KARAVLASI: នារីជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានប៉ូលីសជនជាតិបូស្នី ដោះលែងបន្ទាប់នាងត្រូវបាន ប្តីប្រពន្ធមួយគូ បានបង្ខាំងទុកដោយខុសច្បាប់ អស់រយៈពេលជាងប្រាំបីឆ្នាំ ដោយនាងត្រូវបានបង្ខំឲ្យបរិ ភោគបាយជ្រូក និងធ្វើការយ៉ាងទារុណ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងដោយយោងតាមសាក្សី ដែលជាអ្នកជិតខាងរបស់ជនល្មើសថា នារីរូបនេះ ត្រូវបានប្តីប្រពន្ធអគតិវាយធ្វើបាបដូចសត្វធាតុអីចឹង។

ប្តីប្រពន្ធទាំងពីរនាក់មានឈ្មោះថា Milenko និង Slavojka Marinkovic ត្រូវបានចាប់ខ្លួនក្នុងលំនៅដ្ឋាន របស់ខ្លួន បន្ទាប់ពីប៉ូលីសទទួលបានដំណឹងនេះ។ អ្នកនាំពាក្យមា្នក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន FTV ថា ជនរងគ្រោះបច្ចុប្បន្នមានអាយុ ១៩ឆ្នាំ ត្រូវបានគេចាក់សោរបង្ខាំងទុកដោយមិនអនុញ្ញាតឲ្យ មានទំនាក់ទំនងជាមួយមនុស្សខាងក្រៅឡើយ ហើយនាងត្រូវរងការវាយប្រហារ និងធ្វើទារុណកម្មគ្មាន ត្រាប្រណី។

យោងតាមការលើកឡើងរបស់អ្នកជិតខាងម្នាក់បានបង្ហាញថា ដំបូងឡើយលោកឃើញនាង រួមជាមួយ ម្តាយ និងបងប្អូនស្រីពីរនាក់ បានធ្វើដំណើរមកដល់ភូមិ ដែលលោករស់នៅ ប៉ុន្តែលោកពុំបានចាប់អារម្មណ៍អ្វីនោះទេ។ មួយឆ្នាំក្រោយមក សាក្សីបានឃើញជនរងគ្រោះញ៉ាំចំណីជ្រូក មិនតែប៉ុណ្ណោះ នាងត្រូវបានបង្ខំឲ្យអូសរទេះសេះ ខណៈដែលប្តីប្រពន្ធទាំងពីរកំពុងជិះ។

សាក្សីរូបនេះបានបន្តថា ជនរងគ្រោះប្រហែលជាអាចនឹងរងគ្រោះដោយសារការបង្ខំរំលោភពីសំណាក់មិត្តភក្តិរបស់ជនសង្ស័យ ដែលតែងតែមកលេងនៅទីនោះជាញឹកញាប់ ព្រោះលោកបានឮសំឡេងជនរង គ្រោះស្រែកយំជាខ្លាំង ក្នុងសភាពភ័យខ្លាច។

ដោយឡែកការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយបងប្អូនរបស់ជនសង្ស័យ ហើយលើកឡើងថា គ្រប់ការចោទប្រកាន់ទាំងអស់ជាការប្រឌិតឡើងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាបច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់កន្លែងមានសុវត្ថិភាព និងទទួលការព្យាបាល ហើយករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរកការពិត៕

ប្រែសម្រួលៈ អ៊ឹត ចណ្ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]