បាត់ដំបងៈ ស្រីស្រឡាញ់ស្រីដូចគ្នា (នៅជាមួយគ្នាលក្ខណៈប្តីប្រពន្ធ) បានប្រើអំពើហិង្សា ដោយភ្លើងប្រច័ណ្ឌ ត្រូវអាវុធហត្ថ ស្រុកកំរៀងបានឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កសាងសំណុំរឿង បញ្ជូនខ្លួន មកទីបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តតាមច្បាប់។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានឲ្យដឹងថា យោងតាម របាយការណ៍ បញ្ជូនជនសង្ស័យ របស់អាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួន មាន ឈ្មោះ ឡុង សារ៉ាន ភេទស្រី អាយុ ៣០ឆ្នាំ រកស៊ីលក់ដូរនៅផ្សារថៃ (ជាប្តី) និងជនរងគ្រោះ មានឈ្មោះ ថេន ស្រីម ហៅកែវ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង (ជាប្រពន្ធ)។

របាយការណ៍ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ឡុង សារ៉ាន(ជាប្តី) តែងតែហាមឃាត់ជនរងគ្រោះ ថេន ស្រីម ហៅកែវ (ជាប្រពន្ធ) មិនឲ្យចូលដីខ្មែរ និងមកលេងផ្ទះម្តាយនាងឡើយ។ លុះដល់១២យប់កណ្តាលអធ្រាត្រ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ជនរងគ្រោះ បានសុំមកលេងផ្ទះម្តាយ នៅដីខ្មែរក្នុងភូមិខាងលើ តែជនសង្ស័យជាប្តី បានហាមនិងឃាត់មិនឲ្យលេងឡើយ ព្រមទាំងឈ្លោះគ្នា បានវ៉ៃបោចសក់ធាក់ជនរងគ្រោះជាច្រើនជើង ធ្លាក់ពីលើកៅអី រួចឃុំទុកនៅក្នុងបន្ទប់នៅលើទឹកដីថៃ។លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមីនា ជនរងគ្រោះបានសុំជនសង្ស័យ ចេញមកនោម (បត់ជើងតូច) ពេលបាន ចេញពីបន្ទប់ឃុំហើយ ក៏ឆ្លៀតឱកាសរត់គេចខ្លួន មកដីខ្មែរវិញ ទៅផ្ទះម្តាយ ស្រាប់តែជនសង្ស័យ បានតាមមកផ្ទះនៅដីខ្មែរ ខណៈកំពុងនិយាយជាមួយម្តាយ ក៏ស្ទុះមកចាប់កអាវ និងច្របាច់កជនរងគ្រោះ មិនព្រមលែងដៃឡើយ ក្នុងគោលបំណង ច្របាច់កសម្លាប់ចោល រហូតដល់ក្រុមគ្រួសារជនរងគ្រោះជួយឃាត់ ហើយនៅតែមិនព្រមលែងដៃទៀត រហូតដល់កម្លាំង អាវុធហត្ថស្រុកទៅឃើញ ក៏មកជួយអន្តរាគមន៍ រួចជនសង្ស័យ បានព្រមានជនរងគ្រោះ ទៀតថា គេនឹងសម្លាប់ជនរងគ្រោះ ឲ្យបានពេលរូបគេបានរួចខ្លួនមកវិញ ខណៈនោះកម្លាំងអាវុធហត្ថស្រុក បានឃាត់ខ្លួននាំយកមកទីបញ្ជាការអាវុធហត្ថ ស្រុកដើម្បីសាកសួរ។

បន្ទាប់ពីជនសង្ស័យ បានឆ្លើយសារភាពហើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ មកទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមីនានេះ ចាត់ការបន្តតាមច្បាប់៕

ស្រី្តជនសង្ស័យ (តែងខ្លួនជាបុរស ) ត្រូវជាប្តី

ស្រី្តរងគ្រោះ (ត្រូវជាប្រពន្ធ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]