ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ៣២ បានបញ្ចប់ទៅ ៧ ប្រកួតហើយ នាយប់ម្សិលមិញនេះ ដោយក្រុមបិសាចក្រហម Manchester United ឈ្នះ Aston Villa ៤ទល់នឹង១ ខណៈកាំភ្លើងធំ Arsenal ស្មើ១ទល់នឹង១ ជាមួយ Man CITY ចំណែកឯតោខៀវ Chelsea ចាញ់នៅទឹកដី Crystal Palace ១ទល់នឹង០ បើកដៃអោយហង្សក្រហម Liverpool អាចឡើងទៅកំពូលតារាង នាយប់នេះ ប្រសិនបើអាចផ្តួលមាន់គក Tottenham Hotspur ក្នុងទឹកដី Anfield របស់ខ្លួន។

Liverpool (2) VS Tottenham Hotspur (6)


ក្រុមហង្សក្រហម Liverpool ពិតជាខ្លាំង ដោយ ៥ ប្រកួតចុងក្រោយគឺឈ្នះទាំង ៥ មិនដែលចាញ់ ប្រកួតចុងក្រោយបានយកឈ្នះ Sunderland ២ទល់នឹង១ នាទឹកដី Anfield របស់ខ្លួន បច្ចុប្បន្នឈរនៅលេខរៀងទី ២ តាមពីក្រោយតោខៀវ Chelsea តែ ១ ពិន្ទុគត់ ដោយមាន ១ ប្រកួតយប់នេះ នៅក្នុងដៃ។

ចំណែកឯមាន់គក Tottenham Hotspur វិញ ៥ ប្រកួតចុងក្រោយឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់ ៣ ប្រកួតចុងក្រោយយកឈ្នះ Southampton ក្នុងទឹកដីដោយយ៉ាប់យឺន គឺ ៣ទល់នឹង២ បច្ចុប្បន្នឈរនៅលេខរៀងទី ៦។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកហង្សក្រហម លោក  Brendan Rodgers បានសម្លឹងឃើញការប្រកួតនេះ ជាការប្រកួតប្តូរផ្តាច់ ក្នុងការដណ្តើមពានរង្វាន់ Premier League សារជាថ្មីរបស់ខ្លួន បន្ទាប់ពីអាក់ខានលើកពាននេះ អស់រយៈពេលយូរណាស់មកហើយ។




តើប្រិយមិត្តយល់ថា ហង្សក្រហម អាចផ្តួលមាន់គក បានដែររឺទេ?

រៀបរៀងដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]