេញៈ លោក សន សុវណ្ណារ៉ា ជាគ្រូបង្ហាត់វ័យក្មេង ផ្នែកសិល្បៈ មានទាំងសម័យ និងបុរាណ ដែលមិនសូវ បង្ហាញមុខឲ្យ ទស្សនិកជនឃើញជា សាធារណៈនោះ ថ្មីៗនេះលោក កំពុងតែត្រៀមខ្លួន ដឹកនាំក្រុមសម្តែង ដ៏ធំមួយដើម្បីទៅ បង្ហាញសមត្ថភាពសិល្បៈខ្មែរ នៅឯប្រទេស វៀតណាម ។ សន សុវណ្ណារ៉ា ក្រៅពីមានអាជីព ជាគ្រូបង្ហាត់សិល្បៈ អស់រយៈពេលជាង៣ឆ្នាំ មកហើយនោះ លោកក៏ជាអ្នកសម្តែង សិល្បៈផ្នែកបុរាណ ផ្នែកបង្ហាញ ម៉ូដ និងជាពិធីករវិទ្យុ ដ៏មានប្រជាប្រិយភាព ម្នាក់ទៀតផង ។

ពីមួយថ្ងៃទៅមួយថ្ងៃ សន សុណ្ណារ៉ា មិនសូវមានពេលសម្រាកបានគ្រប់គ្រាន់នោះទេ ពោលគឺ ដោយសារតែ លោកត្រូវ ទទួលបង្ហាត់ សិស្សក្នុង មួយថ្ងៃ ៗ មិនតិចជាង២០នាក់ បង្ហាត់ទាំងការដើរម៉ូដ ការសម្តែង ការរាំរបាំបុរាណ ដែលសរុបមកដល់ ពេលនេះ មានប្អូនៗ ជាពន្លកសិល្បករ និងសិល្បការិនី ប្រមាណជាង៣០០នាក់ មកហើយ ដែលបានទទួល ការបណ្តុះបណ្តាលពី លោកផ្ទាល់ តាំងពីឆ្នាំ២០០៨ ។

ជាការពិត ថ្វីបើ សន សុណ្ណារ៉ា មានជំនាញខាងសិល្បៈ និងបានបញ្ចប់កាសិក្សា ពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងបច្ចុប្បន្ន ជាគ្រូផ្នែករបាំ បុរាណ នៅមធ្យមសិក្សាភូមិន្ទវិចិត្រសិល្បៈ យ៉ាងណាក្តី ក៏កេរ្តិ៍ឈ្មោះក្នុង ពិភពសិល្បៈរបស់ សន សុណ្ណារ៉ា ហាក់ពុំសូវមានមហាជន បានស្គាល់ជា ទូទៅនោះទេ ដោយសារតែលោក មិនសូវបង្ហាញមុខ ញឹកញាប់ លុះត្រាតែមានកម្មវិធី ថ្នាក់ជាតិធំៗ បុណ្យជាតិមួយចំនួន ដែលគេអញ្ជើញលោក និង ក្រុមរាំមកសម្តែង ទើបមានឱកាសបង្ហាញមុខ ។

ក្រៅពីដឹកនាំក្រុមសម្តែងនៅក្នុងប្រទេស សម្រាប់រូបលោកផ្ទាល់ ក៏ធ្លាប់ចេញទៅសម្តែង នៅឯប្រទេសថៃ សាំងហ្គាពួរ និងចិនផងដែរ កាលពីអំឡុង ឆ្នាំ២០០៩ តាមរយៈសមាគម សិល្បករខ្មែរ ។ ថ្មីៗនេះលោក សន សុណ្ណារ៉ា នឹងត្រៀមដឹកនាំ ក្រុមសម្តែងដែលមានសមាជិក ប្រុស១០នាក់ ស្រី១០ នាក់ គ្រោងទៅសម្តែងសូរ បញ្ជាក់ពីសិល្បៈ វប្បធម៌របស់ខ្មែរ នៅក្នុងទឹកដីនៃប្រទេស វៀតណាម ក្នុងអំឡុងដើម ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ។

ថ្លែងប្រាប់មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល គ្រូបង្ហាត់សិល្បៈវ័យក្មេង ដែលមិនគួរឲ្យជឿ លោក សន សុណ្ណារ៉ា បាននិយាយថា "រឿងដឹកនាំ ក្រុមសិល្បៈ ទៅសម្តែងនៅ វៀតណាមហ្នឹង.... ខ្ញុំពិតជាមានគម្រោង មែនតាមរយៈការ អញ្ជើញពីថ្នាក់ដឹកនាំ ពាក់ព័ន្ធនឹងសិល្បៈ មួយចំនួនក្នុងប្រទេស កម្ពុជា ដើម្បីបង្ហាញឲ្យឃើញ ពីវប្បធម៌ អរិយធម៌ និងសិល្បៈរបាំបុរាណខ្មែរ មួយចំនួន នៅលើឆាកអន្តរជាតិ ។ ខ្ញុំទៅហ្នឹង....ប្រហែលជាមាន រយៈពេល២ថ្ងៃ ដើម្បីដឹកនាំ ក្រុមសម្តែង និងជាការបង្ហាញដល់ ទស្សនិកជនចូលរួមកម្មវិធី នៅទីនោះ បានឃើញ និងទស្សនា សិល្បៈខ្មែរ” ។

ទោះបីជាយ៉ាងណាក៏ដោយលោក សន សុណ្ណារ៉ា បានបង្ហាញអារម្មណ៍ផុសចេញពី ក្រអៅបេះដូង របស់លោកថា លោកមាន មហិច្ឆតា ចង់ថែរក្សា តម្លៃ សិល្បៈ វប្បធម៌ខ្មែរ ក្នុងនាមលោកជាកូនខែ្មរ និងបានទទួល ការបណ្តុះបណ្តាលយ៉ាង ត្រឹមត្រូវពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ហើយ លោកក៏សូម អំពាវនាវដល់យុវវ័យ ជំនាន់ក្រោយ មេត្តាចូលរួមលើកស្ទួយ សិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ពីព្រោះនេះជា អត្តសញ្ញាណជាតិមួយ ដែល មិនអាច កាត់ថ្លៃបាន នៅពេលយើងឆ្ពោះទៅកាន់ ឆាកអន្តរជាតិ ៕

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]