ភ្នំពេញ៖ បុរសម្នាក់ ជាកម្មករសំណង់ នៅក្នុងបុរីលឹម ឈាងហាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅមាត់ប្រឡាយ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋកាលពី វេលាម៉ោង៣ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅខាងក្រោយបុរីលឹម ឈាងហាក់ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ ស៊ីថា អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិ ក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ គឿន អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានកូន ៥នាក់ រស់នៅក្នុងបន្ទុក ហើយបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់បុរីលឹមឈាងហាក់។

សាក្សីប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាពីរទៅបីនាក់ បាននាំគ្នាតខ្សែភ្លើង  ដើម្បីឆក់ត្រី ទុកសម្រាប់ធ្វើម្ហូប កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១២ ខែមីនា មួយសន្ទុះក្រោយមកក៏បាននាំគ្នាត្រឡប់មកចូលដេកវិញ តាមកន្លែងរៀងៗខ្លួន លុះនៅវេលាម៉ោងជិត១១យប់ ថ្ងៃដដែល ជនរងគ្រោះ ក៏ក្រោកពីដំណេក ចេញទៅបាត់ មិនដឹងជាទៅណានោះទេ ប៉ុន្តែដោយសារបាត់ប្តីពីកន្លែងដេកយូរពេក ទើបប្រពន្ធជនរងគ្រោះ បានដើរដាស់គេឯងដែលជាកម្មករសំណង់ដូចគ្នាឲ្យជួយដើររកប្តីរបស់គាត់។ ដើររកគ្រប់ទីកន្លែងនៅក្នុងបុរី ក៏នៅតែរកមិនឃើញ។

ប្រភពព័ត៌មានពីសាក្សីប្រាប់បន្តថា ដោយមានការសង្ស័យនៅកន្លែងឆក់ត្រី ពួកគាត់ក៏បាននាំគ្នាដើរទៅរកកន្លែងនោះ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅមាត់ប្រឡាយបាត់ទៅហើយ ដោយមានខ្សែភ្លើង នៅជិតនោះផងដែរ។

កម្មករសំណង់ម្នាក់ក៏បានបញ្ជាក់ឲ្យដឹងដែរថា ប្រពន្ធរបស់ជនរងគ្រោះ ទើបតែឆ្លងទន្លេបានរយៈពេល២ខែប៉ុណ្ណោះ ហើយបានចេញពីស្រុកកំណើតមកភ្នំពេញ ដើម្បីមកធ្វើការសំណង់ ជាមួយប្តីគ្រាន់បានលុយខ្លះទុក សម្រាប់ចិញ្ចឹមកូនទាំង៥នាក់ ឥឡូវចប់ហើយប្តីរបស់គាត់បានស្លាប់បាត់ តើក្រុមគ្រួសាររបស់គាត់នឹងទៅជាយ៉ាងណា។

សូមបញ្ជាក់ថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស សង្កាត់ដង្កោ បន្ទាប់ពីនគរបាលជំនាញធ្វើកោសល្យវិច្ច័យរួចរាល់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]