រាជធានីភ្នំពេញ ៖ តារាចម្រៀង២ដួង ដែលសុទ្ធសឹងមានទេពកោសល្យ គឺរ៉ូលីន និងឡូរ៉ា ម៉ម បានធ្វើឲ្យកុមារកំព្រា កុមារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ និងរស់នៅទីលានគំនរសំរាម ជាង១ពាន់នាក់ បានទទួលភាពសប្បាយរីករាយ ពេញអគារ Beeline Arena ជ្រោយចង្វា កាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៤។

តារាចម្រៀងទាំងពីរ ត្រូវបានគេអញ្ជើញមកចូលរួម ច្រៀង និងសម្តែង ក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា ក្តីស្រមៃ ដែលបានរៀបចំឡើង ដោយក្រុមហ៊ុន Blue Media សហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងដៃគូឧបត្ថម្ភមួយចំនួនទៀត ដើម្បីផ្តល់ឱកាស ឲ្យកុមារទាំងនោះសប្បាយរីករាយ នៅមុនបុណ្យចូលឆ្នាំ ខ្មែរឈានចូលមកដល់។ ក្រៅពីការបង្ហាញនូវការច្រៀង និងសម្តែង ពីតារាចម្រៀងទាំងពីរដួងខាងលើនេះ ក្នុងពិធីក៏មានការបង្ហាញ នូវរបាំត្រុដ្ឋ របាំនាងទេពមច្ឆា ការបង្ហាញក្បាច់រាំអន្តរជាតិ និងការសម្តែងជាច្រើនទៀត ហើយក៏មានការចែកជូន នូវភេសជ្ជៈ និងអាហារដោយឥតគិតថ្លៃ សម្រាប់កុមារទាំងនោះផងដែរ។

រ៉ូ លីន និងឡូរ៉ា ម៉ម បានសម្តែងនូវទឹកចិត្ត សប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលខ្លួនបានមាន ឱកាសចូលរួមច្រៀង និងសម្តែង ឲ្យកុមារទាំងនេះ បានសប្បាយរីករាយ ហើយតារាទាំងពីរ ក៏បានធ្វើការផ្តាំផ្ញើរ ដល់កុមារទាំងអស់ ដែលបានចូលរួមនាពេលនេះ ឲ្យមានក្តីសង្ឃឹមក្នុងជីវិត និងខិតខំរៀនសូត្រ ក្លាយខ្លួនជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងទិសដៅតែមួយគត់ គឺសម្រាប់អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងផ្តល់ការសប្បាយរីករាយ ដល់កុមារកំព្រា ក្រីក្រ ផ្ទុកមេរោគអេដស៍ និងកុមារ ដែលរស់នៅទីលានគំនរសម្រាម ឲ្យពួកគេបានមកជួបជុំគ្នា លេងល្បែងកំសាន្ត មើលការសម្តែង ទទួលទានអាហារ ដូចដែលពួកគេ បានគិតស្រមៃកន្លងមក និងជាការចែករំលែក បទពិសោធន៍ក្នុងការរស់នៅ យោគយល់អធ្យាស្រ័យ ជួយគ្នាទៅវិញទៅមក ក្នុងនាមជាកូនខ្មែរ រស់ក្នុងពិភពលោកតែមួយ ប្រកបដោយសន្តិភាពជាមួយគ្នា។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម