រាជធានីភ្នំពេញ ៖ ក្រុម​ UTOPIA ជា​ក្រុមតារាចម្រៀង​​វ័យ​ក្មេង​​ និង​កំពុង​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ ​នៅ​ក្នុង​​រង្វង់​សិល្បៈ​។ ពីដំបូង​ក្រុម​នេះ​​ត្រូវ​​គេ​ស្គាល់ ​​តាម​រយៈ​​​ក្បាច់​រាំ​​ ដែល​​តែង​តែ​បញ្ចេញ​​​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​នានា​នៅ​ក្នុង​ប្រទេស​​ កម្ពុជា​ ។ ​អ្វី​ដែល​គួរ​ឱ្យ​​កោត​សរសើ​​នោះ គឺ​ក្រុម​​នេះ​ជា​យុវជន​​ដែល​មាន​អាយុ​មិន​លើស​​២៤​ឆ្នាំ​​ទេ ។ ​ពួក​គេ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​​ច្រៀង​​​ និង​បង្កើត​​ក្បាច់​​រាំ​​ទេ​ ពោល​គឺ​ពួក​គេ​សុទ្ធ​តែ​​មាន​ចំណេះ​ដឹង​ខ្ពស់​ ។

យុវជន​អេរិច ​​ជា​ប្រធាន​ក្រុម​ផ្នែក​និពន្ធ​ទំនុក​ច្រៀង​ បង្កើត​ក្បាច់​​រាំ និង​​ទើប​តែ​​​បញ្ចប់​សញ្ញា​ប័ត្រ​វេជ្ជបណ្ឌិត ។ រី​ឯ​​យុវជន​ឈ្មោះ​​ផា​និត ជា​អ្នក​​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​​​ បង្កើត​ក្បាច់​រាំ និង​ជា​និស្សិត​​ច្បាប់ ។ ចំណែក​​ឯ​យុវជនឆេង ​ផាន​ អ្នក​ Break  Dance និង​ជា​ពេទ្យ​សត្វ​ ​។ ចំពោះ​​ណា​​ ខន ជា​បុគ្គលិក​​បម្រើ​ការ​នៅ​ក្នុង​​សាកល​វិទ្យា​ល័យ​​ ។

យុវជន​ឈ្មោះ​អេរិច ​​ជា​ប្រធាន​ក្រុម​បាន​ប្រាប់​កោះ​សន្តិ​ភាពថា ​​ក្រុម​របស់គេ​បង្កើត​​ឡើង​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ ហើយ​ដំបូងមាន​សមាជិក​តែ​៣​នាក់​ប៉ុណ្ណោះ ។ បន្ទាប់​​មក​​រូប​គេ​​បាន​ជ្រើស​រើស​​សមាជិក​បន្ថែម​​៣​នាក់​ទៀត ទាំង​អស់​គឺ​​មាន​គ្នា​ចំនួន​៦​នាក់ ​។ ​​ម្នាក់​ៗ​បាន​​ខំ​ប្រឹង​​ហាត់​ច្រៀង​​ និង​រាំ​ចំនួន​២​ខែ ​ក៏​បាន​ឡើង​រាំ​នៅ​ឆាក​ប្រគំ​តន្ត្រី​​ក្នុង​កម្ម​វិធី​ទូរទស្សន៍ ស៊ីធី​អិន ។​ម្តាយ​​មីង​របស​់​​សមាជិក​ក្នុង​​ក្រុមគឺ​អ្នក​នាង​ប៊ូ​ មុន​្នី​នាថ និង​ប៊ូ​ មុន្នី​រ័ត្ន ជា​អ្នក​​ទាក់​ទង​​ទៅ​អ្នក​កាន់​​កម្ម​វិធី​នៅ​ស្ថានីយ​ទូរទស្សន៍ ស៊ី​ធី​អិន ដើម្បី​ឱ្យ​បាន​ឡើង​​រាំ​​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​នោះ ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ក្រុម​របស់​​គេ​ត្រូវ​បាន​​គេ​ទាក់ទង​ជា​បន្ត​ បន្ទាប់​ និង​ឡើង​លើ​ឆាក​​តន្ត្រី​សឹង​តែ​​គ្រប់​សប្តាហ៍​​។ ​ជាង​នេះ​ទៅ​ទៀត​នោះ​​ពួក​គេ​បាន​ចេញ​ទៅ​សម្តែង​​នៅ​តាម​ខេត្ត​​ទៀត​ផង ។

