កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ការប្រកួតបាល់ទាត់ Premier League សប្តាហ៍ទី ៣៣ របស់ចក្រភពអង់គ្លេស គូពិសេសមួយគូបានបញ្ចប់ទៅហើយ ដោយក្រុម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Ham នាទឹកដី Boleyn Ground ដោយលទ្ធផល ១ទល់នឹង២ បន្តនាំមុខកំពូលតារាង។

ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ ជិត ៣៥ ០០០ នាក់ ក្រុម West Ham ស្លៀកឯកសណ្ឋានម្ចាស់ផ្ទះ ពណ៌ក្រហម ខណៈហង្សក្រហមស្លៀកឈុតក្រៅផ្ទះ ពណ៌ស។ មហិច្ឆតាស្រមៃ គ្រងតំណែងជើងឯក Premier League បានក្តៅរោលរាលពាសពេញខ្លួន កីឡាករហង្សក្រហម ដោយក្រុមនេះ បានគ្រប់គ្រងបាល់ និងសម្រុកក្រុមម្ចាស់ផ្ទះ មិនចេះចប់មិនចេះហើយ រហូតដល់នាទីទី ៤៤ ប្រធានក្រុម Steven Gerrard បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេច បន្ទាប់ពីខ្សែការពារ West Ham កីឡាករ Tomkins ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។


ក្នុងនាមជាម្ចាស់ផ្ទះ មិនអាចនៅស្ងៀមបានឡើយ ដោយនៅនាទីទី ៤៥ + ២ ជិតចប់តង់ទីមួយទៅហើយ កីឡាករ Demel របស់ West Ham បានស៊ុតបញ្ចូលទីបានសម្រេច បន្ទាប់ពីអ្នកចាំទី ហង្សក្រហម Mignolet ចាប់បាល់ចេញពីបាល់ជ្រុង ក្រឡក ធ្វើអោយលទ្ធផលចប់តង់ទីមួយ West Ham ស្មើ Liverpool ១ទល់នឹង១។

លុះឈានចូលមកដល់តង់ទីពីរ ហង្សក្រហមនៅតែវាយសម្រុកយ៉ាងខ្លាំង រហូតដល់នាទីទី ៧០ អ្នកចាំទី West Ham កីឡាករ Adrián បានធ្វើអោយកីឡាករហង្សក្រហម Flanagan ដួលនៅតំបន់គ្រោះថ្នាក់ សារជាថ្មី ជាហេតុធ្វើអោយហង្សក្រហម ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ លើកទីពីរ កាត់សេចក្តីបានសម្រេច ដោយការស៊ុតបញ្ចូលទី ពីសំណាក់ប្រធានក្រុម Steven Gerrard ដដែល ហើយលទ្ធផលនេះ បន្តរហូតដល់ចប់ ការប្រកួត។


គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Premier League នៅសល់តែ ៥ ប្រកួតទៀតប៉ុណ្ណោះ ដោយហង្សក្រហម Liverpool ឈរនៅលំដាប់ទីមួយ មាន ៧៤ ពិន្ទូ តាមពីក្រោយដោយ Chelsea មាន ៧២ ពិន្ទូ និងលេខបី Man CITY មាន ៧០ ពិន្ទុ ប៉ុន្តែមាន ២ ប្រកួតក្នុងដៃ។

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា ហង្សក្រហម អាចឈ្នះពានរង្វាន់ Premier League ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]