ភ្នំពេញ ៖ ក្រុមយុវជនចំនួន ៥នាក់ ក្នុង ចំណោម៧-៨នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួន និងបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញភ្លាមៗ បន្ទាប់ពីក្រុមនេះ ផឹកស៊ីបោកកែវ បោកថូស្រាបៀរ និងបង្កភាពអនាធិបតេយ្យ ពេញហាងផឹកស៊ីមួយកន្លែង កាលពីវេលាម៉ោង ៩ និង៤០នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម្ចាស់ហាង បានឱ្យដឹងថា មានក្រុមយុវជន៧-៨នាក់ បានមកផឹកស៊ីតាំងពី ក្បាលព្រលប់រហូតដល់ម៉ោងកើតហេតុ ដោយម្នាក់ស្រវឹងជោករៀងៗខ្លួន ហើយក៏ ចាប់ផ្ដើមស្រែកឡូឡា និងបោកកែវ បោកថូ ស្រាបៀរ។ ម្ចាស់ហាងបន្ដថា ដោយឃើញសភាពការណ៍មិនស្រួល ក៏ទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យ ដែលកំពុងល្បាត នៅក្បែរៗទីតាំងនេះ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានរៀបរាប់ថា ក្រោយពីទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចក៏បានចូលទៅឃាត់ជន ប្រមឹកទាំងនោះ ក៏ ប៉ុន្ដែពួកគេមិនព្រមស្ដាប់ និងថែមទាំងបាន គប់កែវ បោកថូស្រាបៀរ មកលើសមត្ថកិច្ច នគរបាលទៀតផង។ នគរបាលប៉ុស្ដិ៍បន្ដថា ឃើញដូច្នេះ នគរបាលក៏បានហៅកម្លាំងកង រាជអាវុធហត្ថ ខណ្ឌមានជ័យ ទៅជួយអន្ដរាគមន៍ផងដែរ ប៉ុន្ដែនៅពេលកម្លាំងកងរាជអាវុធហត្ថ ទៅដល់ក្រុមផឹកស៊ីទាំងមិនខ្លាចញញើតឡើយ ដោយពួកគេបានបោកថូស្រាបៀរ ហើយគប់កែវមកលើសមត្ថកិច្ចថែមទៀត ទើបកងរាជអាវុធហត្ថបង្ខំចិត្ដផ្ទុះអាវុធមួយគ្រាប់ ដើម្បីបញ្ចប់ភាពអនាធិបតេយ្យក្រុមយុវជនទំនើងទាំងនោះ។

បន្ទាប់មកកម្លាំង កងរាជអាវុធហត្ថខណ្ឌ ក៏បានបញ្ជូនក្រុមយុវជនទំនើងទាំងនោះ ទៅកាន់ទីបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ។ ទាក់ទិនបញ្ហា នេះសមត្ថកិច្ចនៅមិនទាន់ បញ្ជាក់អត្ដសញ្ញាណ ពីក្រុមផឹកស៊ីស្រវឹង បង្កភាពហិង្សាមកលើ សមត្ថកិច្ចនោះនៅឡើយទេ ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]