កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុនកូកាកូឡា បានរៀបចំ កម្មវិធីប្រគុំតន្រ្តី នៅក្រុងតាខ្មៅចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១០យប់ ដោយមានការ ចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ដូចជា កញ្ញា សុគន្ធ និសា កញ្ញា មាស សុខសោភា និងលោកខេម។

ដើម្បីស្របទៅនឹង កម្មវិធីកញ្ញា សុគន្ធ និសា បង្ហាញខ្លួនជាមួយ នឹងឈុតពណ៌ ក្រហមស្រស់ ផ្តើមដោយបទចម្រៀង មនោសញ្ចេតនា ដ៏លន្លង់លន្លោចបទ “ឈឺយ៉ាងនេះ ហេតុអ្វីខ្ញុំមិនស្លាប់” ធ្វើអោយអ្នក ស្តាប់លង់ទាំង សម្លេង និងរូបសម្រស់ របស់កញ្ញា សុគន្ធ និសា ហើយទះដៃ និងហ៊ោ កញ្ជ្រៀវឥតដាច់។ បន្ទាប់ពីបទ មនោសញ្ចេតនា ក៏មានក្រុមរាំ សមាជិកចំនួន ៦ នាក់ ក្រុមរាំ N.I.S.A ដែលជាក្រុមរាំ ផ្ទាល់របស់កញ្ញា សុគន្ធ និសា ឡើងមកឈរ ត្រៀមខ្លួននៅពីក្រោយ តារាចម្រៀងរូបស្រស់ មួយដួងនេះ ដើម្បីចាក់ក្បាច់រាំបទ “ចង់មានសង្សារ Part Time” ដែលធ្វើអោយ ទស្សនិកជននៅ ពីក្រោមឆាកសើចផង ទះដៃផង ដោយសារភាពប៉ិនប្រសប់ នៃការបង្កើតក្បាច់រាំ បែបកំប្លែង និងក្រម៉ិចក្រម៉ើម ពិតជាធ្វើអោយ បរិយាកាស នៃការប្រគុំតន្រ្តី មានភាពសប្បាយ រីករាយជាខ្លាំង។ នៅវគ្គទីពីរ កញ្ញា សុគន្ធ និសា ឡើងមកបកស្រាយបទ “ច្រៀងដាក់ពាង” ដែលមាន ទស្សនិកជន ភាគច្រើនស្រែកច្រៀង លឺៗតាមកញ្ញាសុគន្ធ និសា ធ្វើអោយតារា រូបនេះមាន ទឹកមុខសប្បាយរីករាយ ញញឹមពព្រាយទៅទស្សនិកជនវិញ។ បទចុងក្រោយ ដែលកញ្ញា សុគន្ធ និសា បកស្រាយបញ្ចប់ គឺបទថ្មី ដែលជាចង្វាក់កន្ទ្រឹម សម្រាប់រាំលេង ចូលឆ្នាំគឺបទ “ក្រមុំកូនម៉ែរងារណាស់” ក៏ធ្វើអោយទស្សនិកជនហ៊ោផ្អើល មិនចាញ់បទមុនៗ ប៉ុន្មានដែរ។

នៅចុងបញ្ចប់ កម្មវិធីពិធីករ ក៏បានប្រកាសហៅ តារាកិត្តិយស ទាំងអស់ចេញមក បកស្រាយបទជុំគ្នា គឺបទខែចែត្រ ចូលឆ្នាំ ដែលធ្វើអោយកញ្ញា សុគន្ធ និសា ច្រៀងផង រាំផងនូវង្វាក់ ប្រពៃណី ទន់ល្វតល្វន់ គួរអោយចូលចិត្ត ដែលសឹងតែធ្វើអោយ ទស្សនិកជន មិនចង់ត្រលប់មក ផ្ទះវិញ។




ដោយ៖ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា