ខេត្តព្រះសីហនុ ៖ តាវ័យ៦៦ឆ្នាំម្នាក់ និងស្រីកំណាន់អាយុ៣២ឆ្នាំ ត្រូវប្រពន្ធរបស់តា ដែលបានរៀបអាពាហ៍ពិពាហ៍ តែពុំបានចុះអេតាស៊ីវិល នាំខ្លួនប្រគល់ឱ្យប៉ូលិស ដោយចោទប្រកាន់ថា លួចសហាយស្មន់នឹងគ្នា ។ ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីយាយ (ប្រពន្ធតា)តាមទាន់ តានិងស្រីក្មេងអាយុ៣២ឆ្នាំ កំពុងនៅជាមួយគ្នាក្នុង ខ្ទមចាំមើលឡធ្យូងមួយកន្លែង កាលពីថ្ងៃទី១៣ មីនា ២០១៤ វេលាម៉ោង ១១និង៣០នាទីព្រឹក នៅចំណុចភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ។

តាមភរិយារបស់តាដែល ពុំបានចុះអេតាស៊ីវិល បានឱ្យសមត្ថកិច្ចដឹងថា គាត់(ប្រពន្ធតា) និងតាឈ្មោះ ដាច់ សៀក អាយុ៦៦ឆ្នាំ បានរៀបការនឹងគ្នាជាច្រើន មកហើយ តែពុំមានកូន ហើយក៏មិនបាននាំគ្នាទៅ ចុះអេតាស៊ីវិលនោះទេ បានត្រឹមតែភូមិ-ឃុំ និងអ្នកទៅហូបការ ដឹងឮប៉ុណ្ណោះ ចំណែកស្រីក្មេងនោះត្រូវគាត់ (យាយ)ដឹងថា មានឈ្មោះប៉ាន ឆេន អាយុ៣២ឆ្នាំ មានប្តីនិងកូន០៣នាក់ និងបានទាក់ទងនៅជាមួយ ប្តីរបស់គាត់ដោយលួចលាក់ ជាច្រើនឆ្នាំមកហើយ ។ យាយបន្តថា កន្លងមក រូបគាត់ និងប្តីស្ត្រីអាយុ ៣២ឆ្នាំរូបនោះ ក៏ធ្លាប់បានណែនាំនិងសំណូមពរ ដល់អ្នកទាំងពីរ(តានិងស្រីក្មេង) ឱ្យបញ្ឍប់ល្បែងស្នេហានោះទៀតទៅ ហើយរាប់អានគ្នាជាធម្មតា ។ តែដោយសារឆ្ងាញ់ នឹងភ្លើងតណ្ហា សប្បាយនឹងកាមគុណ យ៉ាងត្រេកត្រអាល អ្នកទាំងពីរនៅតែពុំព្រមឈប់ តាមការស្នើសុំនោះទេ ដោយនៅតែលួចស្កាត់ជួបគ្នារហូត ទើបនៅថ្ងៃ១៣ មីនា គាត់(យាយ) ក៏សម្រេចចិត្តនាំខ្លួនគូស្នេហ៍នេះ មកប្រគល់ឱ្យច្បាប់ជាអ្នកចាត់ការ ។

បន្ទាប់ពីសមត្ថកិច្ចធ្វើ ការវែកញែកតាមផ្លូវច្បាប់ ភរិយារបស់តាមិនអាចចោទ ប្រកាន់ទៅលើ តានិងស្រីក្មេងនោះបានឡើយ ព្រោះយាយនិងតា បានត្រឹមតែរៀបការ ដោយពុំបានចុះអេតាស៊ីវិល ចំណែកស្រីក្មេងនិងប្តីរបស់នាង ក៏ពុំបានចុះអេតាស៊ីវិលដូចយាយនិងតានោះដែរ ហើយចំពោះផ្លូវច្បាប់គឺពុំអាច ចោទទៅរួចទេ ដែលធ្វើឱ្យតានិងស្រីក្មេង សប្បាយចិត្តអង្គុយគងផ្លូវគ្នា ដោយសង្ឃឹមថា គាត់និងស្រីក្មេងរួចខ្លួនហើយ ហើយបានក្រេបទឹកឃ្មុំយ៉ាងផ្អែម ត្រជាក់បន្តទៀត ដោយមិនបាច់ខ្វល់ ឫលួចលាក់ទៀតឡើយ។

តែផ្ទូយទៅវិញ ដោយការមិនអស់ចិត្តរបស់ ភរិយារបស់តា និងប្តីរបស់ស្រីក្មេងនោះ បុរសជាប្តីរបស់ស្រីក្មេង ក៏បានដាក់ពាក្យប្តឹង ចោទប្រកាន់តានិង ស្រីក្មេងមួយករណីទៀត គឺចំលងមេរោគ ព្រោះតាមយាយនិងប្តីរបស់ស្រីក្មេងនោះ បានដឹងយ៉ាងច្បាស់ថា តាវ័យ៦៦ឆ្នាំនោះ គឺមានផ្ទុកមេរោគអេដស៍ បានចំលងមកស្រីក្មេង ហើយចំលងមកបុរសជាប្តីទៀត ដែលទោសនេះ បើតាមសមត្ថកិច្ចបង្ហើបឱ្យដឹងថា មានទោសជាប់ឃុំចាប់ពី៥ឆ្នាំឡើងទៅ ។

ទីបំផុតគូស្នេហ៍ស្អិតល្មួតបេះ មិនចេញមួយគូនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ចាំមើល តើវាសនាពួកគេយ៉ាងណា?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]