ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់តាស៊ីនៅមុខ ច្រកបឹងបេងបានដណ្តើមគ្នា ចាប់ម៉ូយពលករឆ្លង ដែនខុសច្បាប់ដែលមកពីប្រទេសថៃ ដែលគ្រប់គ្រងដោយ សមត្ថកិច្ចនគរបាលការពារព្រំដែន គោក៨១៥ ខណៈពលករចេញមក ក៏ដណ្តើមគ្នាចាប់ ដាក់រថយន្តទៅវិញ ទៅមក ក៏មានជម្លោះប្រកែកគ្នារហូត ឈានដល់ប្រើអំពើហិង្សាតែម្តង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា ២០១៤ នេះ ស្ថិតនៅចំណុចមុខច្រកបឹងបេង  ស្ថិតភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពបានឱ្យដឹងថា ជនបង្កឈ្មោះលី គ្រីយ៉ា ហៅឈាន ម៉ឹន អាយុ២៩ឆ្នាំ ជនជាតិអ៊ិស្លាម ជាអ្នករត់តាស៊ី មានទីលំនៅឋាន ក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ចំណែកជនរង គ្រោះឈ្មោះចេក ចិត្ត អាយុ២៩ឆ្នាំ ជាអ្នករត់តាស៊ី មានទីលំនៅក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវជនដៃដល់យក សោដោះឡានវាយ បណ្តាលឱ្យចំថ្ពាល់ខាង ស្តាំហូរឈាមស្រោចលើខ្លួន ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញអ្នកទាំង២នាក់ឈរ និយាយលែងជាមួយគ្នា លុះពេលពលករបានលួចឆ្លង ដែនតាមច្រកខាងលើនេះជាច្រើននាក់ ក៏ដណ្តើមគ្នាតែម្តង ដោយនិយាយម៉ូយអាញ់ទេ ភ្លាមនោះក៏បានស្រែកខ្លាំងៗ ពេលនោះជនបង្កបានវាយ ទៅលើជនរងគ្រោះតែម្តងទៅ។

ក្រោយមកក៏មានសមត្ថកិច្ចការពារព្រំដែន គោកលេខ៨១៥ចេញមកអន្តរាគមន៍ និងឃាត់ខ្លួនជនបង្ក រួចសាកសួរហេតុផល ទើបបានបញ្ជូនបន្តទៅអធិការដ្ឋា្នន ដើម្បីដោះស្រាយបន្ត ចំណែកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]