ភ្នំពេញ ៖ គ្រែលក់ ផ្លែឈើ លក់បាយ សំយ៉ាបផ្ទះ ប្រជាពលរដ្ឋ ត្រូវបានរថយន្ត បែន របស់ដេប៉ូ ចែកចាយ គ្រឿងសំណង់ បានបើកបុក ខណៈរថយន្តបង្ក បានគេចចេញ ពីម៉ូតូរ៉ឺម៉ក់កង់៣ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ មុខផ្ទះ ៣ល្វែង លេខ៣ លេខ៤ និងលេខ៥  តាមបណ្តោយ ផ្លូវបេតុង ខាងក្រោយ ផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបណ្តាលឲ្យ មនុស្សចំនួន២នាក់ រងរបួសផងដែរ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្ក ហេតុ ម៉ាក កូរ៉េ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-7824 បើកបរដោយ ឈ្មោះ ប៉ែន វុទ្ធី អាយុ២១ឆ្នាំ ស្នាក់នៅ ក្បែរកន្លែង កើតហេតុ និងព្រូរថយន្ត ម្នាក់ទៀត មិនស្គាល់ឈ្មោះ ស្នាក់នៅ ជាមួយគ្នា ។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តបង្ក ខាងលើ បើកលើផ្លូវបេតុង យ៉ាងលឿន ក្នុងទិសដៅពី ជើងទៅត្បូង ពោលទើប ត្រឡប់ មកពីដាក់គ្រឿង សំណង់ឲ្យម៉ូយ លុះមកដល់ ចំណុចកើតហេតុ រថយន្ត បានបើកជែង ជាមួយ ម៉ូតូរឺម៉ក់ កង់បី មួយគ្រឿង ស្រាប់តែ រេចង្កូត បុកទម្លុះ កន្លែងលក់ដូរ ហើយមិន អស់ល្បឿន រថយន្តបន្តជ្រុល ហួសទៅបុក ចូលសំយ៉ាបផ្ទះ ប្រជាពលរដ្ឋ បាក់២ ប្រឡោះ ផ្លែឈើ ចង្រ្កាន ចានឆ្នាំង លក់បាយម្ហូប បាក់បែក ធ្លាក់រប៉ាយ ពេញដី  ។

បើតាម សមត្ថកិច្ច គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឲ្យ ស្រ្តី២នាក់ រងរបួសធ្ងន់ និង រងការខូចខាត សម្ភារ: និងផ្លែឈើ ជាច្រើន ។ ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្កហេតុ និងព្រូរថយន្ត ត្រូវបានសន្តិសុខ រោងចក្រ នាំទៅដាក់នៅប៉ុស្តិ៍ ប្រចាំការ ហើយបានប្រគល់ទៅឲ្យ នគរបាលប៉ុស្តិ៍ ចោមចៅ ដើម្បីចាត់ការបន្តទៀត។ ចំពោះករណីនេះ ខាងភាគីរថយន្ត បានចេញមុខដោះស្រាយ ជូនជនរងគ្រោះដើម្បីបញ្ចប់រឿង៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]