ខេត្តកំពង់ចាម៖ ម៉ូតូម៉ាកវ៉េវ ១គ្រឿង ស៊េរី ២០០៨ បានបោះពួយទៅបុក រឺមកដឹកឫស្សី ជាហេតុបណ្តាលឲ្យ បុរសម្នាក់ឈ្មោះ សន សឿន អាយុ ៣៧ ឆ្នាំ នៅភូមិជួបផ្អាវ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង បានរងរបួសធ្លាយពោះរហូតសន្លប់ ។

ហេតុការណ៏នេះបានកើតឡើង នៅលើកំណាត់ផ្លូវថ្នល់មួយ ក្នុងភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១៤ មីនា ២០១៤ បុរសរងគ្រោះត្រូវបានសាច់ញាតិ នាំមកសង្រ្គោះជាបន្ទាន់ នៅមន្ទីររពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងត្រូវ បាននាំទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកចំការលើ ។

តាមយុវជនឈ្មោះ គឹម ធារ៉ា អាយុ ២២ ឆ្នាំ ត្រូវជាក្មួយរបស់បុរសរងគ្រោះ បានប្រាប់ឲ្យដឹងថាៈ នៅព្រឹកមិញនេះ ឪពុកមាឈ្មោះ សឿន បានជិះម៉ូតូចេញពី ភូមិជួបផ្អាវ ឃុំដូនកឹង ដោយបានឌុបមនុស្ស រហូតទៅទៅ៤នាក់ ក្នុងនោះមាន១-អ្នកឌុប ២-រូបគេ ៣-ឈ្មោះខន ប្រពន្ធអ្នកឌុប ៤-ក្មួយប្រុសតូចអាយុជាង១០ ឆ្នាំ ដោយបានជិះឆ្លងស្ពានគីស្ស៊ុណា កាត់តាមរង្វង់មូលត្រើង ចូលទៅស្រុកចំការលើ ក្នុងគោលបំណង ទៅលេងបងប្អូន នៅស្វាយស៊ីសូផុន ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ។

យុវជនឈ្មោះ គឹម ធារ៉ា បានប្រាប់បន្តថា ពេលដែលជិះម៉ូតូមកដល់ភូមិតាំងក្រង នោះដោយពូបានប្រឹង គេចពីរថយន្តបើក ស្របទិសគ្នាពីត្បូងទៅជើង គ្រាន់តែផុតបន្តិចប៉ុណ្ណោះ ទៅបុករឺមកដឹកឫស្សី ដែលគេអូសចូលផ្ទះរបស់គេ ទិសស្របជាមួយនឹងម៉ូតូដែរ ។ ជាហេតុបណ្តាលឲ្យ ចុងឫស្សីបុកត្រូវចំ ក្រោមឆ្អឹងជំនីស្តាំ ធ្លាយហូរឈាមជា ច្រើនរហូតសន្លប់ត្រូវបានបញ្ជូនទៅ សង្រ្គោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ។ តែដោយស្ថានភាព របួសធ្ងន់ពេកនោះ ក៏បានបញ្ជូនតាមរថយន្ត មកកាន់មន្ទីរពេទ្យបង្អែកខេត្ត នេះពិតជាសំណាងដែលគ្រោះថ្នាក់នេះ ត្រូវតែឪពុកមារម្នាក់ ដូច្នេះធ្វើឲ្យការធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ត្រូវបានអាក់ខាន ។

ចំនែកលោកវរៈសេនីយ៏ត្រី អ៊ិត តារា អធិការនគរបាលស្រុកចំការលើ បានប្រាប់ឲ្យដឹងដែរថា ម៉ូតូវ៉េវជិះគ្នារហូតដល់ទៅ៤នាក់ ស្របពេលដែលជិះពីត្បូងទៅជើង តាមបណ្តាយផ្លូវថ្នល់ ដល់ត្រង់ភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខណៈពេលដែលដល់ផ្ទះនោះ អ្នកអូសរឺមកដឹក ឫស្សីបានបត់ចូលស្តាំដៃ ជាហេតុធើ្វឲ្យចុងឫស្សី បានបុកជាមួយនឹងម៉ូតូ ជាហេតុធ្វើឲ្យបុរសឈ្មោះ សឿន បុកត្រូវចំក្រោមឆ្អឹងជំនី ហូរឈាមស្រោច ពេញខ្លួនប្រាណតែម្តង ។ ក្រោយកើតហេតុ ត្រូវបានកម្លាំងជំនាញចរាចរ ស្រុកចុះទៅដល់កន្លែងកើតហេតុ ដោយបាននាំយកវត្ថុតាង ទាំង២គ្រឿងមានម៉ូតូ និងរឺមកដឹកឫស្សីនោះ មកដាក់នៅអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីដោះស្រាយតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]