ពោធិ៍សាត់ៈ តាចាស់ល្មោភកាម វ័យ ៦០ឆ្នាំម្នាក់ បានចាប់រំលោភសេពសន្ថវៈ ទៅលើចៅស្រីរបស់ខ្លួន ខណៈដែលលោកយាយរវល់ ទៅបេះសណ្តែក នៅខាងក្រោយផ្ទះ ប្រហែល ១០នាទី តែមិនបានសម្រេច ពេលលោកយាយមកទាន់ ក៏ប្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិអូថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ខណៈដែលកុមារីរងគ្រោះ ដេកលើអង្រឹងក្រោមផ្ទះ ។

លោកយាយ ផាត់ សុគឿន អាយុ ៥២ឆ្នាំ ត្រូវជាយាយរបស់កុមារីរងគ្រោះ រស់នៅក្នុងភូមិកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ លោកយាយបានដើរ ទៅបេះសណ្តែកនៅឯខាងក្រៅផ្ទះ ប្រហែលជា១០នាទី រួចក៏ប្រញាប់វិលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញតារបស់ចៅស្រីរងគ្រោះ កំពុងតែចាប់រំលោភចៅស្រី ដែលដេកនៅលើអង្រឹង ពេលឃើញសកម្មភាពដ៏អាក្រក់បែបនេះ លោកយាយក៏ស្ទុះទៅចាប់ដៃតានោះ រួចប្រគល់ជូនលោកមេភូមិតែម្តង។

លោកយាយបន្តទៀតថា ដោយសារលោកយាយ ឃើញឪពុកម្តាយចៅស្រីរងគ្រោះស្លាប់អស់ ដោយសារជំងឺអេដស៍ លោកយាយក៏យកចៅស្រីមកចិញ្ចឹម ហើយចៅស្រីរបស់យាយ បច្ចុប្បន្នក៏ផ្ទុក មេរោគអេដស៍ផងដែរ ហើយកំពុងទទួលការព្យាបាលដោយលេបថ្នាំពន្យារ ជាប្រចាំថ្ងៃផងដែរ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប លោក ឡែន គឹមលាង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ ថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ប្រាក់ ម៉ាក អាយុ ៦០ឆ្នាំ (ត្រូវជាជីតាក្មេងស្រីរងគ្រោះ) មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ផ.ស.ឡ អាយុ ១៤ឆ្នាំ រស់នៅជាមួយគ្នា។

លោកនាយប៉ុស្តិ៍រូបនេះ បានបន្តទៀតថា តាមការសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ចាប់រំលោភចៅស្រីរបស់ខ្លួនពិតប្រាកដមែន ប៉ុន្តែមិនបាន ស៊ីជម្រៅនៅឡើយទេ ដោយសារយាយគាត់មកទាន់។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ចូន ទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាត់ការបន្ត ៕

ដោយ ៖ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]