នៅថ្ងៃសៅរ៍ ទី១៥ ខែមិនា ឆ្នាំ២០១៤ នេះ មន្ត្រីរដ្ឋាភិបាល របស់ប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ត្រូវបានគេប្លន់ ខណៈអ្នកស៊ើបអង្កេតជាច្រើន បានសន្និដ្ឋានថា មនុស្សម្នាក់ ឬច្រើននាក់ នៅលើយន្តហោះនោះ គឺជាអ្នកប្រព្រឹត្តិ ដោយពួកគេមានបទពិសោធ យ៉ាងស្ទាត់ជំនាញ ក្នុងការជិះយន្តហោះ ហើយបានបញ្ជាឲ្យ បិទឧបករណ៍ទំនាក់ទំនងទាំងអស់ និងបានបញ្ជាយន្តហោះ ដោយខ្លួនឯងទៀតផង។

អ្នកតំណាងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថា ការប្លន់យន្តហោះនោះ លែងជាទ្រឹស្តីដែលគេចេះតែនិយាយទៀតហើយ គឺ «ច្បាស់ណាស់វាជាការពិត»។

ខណៈដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ធ្លាប់បានបដិសេធ មិនយល់ស្របថា យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ត្រូវបានគេប្លន់នោះ ពេលនេះគាត់បានទទួលស្គាល់ថា យន្តហោះនេះបានប្តូរផ្លូវ និងដាច់ទំនាក់ទំនងជាមួយនឹងក្រុមការងារ គឺជា «សកម្មភាពដោយចេតនា» ពោលគឺជាការប្លន់។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះគេមិនទាន់ដឹងថា យន្តហោះនៅទីណាឲ្យប្រាកដនៅឡើយទេ ប៉ុន្តែលោក រ៉ាហ្សាក់ បានថ្លែងថា ទិន្នន័យផ្កាយរណបថ្មីបំផុត បង្ហាញថាយន្តហោះនេះ អាចនឹងឆ្ពោះទៅកន្លែងមួយ ក្នុងចំណោមកន្លែងចំនួន២ ទី១គឺ ច្រករបៀងភាគខាងជើង ពីព្រំដែននៃប្រទេសកាហ្សាក់ស្ថាន (Kazakhstan) និង Turkmenistan ទៅភាគខាងជើងនៃប្រទេសថៃ ឬទី២គឺ ភាគខាងត្បូងច្រករបៀង នៃប្រទេសឥណ្ឌូនេស៊ី ទៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។

លោក រ៉ាហ្សាក់ បានថ្លែងឲ្យដឹងទៀតថា អាជ្ញាធរនៅមិនទាន់សម្រេចលទ្ធផលណាមួយ ក្នុងការស្វែងរកយន្តហោះ និងមនុស្សចំនួន ២៣៩នាក់ នៅលើយន្តហោះនៅឡើយទេ។

«ច្បាស់ណាស់ ការស្វែងរកបានឈានចូលដំណាក់កាលថ្មី។ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ យើងបានអនុវត្ត និងសម្លឹងមើលគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន។ ចំនែកឯក្រុមគ្រួសារ និងមិត្តភក្តិនៃអ្នកដំណើរ យើងសង្ឃឹមថា ព័ត៌មានថ្មីមួយនេះ អាចនាំយើងមួយជំហ៊ាន ខិតចូលកាន់តែជិត ដើម្បីស្វែងរកយន្តហោះនេះ» នេះគឺជាសម្តីផ្ទាល់របស់លោក រ៉ាហ្សាក់។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃសៅរ៍នេះ បានបដិសេធមិនយល់ស្រប ចំពោះរបាយការណ៏ដែលថា យន្តហោះត្រូវបានគេប្លន់យកទេ ប៉ុន្តែបានទទួលស្គាល់ថា ប្រព័ន្ធទំនាក់ទំនង និងការប្តូរទិសដៅនៃការហោះហើរ គឺជា «សកម្មភាពដោយចេតនា» នៅលើយន្តហោះនេះ។

សេចក្តីសន្និដ្ឋាន៖  មន្រ្តីម៉ាឡេស៊ីបាននិយាយថា ក្រុមអ្នកស៊ើបអង្កេត បានសន្និដ្ឋានថា យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដែលបានបាត់ខ្លួនេះ ត្រូវបានគេប្លន់យក ដោយមានមនុស្សម្នាក់ ឬច្រើននាក់ ដែលមានបទពិសោធយ៉ាងស្ទាត់ជំនាញ ក្នុងជិះយន្តហោះ និងបានគិតទុកមុនរួចជាស្រេច

ការផ្លាស់ប្តូរទិសដៅ៖ ក្រុមមន្រ្តីបាននិយាយថា ទិន្នន័យរ៉ាដាបង្ហាញថា យន្ដហោះនេះអាចបានហោះត្រឡប់មកវិញ និងបានឆ្លងកាត់នៅលើឧបទ្វីបម៉ាឡេស៊ី បន្ទាប់ពីបានបាត់ខ្លួន ចេញពីប្រព័ន្ធរ៉ាដា

មន្រ្តីម៉ាឡេស៊ីបាននិយាយថា ទិន្នន័យរ៉ាដាបង្ហាញថា យន្ដហោះនេះអាចបានហោះត្រឡប់មកវិញ និងបានឆ្លងកាត់នៅលើឧបទ្វីបម៉ាឡេស៊ី ឆ្ពោះទៅកាន់កោះអាដាម៉ាន់



ប្រភព ៖ Dailymail

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]