បាត់ដំបងៈ កម្លាំងអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនស្រ្តីមា្នក់ តាមពាក្យបណ្តឹងជនរងគ្រោះ បញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីស្រ្តីរូបនេះ បានឆបោកលុយជនរងគ្រោះ តាំងពីអំឡុងខែមេសា ឆ្នាំ២០១១ ជាបន្តបន្ទាប់ អស់ចំនួន១១.៣៥០ដុល្លារ។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃអាវុធហត្ថខេត្តបានឲ្យដឹងថា អ្នកស្រី សឿន ម៉ារី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ត្រូវបានលោក ប៉ែន គឹមសាន អាយុ៦២ឆ្នាំ ជាអាណិកជនខ្មែរនៅប្រទេសបារាំង បច្ចុប្បន្ន ស្នាក់បណ្តោះអាសន្ននៅភូមិក្រពើហារ សង្កាត់-ក្រុង តាខ្មៅ ខេត្តកណ្តាល ប្តឹងពីបទឆបោក។

លោកអនុសេនីយ៍ឯក ឡាច ប្រុស បានបន្តថា យោងតាមពាក្យបណ្តឹងរបស់ជនរង គ្រោះ បានរៀបរាប់ថា កាលពីចុងខែមីនា ឆ្នាំ២០១១ ជនរងគ្រោះបានមកពីប្រទេស បារាំង មកលេងស្រុកខ្មែរ និងមានគោលបំណងដើរ ទិញដីចម្ការ ដើម្បីដាំដំឡូងមី។

ក្រោយមកក៏បានជួបស្ត្រីជាជនសង្ស័យ ដែលស្គាល់គ្នាអស់រយៈពេលជាយូរមកហើយ នោះ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ គាត់បានត្រឡប់ទៅ ប្រទេសបារាំងវិញ។ ក្រោយមកគាត់បានទូរស័ព្ទមកជនសង្ស័យ ដើម្បីសួរបញ្ជាក់រឿងទិញដី ពេលនោះជន សង្ស័យ បានអះអាងថា មានដីមួយកន្លែងនៅម្តុំភូមិជីនា លើឃុំស្តៅ ស្រុករតនមណ្ឌល គេលក់ក្នុងតម្លៃ ១.២០០ដុល្លារ។ នៅពេលនោះគាត់ក៏បានផ្ញើលុយ ឲ្យជនសង្ស័យចំនួន ៨៤០អឺរ៉ូ ដើម្បីទិញដីនេះ។

ក្រោយមកជនសង្ស័យ បានលួងលោមជនរងគ្រោះ ឲ្យផ្ញើលុយមកជាបន្តបន្ទាប់ ពេលផ្ញើមកម្តងៗ ចំនួនចាប់ពី២០០ដុល្លារ ដល់ជាង១.០០០ដុល្លារ សរុបទាំងអស់ ចំនួន ១១.៣៥០ដុល្លារ។ លុះដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ទើបជនរងគ្រោះ ស៊ើប ដឹងថា ជនសង្ស័យមិនបានទិញដីឲ្យខ្លួន ធ្វើចម្ការទេ គឺមានបំណងឆបោកខ្លួន ទាំងស្រុង។ ដោយសារតែជនសង្ស័យ គ្មានលុយសងវិញ នោះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅការិយាល័យជំនាញអាវុធហត្ថខេត្ត ជួយអន្តរាគមន៍។ ក្រោយពីបានទទួលពាក្យ បណ្តឹងហើយកម្លាំង អាវុធហត្ថខេត្ត ចុះ ឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ នាំយកមកការិយាល័យធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងឆបោក លុយពីជនរងគ្រោះ តាំងពីបានស្គាល់គ្នារហូត មកបានចំនួនជាង ១ម៉ឺនដុល្លារពិតប្រាកដមែន។ លុយដែល បានទទួលកន្លងមក ខ្លួនមិនបានយកទៅទិញដីទេ គឺយកមកធ្វើផ្ទះអស់ ២ពាន់ដុល្លារ និងយកមកសងជំពាក់គេ ផ្ទាល់ខ្លួនពីមុនផង ក្រៅពីនេះខ្លួន បានចាយអស់ហើយ គ្មានលុយសងវិញទេ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសណុំរឿង បញ្ជូនខ្លួនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]