ខេត្តស្វាយរៀង ៖ យុវជនម្នាក់សល់ ៣ថ្ងៃទៀតចូលរោងការ បានជួបហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍រថយន្តបុក ហើយកិនពីលើ បាក់ភ្លៅទាំង២ និងអូសចម្ងាយ១៥ម៉ែត្រ បណ្តាលឱ្យម៉ូតូដាច់ ជាពីរកំណាត់ប៉ើងធ្លាក់ ទៅលើថ្នល់សន្លប់ នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១០ ព្រឹក ថ្ងៃទី១៤ មីនា ២០១៤ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអំពឹល ឃុំអំពឹល ស្រុករមាសហែក។ បើតាមនគរបាល ស្រុករមាសហែក បានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ តាំង លី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានមកធ្វើកម្មករនៅរាជធានីភ្នំពេញ ហើយបានមកដណ្តឹង នារីម្នាក់ឈ្មោះ មាស ស្រីម៉ី អាយុ២១ឆ្នាំ ជាកម្មការិនី មានទីលំនៅភូមិម្តេញ ឃុំត្រសី ស្រុករមាសហែក។ ពួកគេត្រូវចូលរោងការ នៅថ្ងៃទី១៦ មីនា ២០១៤ ខាងមុខនេះ ហើយឪពុកម្តាយក្មេក បានឱ្យមកទិញអីវ៉ាន់ សម្រាប់រៀបការនៅផ្សារ កំពង់ត្រាច ស្រុករមាសហែក។

ប្រភពដដែលបន្តទៀតថា ក្រោយពីទិញអីវ៉ាន់រួចរាល់ ហើយក៏ត្រឡប់ទៅផ្ទះខាង គូដណ្តឹងវិញ ដោយជិះម៉ូតូម៉ាកហុងដាគុបមូល ពណ៌ស្លឹកឈើក្នុងទិសដៅ ពីត្បូងទៅជើងតែម្នាក់ឯង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ២G៩១៤៩ ពណ៌ទឹកមាសបើកបញ្ច្រាស ទិសគ្នាយ៉ាងលឿន រេចង្កូតទៅឆ្វេងបុកជនរង គ្រោះពេញទំហឹងលាន់ដូចរន្ទះ ហើយកិនពីលើមនុស្ស និងម៉ូតូអូសចម្ងាយ១៥ម៉ែត្រ បណ្តាលឱ្យបាក់ភ្លៅទាំង២ សន្លប់នៅនឹង កន្លែង រីឯម៉ូតូដាច់ជាពីរកំណាត់ ធ្លាក់ចិញ្ចើមថ្នល់។

ក្រោយកើតហេតុ អ្នកបើកបរត្រូវប្រជាពលរដ្ឋព័ទ្ធ ចាប់បានភ្លាមៗប្រគល់ឱ្យ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអំពឹល រីឯជនរងគ្រោះត្រូវ នគរបាលហៅរថយន្ត សង្គ្រោះមន្ទីរពេទ្យស្រុក ប្រតិបត្តិស្រុកមាសរហែក បញ្ជូនទៅមន្ទីរពេទ្យខេត្ត ចំណែកម៉ូតូ និងរថយន្តត្រូវគេបញ្ជូន ទៅអធិការដ្ឋាននគរបាល ស្រុករមាសហែក ដើម្បីដោះស្រាយតាមច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]