ភ្នំពេញ ៖ មន្ដ្រីយោធា ថ្នាក់ឧត្ដមសេនីយ៍ ទោមួយរូប ដែលគេមើលទៅមិនមានជីវភាព ធូរធាដូចឧត្ដមសេនីយ៍ ភាគច្រើននោះ ត្រូវ បានបុរសវ័យក្មេងម្នាក់ ដែលគេអះអាងថា ជាជនជាតិវៀតណាម ចេះភាសាខ្មែរវាយ ប៉ោងមុខ រងរបួសជាដំណំ ខណៈដែលលោក ឧត្ដមសេនីយ៍រូបនេះ ជិះម៉ូតូចេញពីផ្ទះឆ្ពោះ ទៅកន្លែងធ្វើការ ហើយជនបង្កបើករថយន្ដតាម ក្រោយប៉ះពារពាក្យសំដីគ្នាពីរឿងសុំផ្លូវ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជិត៩ ព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ចំណុចមុខក្រសួងការពារ ជាតិ ជាទីកន្លែងដែលលោកឧត្ដមសេនីយ៍ធ្វើ ការ ។

លោកឧត្ដមសេនីយ៍ទោ ដែលត្រូវបាន បុរសជាជនជាតិវៀតណាម រស់នៅប្រទេស ខ្មែរ ដោយចេះភាសាខ្មែរ វាយរបួសខាងលើ នេះ ត្រូវបានគេស្គាល់ឈ្មោះងី វ៉ាន់ឌឹម ភេទ ប្រុស អាយុ៦៤ឆ្នាំ បម្រើការងារនៅនាយក ដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងការពារ ជាតិ ។ ចំណែកបុរសបង្ក ត្រូវបានគេស្គាល់ ឈ្មោះចាំង គឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានមុខ របរ ធ្វើការនៅក្រុមហ៊ុនឯកជនផ្នែកខាងកសិកម្ម។

តាមការរៀបរាប់ពីលោកឧត្ដមសេនីយ៍ យោធា រងគ្រោះ នៅកន្លែងសមត្ថកិច្ចកង រាជអាវុធហត្ថខណ្ឌ៧មករា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាក លេខ ភ្នំពេញ 1CB-1265 ស៊េរីឆ្នាំ២០១៣ ធ្វើដំណើរចេញពីផ្ទះតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះមកកន្លែងធ្វើការ ដោយ គាត់ស្លៀក ពាក់ខោអាវយោធា ពាក់មួកការពារ តែមិន មានពាក់ស័ក្ដិនៅលើស្មានោះទេ ។ ពេលជិះ មកដល់ ចំណុចស្ដុបច្រកចូលវត្ដនាគវ័ន ស្រាប់ តែមានបុរសវ័យក្មេងម្នាក់ បើករថយន្ដកូរ៉េ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2O-6009 ដោយមានដឹកស្ដ្រីម្នាក់នៅពីក្រោយ រួច ហើយស៊ីប្លេយ៉ាងរន្លើន ដោយទំនងសុំផ្លូវ ទៅមុខ រូបគាត់ក៏បានអែបខាង តែដោយ សារនៅខាងចង្អៀត មានម៉ូតូអ្នកដំណើរ ច្រើន រូបគាត់ក៏បានងាកម៉ូតូ ចេញ មកវិញ ធ្វើឱ្យអ្នកបើកឡានទំនងជាខឹង ក៏បានរវៃ កញ្ចក់ចុះ រួចហើយក៏បានស្រែកជេរថាឱ្យរូប គាត់ គាត់ក៏ ឈប់ម៉ូតូពីមុខរថយន្ដ រួចហើយ យកដៃទះក្បាលរថយន្ដ ក្នុងបំណងឱ្យអ្នក បើកបរចុះមកនិយាយគ្នា ព្រោះរឿង អីជេរ គាត់បែបនេះ តែពេលអ្នកបើកបរបើកទ្វារ រកចុះ ស្រាប់តែស្ដ្រីដែលអង្គុយជាមួយ ក៏ បានចាប់ទាញដៃ មិនឱ្យចុះ ហើយគាត់មិន ចង់វែងឆ្ងាយ ក៏ឡើងជិះម៉ូតូធ្វើដំណើរទៅ មុខលុះទៀត លុះជិតដល់ចំណុចក្ដាន់ពីរដល់ ផ្លូវបត់ចូលកន្លែងធ្វើការទៅហើយ ស្រាប់តែ បុរសបើករថយន្ដខាងលើ បានបើករថយន្ដ ក្នុងល្បឿន វ៉ាគេវ៉ាឯង រួចហើយមកគៀ ម៉ូតូគាត់ឱ្យអែបខាង ហើយទៅឈប់រថយន្ដ នៅពីមុខម៉ូតូចុះមករករឿងគាត់ ខណៈដែល គាត់ចុះពីលើម៉ូតូក្នុងបំណងសួរនាំ ហើយ ទើបនឹងចាប់ផ្ដើមដោះមួកការពារចេញ ស្រាប់ តែបុរសម្ចាស់រថយន្ដ ស្ទុះមកវាយទាត់ធាក់ គាត់ទាំងកំរោលតែម្ដង ធ្វើឱ្យរូបគាត់រងរបួស ជាំមុខជាំភ្នែកនិងរងរបួសត្រង់ស្មងជើង ហើយ ក៏មានអ្នកដំណើរជាច្រើន ដែលមើលឃើញ នូវទង្វើច្រឡោមខាមរបស់យុវជន អ្នកបើក រថយន្ដវាយទៅលើបុរសវ័យចំណាស់ ដែល ជិះម៉ូតូនោះ ទើបពួកគេនាំគ្នាចូលទៅឃាត់ ដើម្បីសួររកហេតុផល តែយុវជនម្ចាស់រថយន្ដ បញ្ចេញអត្ដចរិតយ៉ាងជម្លើយ ដោយគ្មាន ខ្លាចគេឯង មិនដឹងអាងស្អីនោះឡើយ ហើយ ទង្វើខាងលើ បានធ្វើឱ្យដឹងដល់សមត្ថកិច្ច ដែលឈរជើងនៅក្បែរនោះចូលមកអន្ដរាគមន៍ រួចហើយក៏នាំភាគីទាំងពីរទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីធ្វើការ ដោះស្រាយគ្នា ។
នៅទីបញ្ជាការអាវុធហត្ថខណ្ឌ យុវជនជា ម្ចាស់រថយន្ដ នៅតែប្រើអត្ដចរិតជម្លើយ ដដែល តែក្រោយពីដឹងថា ភាគីដែលខ្លួនវាយ មានឋានៈជាឧត្ដមសេនីយ៍ទោយោធា ទើប រូបគេរាងអន់បន្ថយអត្ដចរិតបន្ដិចមកវិញ ហើយក៏ឱ្យប្រពន្ធរួមទាំងស្ដ្រីវ័យចំណាស់ម្នាក់ ទៀត ដែលទំនងជាម្ដាយធ្វើការសម្រប សម្រួល ដើម្បីបញ្ចប់រឿង តែភាគីរងគ្រោះ មិនសុខចិត្ដ ដោយតម្រូវឱ្យសមត្ថកិច្ចអនុវត្ដ ទៅតាមច្បាប់ ទើបភាគីម្ចាស់រថយន្ដបានទូរ ស័ព្ទខ្វាត់ខ្វែង រកអន្ដរាគមន៍ ។

