ជន​សង្ស័យ​ម្នាក់​ ត្រូវ​ប៉ូលិស​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​​ចាប់​ខ្លួន​​ ដោយ​ជាប់​ចោទ​ពី​បទ​សម្លាប់​​មនុស្ស​ជាង​១០​នាក់​ ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស និង​យុវជន​ផង​ដែរ និង​បាន​​កាប់​ចញ្ច្រាំ​សាច់​របស់​ពួក​គេ​លក់​ទៅ​ឱ្យ​អតិថិជន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័ររបស់​ Guangxi News ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ ឧសភា​ឆ្នាំ​២០១២ ។

លោក Zhang Yongming អាយុ​៥៦​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​២​សប្តាហ៍​មុន​នៅ​ភូមិ​ ណានមិន (Nanmen) ស្ថិត​នៅ​ខេត្ត យូណាន ​ប្រទេស​ចិន ខណៈ​ដែល​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ឃាត​កម្ម​យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ កាល​ពី​ចុង​ខែ​មេសា​កន្លងមក ។
ប្រភព​បន្ត​ថា ក្នុង​ប្រតិ​បត្តិ​ការ​​ស៊ើប​អង្កេត​នោះ ប៉ូលិស​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក Zhang Yongming ហើយ​​​រក​ឃើញ​ទូរស័ព្ទ​ដៃ​ និង​កាត​ធនាគារ​របស់​យុវជន​ដែល​បាត់​ខ្លួន​នោះ និង​បាន​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ទៀត​ ។

យោង​តាម​របាយ​ការណ៍​ដែល​បាន​ដក​ស្រង់​សម្តី​ពី​អ្នក​ភូមិ​បាន​និយាយ​ថា លោក​ Zhang Yongming គឺ​ជា​បិសាច​ស៊ីសាច់​មនុស្ស ។ ពួក​គេ​តែង​តែ​ឃើញ​ថង់​ប្លាស្ទិក​ពណ៌បៃតងជា​ច្រើន​​ព្យួរ​នៅ​ខាង​ក្រៅ​ផ្ទះ​រប​ស់​គាត់​ ហើយ​លេច​ចេញ​​ឆ្អឹង​ពណ៌​ស​តាម​មាត់​ថង់​ទៀត​ផង ។ ទន្ទឹម​នឹង​នេះពួក​គេ​ថែម​ទាំង​បាន​និយាយ​ថា ក្នុង​ភូមិ​នេះ​តែង​តែ​មាន​ក្មេង​ជំទង់​ជាង​១០​នាក់បាន​បាត់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ ។

ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​នេះ ប៉ូលិស​ក្នុង​តំបន់​បាន​បដិសេធ​មិនផ្តល់​អត្ថា​ធិប្បាយ​ណា​មួយ​ទេ នៅ​ពេល​ដែល​ជួប​ជា​មួយអ្នក​យក​ព័ត៌មាន​ឱ្យ​​ទី​ភ្នាក់​ងារ​ AFP កាល​ពី​ថ្ងៃ​សុក្រ ដោយ​គ្រាន់​តែ​និយាយ​ថា ព័ត៌មាន​នេះ​ប្រហែល​ជា​អាច​កើត​មាន​ពិត​មែន តែ​ក្នុង​​​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​។ ដោយ​ឡែក​ របាយ​ការណ៍​មួយ​ផ្សេង​ទៀត​ដែល​បង្ហាញ​​ពី​ករណី​ដ៏​គួរ​ឱ្យ​ខ្ពើម​រអើម​នេះ​ដែរ​ត្រូវ​បាន​​គេ​លុប​​ចេញ​ពី​គេ​ហ​ទំព័រ​នៅ​ទូ​ទាំង​ប្រទេស​ចិន​អស់​ហើយ ។
ប៉ុន្តែបើ​យោង​តាម​ប្រភព​ពី​កាសែត​ហុង​កុង The Standard ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​ថា ប៉ូលិស​បាន​ចូល​ឆែក​ឆេរ​ក្នុង​ផ្ទះ​របស់​លោក​ Zhang Yongming និង​បាន​ប្រទះ​ឃើញ​គ្រាប់​ភ្នែក​មនុស្ស​ជា​ច្រើន​​​រក្សា​ទុក​ក្នុង​ដប​ស្រា ហើយ​ដុំ​សាច់​មនុស្ស​ជា​ច្រើន​ដុំ​បាន​ចង​ព្យួរ​ក្នុង​ផ្ទះ​ដើម្បី​ហាល​ឱ្យ​ស្ងួត ។

ប្រភព​ពី​កាសែត The Standard បាន​បន្ត​ថា ប៉ូលិស​សង្ស័យ​ថា លោក Zhang Yongming បាន​យក​សាច់​មនុស្ស​មួយ​ចំណែក​ទៅ​ឱ្យ​ឆ្កែ​របស់​គាត់​ចំនួន​៣​ក្បាល​ស៊ី​ជា​អាហារ ហើយ​​មួយ​ចំណែក​លក់​នៅ​លើ​ទី​ផ្សារដោយ​ហៅ​សាច់​នេះ​ថា «​សាច់​សត្វ​អូទ្រីស»​ ។
ដោយ​ឡែក​ប្រភពផ្លូវ​ការ​​ពី​ទី​ភ្នាក់​ងារ​ស៊ីន​ហួបាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ទី​ក្រុង​ប៉េកាំង​បាន​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការ​ណ៍​មួយ​ក្រុម​ទៅ​ខេត្ត​យូណាន​ដើម្បី​គ្រប់​គ្រង​ការ​ស៊ើប​អង្កេត​លើ​ករណី​បាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​ទាំង​អស់​នោះ ហើយ​ក្នុង​នោះ​ដែរ​ប្រធាន​ប៉ូលិស​ក្នុង​តំបន់​​២រូប​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​ផង​ដែរ ។
ប្រភព​បន្ត​ថា ក្រុម​គ្រួ​សារ​អ្នក​បាត់​ខ្លួន​សង្ស័យ​ថា កូន​ៗ​របស់​ពួកគាត់​ទាំង​នោះ​អាច​ត្រូវ​គេ​ចាប់​ខ្លួន​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​កន្លែង​​ណាមួយ​ ។


ទី​ភ្នាក់​ងារ​ស៊ី​ន​ហួ​បាន​បន្ថែម​ថា បច្ចុប្បន្ន​ រដ្ឋា​​ភិបាល​កំពុងជំរុញ​​ឱ្យ​អាជ្ញាធរ​សមត្ថិកច្ច​ ក៏​ដូច​ជា​ក្រុម​​អ្នក​ស៊ើប​អង្កេត​​ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​ករណី​នេះ​ឱ្យ​បាន​ឆាប់​ជា​ទី​បំផុត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ដោយ ៖ សា​ម៉​ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]