មកទល់នឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៤នេះ សរុបគឺមានចំនួន៦ថ្ងៃមកហើយ នៃការបាត់ខ្លួនយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ខណៈមានការខិតខំប្រឹងប្រែង ក្នុងការរុករក យ៉ាងយកចិត្តទុកដាក់បំផុត ក៏នៅតែមិនទាន់មានដំណឹង ពីយន្តហោះដែលបាត់ខ្លួន នេះនៅឡើយទេ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ប្រភេទ Boeing 777 ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមិនា ឆ្នាំ២០១៤ បានបាត់ខ្លួន ចេញពីប្រព័ន្ធរ៉ាដា និងដាច់ទំនាក់ទំនង ខណៈហោះរំលងប្រទេសវៀតណាម។

ទាក់ទងនឹងករណីបាត់យន្តហោះនេះដែរ អ្នកស៊ើបអង្កេតអាមេរិក បានវិភាគថា យន្តហោះម៉ាឡេស៊ីប្រភេទ Boeing 777 នេះ អាចនឹងហោះបន្តទៅមុខ រយៈពេល៤ម៉ោងទៀត ក្រោយបាត់ពីប្រព័ន្ធរ៉ាដា។ ជាមួយគ្នានេះដែរ ក្រុមអ្នកស៊ើបអង្កេតអាកាសចរណ៍ និងក្រុមមន្រ្តីសន្តិសុខជាតិ ជឿជាក់ថា យន្តហោះបានហោះចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សរុបចំនួន៥ម៉ោង (មិនទាន់បាត់ខ្លួន១ម៉ោង និងក្រោយបាត់ខ្លួន៤ម៉ោង) ដោយពឹងផ្អែកលើទិន្នន័យ ដែលបានទាញយក និងផ្ញើរដោយស្វ័យប្រវត្តិ ពីម៉ាស៊ីនរបស់យន្តហោះ Boeing 777 ដែលជាផ្នែកមួយនៃកម្មវិធីថែរក្សា និងត្រួតពិនិត្យរបស់យន្តហោះ។

លើសពីនេះទៅទៀត ចិនក៏បានបង្ហាញរូបភាពមួយចំនួន ដែលថតបានដោយប្រព័ន្ធផ្កាយរណប កាលពីថ្ងៃពុធកន្លងទៅនេះ ទាក់ទិននឹងការស៊ើបអង្កេត ស្វែងរកយន្តហោះប្រភេទ Boeing 777 ដែលបាត់ខ្លួននេះ ដោយបង្ហាញឲ្យឃើញថា មានវត្ថុអណ្តែតនៅភាគខាងត្បូង នៃផ្ទៃសមុទ្រចិន ចំងាយ១៥០ម៉ាយ (២៥០គីឡូ) ពីទីតាំងចុងក្រោយនៃយន្តហោះ។

យ៉ាងណាមិញ ការបាត់យន្តហោះប្រភេទ Boeing 777 ដ៏ចម្លែកនេះ បានធ្វើឲ្យមនុស្សជាច្រើន រង់ចាំតាមដាននូវព័ត៌មាន ពីយន្តហោះមួយគ្រឿងនេះ ដោយចង់ដឹងថា តើយន្តហោះប្រភេទ Boeing 777 នេះ បាត់ខ្លួនដោយសារមូលហេតុអ្វី។ ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានចូលទៅទស្សនាផ្ទាល់ ពីការហោះហើររបស់យន្តហោះប្រភេទ Boeing 777 នេះ មុនពេលវាបាត់ខ្លួន ពីប្រព័ន្ធរ៉ាដា ដើម្បីចង់ដឹងមូលហេតុពិតប្រាកដ នៅក្នុងហេតុការណ៍ដ៏ចម្លែកមួយនេះ។

ចង់ដឹងថាយន្តហោះ Boeing 777 បាត់ខ្លួនពីប្រព័ន្ធរ៉ាដាយ៉ាងម៉េចនោះ សួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រិយមិត្តក៏អាចទស្សនាដោយផ្ទាល់ ដោយគ្រាន់តែចុច ត្រង់នេះ

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍ដ៏ចម្លែកនេះ?

ប្រភព ៖ flightradar24

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]