ក្នុងនោះបើ តាមប្រភពពីសមត្ថកិច្ចលួចបង្ហើបឱ្យដឹងថា មានទូរស័ព្ទជាច្រើន ដែលគេអះអាងថា អ្នក ធំនេះអ្នកធំនោះ ទូរស័ព្ទមកសុំឱ្យសម្រួល បញ្ចប់រឿង កុំឱ្យវែងឆ្ងាយ តែភាគីរងគ្រោះ ដែលរងនូវអំពើអយុត្ដិធម៌ ដោយក្មេងជម្លើយ ខាងលើនេះនៅតែមិនសុខចិត្ដ និងទាមទារ ឱ្យចាត់ការតាមច្បាប់ដដែល ហើយដោយសារ ការចរចាមិនត្រូវគ្នា កងរាជអាវុធហត្ថខណ្ឌ ៧មករា ក៏បានធ្វើរបាយការណ៍បញ្ជូនភាគី ម្ចាស់រថយន្ដបង្កទៅកាន់ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដទៀត ។

ជាការកត់សម្ភាល់នៅកន្លែងកើតហេតុ ខណៈដែលភាគីជនរងគ្រោះអះអាងថា រូប គាត់ជាមន្ដ្រីយោធា មានឋានៈជាឧត្ដមសេ នីយ៍ទោនោះ គឺអ្នកឈរមើលភាគច្រើន រួម ទាំងសមត្ថកិច្ចដែលទៅអន្ដរាគមន៍ផង មិន ជឿនោះឡើយ ដោយពួកគេយល់ថា ឋានៈ ដល់ផ្កាយពីរ មិនគួរណាមកជិះម៉ូតូស្លៀក ពាក់ខោអាវទាហានចាស់ៗបែបនេះនោះទេ ទាល់តែជនរងគ្រោះ ព្យាយាមអះអាងនិង បង្ហាញអត្ដសញ្ញាណច្បាស់លាស់ ទើបអ្នក ឈរមើលនាំគ្នាជឿ ហើយម្នាក់ៗនឹកហួស ចិត្ដ ព្រោះតែប្រជាពលរដ្ឋភាគច្រើន ធ្លាប់តែ ឃើញមន្ដ្រីថ្នាក់ឧត្ដមសេនីយ៍ឡើងទៅ សុទ្ធ តែមានរថយន្ដជិះ មានអ្នកបើកបរជូន ខ្លះ មានអង្គរក្សឆ្គកមុខក្រោយទៀតផង តែ ឧត្ដមសេនីយ៍ទោរូបនេះ បែរជាជិះត្រឹមម៉ូតូ ទៅធ្វើការទៅវិញ ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]