ភ្នំពេញ ៖ បង្គោលដងគោមមួយ កន្លែងស្ថិតនៅចំណុច មុខផ្ទះលេខ៥៧ ផ្លូវលេខ ២១៥ ក្នុងសង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ត្រូវរងការខូចខាត បាក់រលំជិតដល់ដី ដោយសារយុវជន ២នាក់ បើកបរ រថយន្ត ម៉ាឌ្រីស មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុក ពេញទំហឹង កាលពីវេលាម៉ោង ២និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើរថយន្តម៉ាក ម៉ាឌ្រីស ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 2M 9548 បើកបរ ដោយក្រុមយុវជន ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ នរុស ទិសដៅពីជើងទៅត្បូង គឺពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅស្តុបអាងទឹក ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុនេះ ដោយសារយុវជន ២នាក់ក្នុងរថយន្តស្រវឹងស្រា ទើបស្រវាំងភ្នែក នឹងបួងចង្កុតរថយន្តគេចម៉ូតូមក ខាង ស្តាំដៃ ជ្រុលបុកបង្គោលដងគោម នៅលើចិញ្ចើមផ្លូវតែម្តងទៅ ។         

ចំពោះហេតុការណ៍នេះ បណ្តាលឲ្យបង្គោលដងគោម ផ្អៀងបាក់សង្កត់លើដើមឈើ ចំណែករថយន្តបង្ក ហេតុគៀបក្បាលជាប់ នឹងបង្គោលដងគោម រងការខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្តាល ឲ្យមនុស្សណាម្នាក់ ត្រូវរង របួសធ្ងន់ធ្ងរឡើយ ។ គួរបញ្ជាក់ថា ក្រោយកើតហេតុ ដោយសារ រថយន្តនេះ បានបុកបំផ្លាញ ទ្រព្យសម្បត្តិរបស់ រដ្ឋ ដូច្នេះនគរបាលមូលដ្ឋាន បានសហការជាមួយនគរបាល ជំនាញចុះវាស់វែងស្ទូច យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នាពេលក្រោយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]