ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ស្រវឹងស្រា បានដើរទៅរករឿងគេ ហើយបបួលគេវាយគ្នាមួយ ទល់នឹងមួយបង្កជាជម្លោះ ប្រវ៉ាយប្រតប់គ្នារហូតភាគី ម្ខាងទៀតទ្រាំលែងបានស្ទុះទៅ យកកាំបិតកកុកមកកាប់ ចំនួន៣កាំបិតបណ្តាលឱ្យ ស្លាប់ក្នុងថ្លុកឈាមនៅ កន្លែងកើតហេតុ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗដែរ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង ២ និង១៥នាទីរសៀល ថ្ងៃទី១៤ មីនា ២០១៤ នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។

លោកវង សាវ៉េត អធិការនគរបាលស្រុក ភ្នំក្រវាញ់បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះមុត ដន ភេទប្រុស អាយុ២៩ឆ្នាំ ឯជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ុន ប៊ុនធឿន ហៅអ៊ីង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។

ស្ត្រីឈ្មោះឡាយ ផាន់ណា ភរិយាជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ប្តីរបស់នាងឈ្មោះហ៊ុន ប៊ុនធឿន មកពីផឹកស្រាស្រវឹង ហើយបានរករឿងខ្លួន និងកូនផ្អើលពេញផ្ទះ ឃើញដូច្នេះនាងបានយកកាំបិត និងពូថៅទៅលាក់ទុកអស់ ព្រោះប្តីរបស់នាងពេល ស្រវឹងស្រាម្តងៗកាចសាហាវណាស់។ មួយសន្ទុះក្រោយមកគាត់ក៏ដើរ ចេញទៅណាបាត់ទៅ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានរៀបរាប់ថា នៅរសៀលនោះឈ្មោះហ៊ុន ប៊ុនធឿន បានដើរចូលក្នុងរបងផ្ទះ របស់ខ្លួនទាំងអាការស្រវឹងស្រា ហើយបានបបួលខ្លួនវាយគ្នាមួយ ទល់នឹងមួយ។ ឃើញដូច្នេះម្តាយក្មេក និងប្អូនថ្លៃបាន និយាយលួងលោម និងអូសដៃឱ្យទៅផ្ទះ មួយសន្ទុះក្រោយមកស្រាប់តែហ៊ុន ប៊ុនធឿន ដើរមកទៀត ហើយបានក្របួចកអាវខ្លួនច្រាន ទៅច្រានមកក៏កើតជារឿង ប្រវ៉ាយប្រតប់គ្នា ខណៈនោះខ្លួនខឹងខ្លាំងពេកក៏ស្ទុះទៅ យកកាំបិតកកុកមកកាប់ហ៊ុន ប៊ុនធឿន ចំពីលើក្បាល១កាំបិត និងចំហៀង២កាំបិតបណ្តាល ឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ត្រី ស៊ីង សុភ័ក្ត្រ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់បានឱ្យដឹងថា ករណីនេះជាអំពើឃាតកម្ម ហើយជនដៃដល់ត្រូវសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ មីនា ២០១៤ ។

គួរបញ្ជាក់ថា ករណីឃាតកម្មនេះជាការ ស្វាគមន៍លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ ទើបតែងតាំងថ្មីបានមួយថ្ងៃ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]