ការប្រកួតបាល់ទាត់ ពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League វគ្គ ៨ ក្រុមចុងក្រោយ នាយប់នេះ មាន ២ ប្រកួតស្មើនឹង ៤ ក្រុម ដោយក្រុមខ្លាំងទាំងពីរ របស់អេស៉្បាញ Barcelona ត្រូវប៉ះជាមួយ Atlético Madrid ខណៈក្រុមបិសាចក្រហម Manchester United របស់ចក្រភពអង់គ្លេស ត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ក្រុម Bayern München របស់ប្រទេសអាឡឺម៉ង់។


Barcelona (2) VS Atlético Madrid (1)

៥ ប្រកួតចុងក្រោយរបស់ក្រុម Barcelona គឺឈ្នះទាំង ៥ ដោយប្រកួតចុងក្រោយ បានយកឈ្នះ ០ ទល់នឹង ១ ក្នុងទឹកដី Espanyol បច្ចុប្បន្នមាន ៧៥ ពិន្ទុ ឈរនៅលេខរៀងទី ២ ក្នុងតារាងពិន្ទុ Primera División តាមពីក្រោយក្រុមលេខ ១ Atlético Madrid ១ ពិន្ទុ។

ចំណែកឯ ៥ ប្រកួតចុងក្រោយ របស់ក្រុម Atlético Madrid វិញក៏មិនអន់ដែរ គឺឈ្នះទាំង ៥ ប្រកួត ដោយប្រកួតចុងក្រោយ បានយកឈ្នះ ១ទល់នឹង២ ក្នុងទឹកដី Athletic Club បច្ចុប្បន្នមាន ៧៦ ពិន្ទុ ឈរនៅកំពូលតារាង Primera División។

គួរបញ្ជាក់ផងដែរថា ក្រុម Barcelona បានឡើងមកវគ្គ ៨ ក្រុមចុងក្រោយនេះ បន្ទាប់ពីយកឈ្នះក្រុម Man CITY របស់ចក្រភពអង់គ្លេស ដោយលទ្ធផលទាំងពីរជើង ៤ទល់នឹង១ ខណៈ Atlético Madrid គឺផ្តួលក្រុមអ៊ីតាលី AC MILAN ដោយលទ្ធផលទាំងពីរជើង ៥ទល់នឹង១។


Manchester United (7) VS Bayern München (1)

៥ ប្រកួតចុងក្រោយរបស់បិសាចក្រហម Man UTD គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ ២ ប្រកួតចុងក្រោយយកឈ្នះ Aston VILLA ៤ទល់នឹង១ ក្នុងទឹកដី Old Trafford របស់ខ្លួន បច្ចុប្បន្នមាន ៥៤ ពិន្ទុ ឈរនៅលេខរៀងទី ៧ នៃតារាង Premier League របស់ចក្រភពអង់គ្លេស។

ចំណែកឯ ៥ ប្រកួតរបស់ Bayern München វិញគឺឈ្នះ ២ ស្មើ ២ មិនដែលចាញ់ ប្រកួតចុងក្រោយស្មើ ៣ទល់នឹង៣ ជាមួយនឹងក្រុម Hoffenheim ក្នុងផ្ទះ បច្ចុប្បន្ននាំមុខដាច់គេ នៅតារាង Bundesliga ជាមួយនឹង ៧៨ ពិន្ទុ ដាច់ក្រុមលេខ ២ Borussia Dortmund ២៣ ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Man UTD ឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយនេះ បន្ទាប់ពីផ្តួលក្រុម Olympiakos Piraeus របស់ក្រិច ដោយលទ្ធផលទាំងពីរជើង ៣ទល់នឹង២ ខណៈក្រុម Bayern München វិញ បណ្តេញក្រុមកាំភ្លើងធំ Arsenal អោយហាលអាវ ដោយលទ្ធផលទាំងពីរជើង ៣ ទល់នឹង ១។


តើប្រិយមិត្តយល់ថាក្រុមណាខ្លះនឹងឈ្នះ ការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]