ភ្នំពេញៈ នាង តេង លក្ខិណា ​ពិធី​ការិនី​កម្មវិធី A1 Concert ដែល​កំពុង​លេច​មុខ​ខ្លាំង​តាម​រយៈ​ស្ប៉ត​ពាណិជ្ជកម្ម​ឈីតា​មេហ្គាបៃ ជាមួយ​លោក ព្រាប សុវត្ថិ​នោះ បាន​សម្រេច​ចិត្ត​ថា​នឹង​មិន​ទទួល​ថត​កម្ម​វិធី​សិល្បៈ​ផ្សេង​ៗ​ដូច​មុន​ ទៀត​ទេ​នៅ​ក្នុង​មួយ​រយៈ​ពេល​នេះ ដោយ​សារ​តែ​ព្រះ​សង្ឃ​បាន​ទស្សន៍​ទាយ​ឲ្យ​នាង​ថា នៅ​ដើម​ឆ្នាំ​២០១២​នេះ​ រាសី​នាង​ដាក់​ អារក្ខ​វា​ធ្វើ​ និង​ត្រូវ​កាន់​ត្រណម​ច្រើន បើ​មិន​ដូច្នោះ​​ទេ នាង​នឹង​មាន​គ្រោះ​ថ្នាក់​។

តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ My TV រូប​នេះ បាន​ឲ្យ​ដឹង​ថា នាង​ជា​ជន​ជាតិ​ខ្មែរ នាង​តែង​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​អបិ្បយ​ជំនឿ​ផ្សេង​ៗ ហើយ​នាង​នឹង​នៅ​ឲ្យ​ឆ្ងាយ​បន្តិច​ពី​សិល្បៈ​ក្នុង​រយៈ​ពេល​២​ខែ​នេះ​ ដោយ​សារ​តែ​ជើង​លេខ​របស់​នាង​នៅ​ដើម​ឆ្នាំ​២០១២​នេះ ស្រុត​ចុះ​ខ្លាំង និង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​។

តារា​សាច់​ស​ម៉ដ្ឋ​ខៃ​វ័យ​២២​ឆ្នាំ​ តេង លក្ខិណា បាន​លើក​ហេតុ​ផល​ថា​៖​​​«​នៅ​ដើម​ឆ្នាំ​ហ្នឹង ខ្ញុំ​បាន​ទៅ​វត្ត​ ទៅ​ឲ្យ​លោក​ស្រោច​ទឹក​ ហើយ​ព្រះ​សង្ឃ​បាន​ប្រាប់​ថា រាសី​ខ្ញុំ​មិន​ល្អ​ទេ ត្រូវ​មាន​ត្រណម​បន្តិច»។ តារា​រូប​នេះ​បាន​បន្ត​ថា៖«​នៅ​រយៈ​ពេល​២​ខែ​ មករា និង​កុម្ភៈ ហ្នឹង ខ្ញុំ​មិន​អាច​ដើរ​ថត ឬ​ទៅ​ណា​បាន​ឆ្ងាយ​ទេ អ៊ី​ចឹង​ការងារ​សិល្បៈ​របស់​ខ្ញុំ​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​ក៏​ត្រូវ​ផ្អាក​សិន ហើយ​ចាប់​ពី​ខែ​៣​ទៅ​គឺ​ខ្ញុំ​ទទួល និង​បាន​ការងារ​ធ្វើ​ដូច​ដើម​»។

ទោះ​បី​ជា​មាន​សាច់​ស​ខ្ចី​ទំនង​ជា​កូន​កាត់​ចិន តែ​តារា​រូប​នេះ បាន​ប្រាប់​ថា នាង​មាន​ជំនឿ​លើ​ការ​ទស្សន៍​ទាយ​យ៉ាង​មុត​មាំ ដូច្នេះ​​តាម​រយៈ​ពាក្យ​ព្រះ​សង្ឃ​ នាង​ត្រូវ​តែ​ប្រតិ​បត្តិ​ មិន​អាច​ល្មើស​ទៀត​ទេ ព្រោះ​បើ​ល្មើស​នាង​អាច​ទទួល​រង​នូវ​ផល​អាក្រក់​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន​។​

ការ​ជឿ​ស្លុង​តាម​ការ​ទស្សន៍ទាយ​នេះ ទំនង​ជា​នាងបាន​មើល​គំរូកាល​ពី​ឆ្នាំ​២០១១ ដែល​នាង​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​ ហើយ​តាម​រយៈ​​គ្រោះ​កាច​នោះ​នាំ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​នាង​មាន​ការ​ ធ្លាក់​ចុះ​។

ការ​ផ្តោត​អារម្មណ៍​ជឿ​ខ្លាំង​លើ​ពាក្យ​គ្រូ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ដែល​ធ្លាប់​ទទួល​ការ​ងារ​សម្តែង​ច្រើន ក្រៅ​ពី​អាជីព​ពិធី​ការិនី​ តេង លក្ខិណា សុខ​ចិត្ត​បោះ​បង់​តំណែង​ជា​តួ​ឯក​នៅ​ក្នុង​រឿង​ភាគ «​បេះ​ដូង​អ្នក​ការពារ​» របស់​ទូរទស្សន៍​ស៊ីធីអិន និង​ការ​ថត​ចម្រៀង​កាយវិការ​ជា​ច្រើន​ទៀត​។

តារា​ស្រី​រូប​នេះ​និយាយ​ថា៖«​រឿង​ភាគ​របស់​ស៊ីធីអិន បេះដូង​អ្នក​ការ​ពារ​ ហ្នឹង ខ្ញុំ​អត់​បាន​ថត​ទេ ព្រោះ​ព្រះ​សង្ឃ​ឲ្យ​ខ្ញុំ​សម្រាក​បន្តិច​សិន​»៕

ដោយ សេត គឹមសឿន

ដកស្រង់ពី គេហទំព័រ Postkhmer

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