យុវជន​​​រូប​នេះ ​​បន្ថែម​ទៀត​ថា ​នៅ​ពេល​នោះ​​​ពួក​គេ​មិន​មាន​ផលិតកម្ម​​ ឬ​ក៏​អ្នក​គ្រប់​គ្រង​ទេ។  ពេល​ខ្លះក្រុម​របស់​គេ​​យក​លំនាំ​រាំ​​តាម​បរទេស​​ពិត​មែន ប៉ុន្តែ​មិន​មែនទាំង​អស់​​ទេ ។ បន្ទាប់​ពី​ពួក​គេ​ឡើងសម្តែង​​​នៅ​លើ​ឆាក​តន្ត្រី​​ញឹក​ញាប់​ ​​នៅ​ចុង​ឆ្នាំ​២០១០ ​មាន​​ម្ចាស់​ផលិតកម្ម​​មក​ពី​ប្រទេស​​​ស្វ៊ីស​​ ​​ចង់​វិនិយោគ​ទុន​នៅ​ក្នុង​ប្រ​ទេស​យើង​ ហើយ​ក៏​ទាក់​ទង​​មក​ក្រុម​ពួកគេ​ ដើម្បី​បង្កើត​បទ​ភ្លេង​​ថ្មី ​និង​ក្បាច់​រាំ​ថ្មី​ដោយ​មិន​យក​​លំនាំ​តាម​ប្រទេស​​គេ​​ទេ ឯ​សម្លៀក​បំពាក់​​​គាត់​ជា​អ្នក​ឧបត្ថម្ភ​ឱ្យ​ទាំង​អស់ ។ នៅ​ពេល​នោះ​ដោយ​សារ​​តែ​ពួក​គេ​ចង់​បង្កើត​ក្បាច់​រាំ​ថ្មី​​ ដោយ​មិន​យក​លំនាំ​​តាម​គេ​ផង​​នោះ​ ក៏​​សម្រេច​ចិត្ត​​តាម​គំនិត​​របស់​ម្ចាស់​ផលិត​​កម្ម​នោះ​ ។ ​ពេល​នេះ​ពួក​គេ​កំពុង​តែ​ក្លាយ​​ជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​សិង្ហមាស ហើយមាន​អាល់​ប៊ុមកំពុ​ង​ដាក់​លក់​​នៅ​លើ​ទី​ផ្សារ​​ ។

តា​រា​​ចម្រៀង​ថ្មី អេរិច ​​សំណូម​ពរ​ប្រជា​ពល​រដ្ឋ​​ខ្មែរឱ្យ​​យក​ចិត្ត​ទុក​ដាក់​​នៅ​ក្នុង​ការ​​ថែ​ ​រក្សា​សិល្បៈ​​ខ្មែរ​ និង​ត្រូវ​​គិត​​ថា ​កូន​ខ្មែរ​ក៏​មាន​សមត្ថ​ភាព​​នៅ​ក្នុង​​ការ​បង្កើត​ក្បាច់​រាំ​ និង​និពន្ធ​​ទំនុក​​ច្រៀង​ដោយ​​ខ្លួន​ឯង​​បាន​យ៉ាង​ល្អ​ មិន​មែន​គិត​តែ​​យក​លំនាំ​តាម​គេ​​ទេ ។ ​​អ្នក​សិល្បៈ​​​​ម្នាក់​ៗសុទ្ធ​​តែ​ជា​​មនុស្ស​​ដែល​មាន​សមត្ថភាព​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកូន​ខ្មែរ​គឺ​ពូកែ​​មិន​ចាញ់​​ពួក​បរទេសទេ ​។

ក្រុម UTOPIA ធ្លាប់​មាន​សមាជិក​ចាក​ចេញ​ពី​ក្រុម​ជា​បន្ត​បន្ទាប់​​រហូត​មក​ដល់​ពេល​នេះ គឺ​​មាន​គ្នា​តែ​៤​​នាក់​ប៉ុណ្ណោះ ។​អ្នក​ដែល​​ចាក​ចេញ​​នោះ​ត្រូវ​​ប្រធាន​ក្រុម​អេរិច និយាយ​ថា ពួក​គេ​ចាក​ចេញ​ពី​ក្រុម​មិន​មែន​​មាន​បញ្ហា​​ជា​​មួយ​គ្នា​​ទេ ​ដោយ​សារ​​តែ​ពួក​គេ​មាន​ការ​ងារ​​នៅ​ខាង​ក្រៅ​​ ដូច្នេះ​​មិន​មាន​ពេល​នឹង​សិល្បៈ​ច្រើន​ ក៏​សម្រេច​​ចិត្ត​ឈប់​តែ​ម្តង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]