ខេត្តប៉ៃលិនៈ យុវនារីម្នាក់បានផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ ដើម្បីបញ្ចប់ជីវិតខ្លួនឯង ដោយសារតែ សង្សារបែកចិត្តទៅមានអ្នកថ្មី កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ហើយបានស្លាប់នៅវេលាម៉ោង ៨ និង៣០ យប់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១២ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ អូរច្រារលើ សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក យ៉ាន់ យ៉ុង អាយុ ៥៤ ឆ្នាំ ជាឪពុកនារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ ដែលផឹកថ្នាំ សម្លាប់ខ្លួន ឈ្មោះ ទូច ថារី អាយុ ១៩ ឆ្នាំ ជាកូនទី៣ ក្នុងគ្រួសារ កូនគាត់ទាំងអស់មានចំនួន ៧ នាក់ ស្រី៣នាក់ ប្រុស៤ នាក់ ។

លោក យ៉ាន់ យ៉ុង បានបន្តថានៅយប់ដែលកូនគាត់ផឹកថ្នាំ គឺគ្មាននរណាបានដឹងឡើយ លុះព្រឹកឡើង ដល់ម៉ោងជាង៨ ទើបគាត់ និងប្រពន្ធឈ្មោះ លឿន មុំ អា៤៨ ឆ្នាំ ព្រមទាំងកូនៗ របស់គាត់រៀបចំចេញ ទៅចំការ ពេលនោះស្រាប់តែមិនឃើញកូនស្រី របស់គាត់ចុះមក (នារីរងគ្រោះ) គាត់ក៏ស្រែកហៅពីក្រោម ផ្ទះទៅថា ដេកយូរម្ល៉េះ ងើបឡើងទៅចំការ តែមិនឃើញកូនចុះមកគាត់ក៏ឡើងលើផ្ទះមើល ពេលឡើងទៅ ដល់គាត់បានឃើញកូនស្រីកំពុងដេក ពេលគាត់ទៅដាសឃើញកូនយំ និងទឹកមុខស្លេកស្លាំ ក៏សួរទៅកូន គាត់ ថាកូនឯងកើតអី ពេលនោះកូនស្រីគាត់ បានឆ្លើយប្រាប់ថា នាងបានផឹកថ្នាំបាញ់ស្មៅ ដែលសល់មក ពីចំការអស់មួយកែវ។ បន្ទាប់ពីឮបែបនោះគាត់ និងប្រពន្ធ បាននាំកូនមកពេទ្យភ្លាមៗ ពេលមកដល់ ពេទ្យ គ្រូរពេទ្យបានលាងក្រពះ និងដាក់សេរ៉ូមឲ្យរួច គាត់បាននាំកូនត្រឡប់មកផ្ទះវិញ ដោយគិតថា ប្រហែល ជាមិនអីទេ ។

លោក យ៉ាន់ យ៉ុង បានបន្តថា គាត់បាននាំកូនមកឲ្យពេទ្យពិនិត្យព្រឹកម្តងល្ងាចម្តង ជាប់គ្នារយៈពេលប្រាំ ថ្ងៃ ទើបគ្រូពេទ្យប្រាប់ថា កុំឲ្យពិកបាកមកយកសេរ៉ូមទៅដាក់នៅផ្ទះទៅ។ គាត់បានដាក់សេរ៉ូមជាបន្ត បន្ទាប់អស់ចំនួន ១៦ប្លោក ឃើញថា កូនគាត់បានធូរស្បើយខ្លះតែរហូតដល់រយៈពេល ៩ ថ្ងៃចុងក្រោយ នេះ កូនគាត់មិនអាចដើរបានដោយខ្លួនឯងទេទាល់តែមានអ្នកគ្រា ពីព្រោះតែជាតិថ្នាំបានជ្រាបពេញខ្លួន ទៅហើយបើគិតចាប់ពីពេល ដែលនាងផឹកថ្នាំមកដល់ថ្ងៃស្លាប់នេះ មានរយៈពេល១៨ថ្ងៃគត់។

ស្រ្តីឈ្មោះ លឿន មុំ ជាម្តាយនារីរងគ្រោះបានឲ្យដឹងថា គាត់បានសួរទៅកូនស្រីគាត់អំពីមូលហេតុ ដែល បណ្តាលឲ្យនាងផឹកថ្នាំស្មៅសម្លាប់ខ្លួនបែបនេះ នាងបានប្រាប់ថា នាងមិនចងរស់នៅទៀតទេ ព្រោះនាង អស់ហើយគ្មានសល់អ្វីៗឡើយ។ គាត់ក៏សួរថា អស់អីកូន នាងបានប្រាប់ថា មនុស្សដែលនាងស្រលាញ់ ក្បត់ចិត្តនាង។ នាងថា នាងស្អប់ខ្លួនឯងដែលចាញ់បោកគេ តែនាងមិនបានប្រាប់ថា គេនោះជានរណាទេ គាត់មានការសោកស្តាយយ៉ាងខ្លាំដែលកូនស្រី របស់គាត់ជ្រើសរើសយកផ្លូវនេះ ដើម្បីដោះស្រាយបញ្ហា៕

ដោយៈ ទេព មនោរ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]