កំពង់ធំ ៖ បុរសម្នាក់ ត្រូវបានប្រជាពល រដ្ឋ រួមជាមួយកម្លាំង កងរាជអាវុធហត្ថជា ច្រើននាក់ នាំគ្នាដេញចាប់ ប្រផាប់ប្រភីង បន្ទាប់ពីបុរសរូបនេះ បានធ្វើសកម្មភាពប៉ង ចាប់រំលោភនារីម្នាក់ ដែលអះអាងថា ជា មនុស្សស្គាល់គ្នា ខណៈដែលនារីរងគ្រោះ កំពុងតែជម្រះស្មៅតែម្នាក់ឯង ។

ការ ដេញចាប់បុរសខាងលើ ដែលធ្វើឱ្យ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១២ ស្ថិតនៅភូមិសែនសេរី ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្ដកំពង់ធំ ។

អនុប្រធានមន្ទីរស្រាវជ្រាវនិងយុត្ដិធម៌ កងរាជអាវុធហត្ថខេត្ដកំពង់ធំ លោក ប៊ុន ឃី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា បុរសដែល ត្រូវកម្លាំងសមត្ថកិច្ចរបស់ លោករួមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិនាំគ្នា ដេញចាប់ ក្រោយពីប៉ងរំលោភនារីម្នាក់មិន បានសម្រេច មានឈ្មោះហុក សារ៉ាត់ អាយុ ២០ឆ្នាំ រស់នៅភូមិអូររាំង ឃុំពង្រ ស្រុកបា រាយណ៍ រីឯនារីរងគ្រោះឈ្មោះល.ភ អាយុ ២៨ឆ្នាំ រស់នៅភូមិសែនសេរី ឃុំក្រយ៉ា ស្រុក សន្ទុក ។

លោកប៊ុន ឃី ដែលបានសួរចម្លើយជន សង្ស័យ និងយោងតាមសាក្សីមួយចំនួនដែល បានឃើញហេតុការណ៍ខាងលើនេះ បានឱ្យ ដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហុក សារ៉ាត់នេះ បានជិះកង់ទៅចំការដំឡូង របស់ខ្លួន ស្ថិតនៅភូមិសែនសេរី លុះពេល ជិះកង់ទៅដល់ចំណុចកើតហេតុ ស្រាប់តែ ឃើញនារីរងគ្រោះ កំពុងតែជម្រះស្មៅតែ ម្នាក់ឯង ស្រាប់តែជនសង្ស័យ ឈប់កង់ ហើយ ចុះទៅចាប់ចង្កេះពីក្រោយប៉ងរំលោភ ។

លោកប៊ុន ឃី បានបន្ដថា ដោយឃើញ សកម្មភាពរបស់ជនសង្ស័យប្រុងចាប់រំលោភ រូបនាង  រូបនាងក៏បានរើបម្រាស់រត់គេចខ្លួន ហើយស្រែកឱ្យគេជួយ រួចហើយជនសង្ស័យ ហុក សារ៉ាត់ ក៏បានគេចខ្លួនពីកន្លែងកើត ហេតុផងដែរ ។

បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្ដនូវអំពើដ៏លាមកនេះ នារីរងគ្រោះក៏បានដាក់ពាក្យ បណ្ដឹងភ្លាមៗទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក រួចហើយទើបសមត្ថកិច្ច បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការ ស្រាវជ្រាវតាមចាប់ជនសង្ស័យរូបនេះ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថរូបនេះបានឱ្យដឹងថា មួយសន្ទុះក្រោយ មក ស្រាប់តែប្រជាពលរដ្ឋបានឃើញជន សង្ស័យ ស្ថិតនៅខាងចុងភូមិ ស្រាប់តែរាយ ការណ៍ជូនសមត្ថកិច្ច ដែលមានវត្ដមាននៅ ក្បែរនោះ រួចហើយក៏នាំគ្នាដេញចាប់ជន សង្ស័យ ហើយវាយខ្នោះតែម្ដងទៅ ។

បើយោងតាមការឆ្លើយសារភាពរបស់ជន សង្ស័យបានឱ្យដឹងថា រូបគេបានស្គាល់ជនរង គ្រោះយ៉ាងជិតស្និទ្ធបំផុត តាំងពីយូរមក ហើយ នឹងចាប់ចិត្ដស្រឡាញ់ លុះពេលឃើញ ជនរងគ្រោះ កំពុងតែជម្រះស្មៅ នៅម្នាក់ ឯងក៏នឹកឃើញចង់ចាប់រំលោភតែម្ដងទៅ ។ ដោយឡែកនារីរងគ្រោះ បានប្រាប់សមត្ថកិច្ច ថា រូបនាង មិនដែលស្គាល់ជនសង្ស័យនោះ ឡើយ បើទោះបីជនសង្ស័យរូបនេះ បាននិយាយ ថា ស្គាល់ក៏ដោយនោះ ។

យ៉ាងណាក៏ដោយជនសង្ស័យ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕

ដោយ ៖ ប៉ាត ពណ្ណរាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]