ខេត្តស្វាយរៀង ៖ មនុស្សម្នាជាច្រើននាក់ បាននាំគ្នាមកមើលសពបុរស ម្នាក់ដែលស្លាប់បាន ២យប់៣ថ្ងៃ ហើយរស់ឡើងវិញ មូលហេតុសុំលោកយមបាល មកបម្រើសងគុណម្តាយជរា និងថែទាំកូនប្រុសស្រីតូចៗ និងធ្វើបុណ្យជូនដូនតា ក៏បុ៉ន្តែពុំបានតាមប្រាថ្នាទេ ដោយរូបគាត់មាន ជំងឺមហារីកលិង្គ និងក្រលៀន គ្មានលទ្ធភាពរកប្រាក់ព្យាបាល បណ្តាលឱ្យជំងឺកាន់ តែធ្ងន់ធ្ងរដុនដាប ពេលនេះគាត់បាន ស្លាប់ហើយ កាលពីថ្ងៃទី១២ មីនា វេលាម៉ោង១និង៣០នាទីរសៀល នៅផ្ទះស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។

បើតាមលោកយាយ ពៅ ផល អាយុ៨៤ឆ្នាំ ជាម្តាយជរាបានប្រាប់ឱ្យដឹងថា កូនប្រុសឈ្មោះ ងួន សៅ អាយុ៣៧ឆ្នាំ មានជំងឺបូសលិង្គ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គេប្រាប់ថា ជាជំងឺមហារីកតម្រូវឱ្យ រកប្រាក់១.០០០ដុល្លារ សម្រាប់ការព្យាបាល ដោយបាញ់កាំរស្មី តែដោយគ្មានលទ្ធភាព រកប្រាក់បាន ក៏យកត្រឡប់មកផ្ទះវិញ ហើយបានស្លាប់កាលពីថ្ងៃទី១៣ កុម្ភៈ ដោយជីវភាពក្រីក្រពុំមាន លទ្ធភាពទិញក្តាមឈូស ក៏ទុកសពរហូតដល់ ២យប់៣ថ្ងៃ ។ ពេលអ្នកស្រុករៃគ្នាធ្វើក្តាមឈូស ដាក់សពបាន ស្រាប់តែដឹងខ្លួនស្រែកឱ្យគេជួយ ផ្អើលលោកអាចារ្យ ចាស់ទុំ និងអ្នកមកចូលរួម បុណ្យសព រត់ប្រសាច ។ ក្រោយមកប្រពន្ធបានទៅ មើលឃើញថា ប្តីនៅរស់ ទើបហៅតាអាចារ្យមកវិញ ហើយសាកសួរក៏ប្រាប់ថា ខ្លួនបានសុំលោកយមបាល ត្រឡប់មកបម្រើម្តាយជរា និងថែទាំកូនប្រុសស្រីនៅតូចៗ ម្យ៉ាងពុំទាន់បានធ្វើបុណ្យ សងគុណឪពុកម្តាយ និងដូនតាផង ទើបលោកយមបាល យល់ព្រមឱ្យមកវិញ ហើយឱ្យធ្វើបុណ្យសងគុណ ឪពុកម្តាយ និងដូនតា ។

ក្រោយមកគាត់ គ្រាន់តែបានរស់ឡើងវិញ បុ៉ន្តែគ្មានលទ្ធភាពរកប្រាក់មកព្យាបាលជំងឺឱ្យ ជាសះស្បើយដើម្បីបម្រើម្តាយជរាឡើយ មិនត្រឹមតែបុ៉ណ្ណោះ ថែមទាំងឱ្យម្តាយបម្រើថែទាំជំងឺទៀតផង ។ ទីបំផុត ជំងឺកាន់តែធ្ងន់ធ្ងរ គាត់ក៏បានស្លាប់ម្តងទៀតនៅថ្ងៃទី១២ មីនា ហើយពេលនេះគ្មានសង្ឃឹមថា អាចរស់ឡើងវិញទេ គឺសពបានដាក់ក្នុងមឈូស និងបូជានៅវេលា ម៉ោង១រសៀលថ្ងៃទី១៣ មីនា ។ ការស្លាប់លែងវិលវិញនេះ អ្នកស្រុកបានរៃប្រាក់ធ្វើក្តាមឈូស និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។ ចំពោះអំណោយ សប្បុរសជនកន្លងមក គឺបានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ពុំអាចយកទៅព្យាបាលជំងឺ របស់គាត់នៅភ្នំពេញបានទេ ដូច្នេះពេលនេះគឺស្លាប់រហូតហើយ ៕

 


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]