រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឈ្មោះអ៊ុក វិញ អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានជំងឺដុះប្រមោយដូចដំរី កំពុងរស់ទាំងត្រដាបត្រដួស ដើរសុំទានគេ នៅគ្រប់ច្រកល្ហក ក្នុងរាជធានីភ្នំពេញ ដើម្បីសន្សំប្រាក់ធ្វើសោហ៊ុយ ទៅវះកាត់សាច់ប្រម៉ោយ នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។

ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព នៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១៣ មីនា ២០១៤ ខណៈដែលយុវជនអភ័ព្វខាងលើ កំពុងដើរសុំទាន អ្នកស្រុកតាមដងផ្លូវ លោកម៉ម វ៉ាន អ្នកយកព័ត៌មានកោះសន្តិភាព បានជូនថវិកាផ្ទាល់ខ្លួន ដល់យុវជនអភ័ព្វនោះ ចំនួន៥ពាន់រៀល ហើយបានធ្វើបទសម្ភាសន៍ត្រួសៗ ពីប្រវត្តិជំងឺរបស់អ៊ុក វិញ។

យុវជន អ៊ុក វិញ បានរៀបរាប់ថា រូបគេកើតជំងឺដុះប្រមោយនេះ តាំងពីកំណើតមកម្ល៉េះ ហើយរូបគេ ក៏ធ្លាប់ព្យាបាលវះកាត់ ចំនួន២ដងរួចមកហើយ ដែរនៅមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យកៀនឃ្លាំង។ ប៉ុន្តែក្រោយពេលវះកាត់ បានមួយរយៈពេលខ្លី ជំងឺនេះកើតឡើងវិញ លឿនលើសដើមធ្វើឱ្យរូបគេ ជួបផលលំបាកក្នុងការ រស់នៅយ៉ាងខ្លាំង មិនអាចធ្វើកិច្ចការអ្វី សម្រាប់ចិញ្ចឹមជីវិតបាន ក្រៅពីដើរសុំទានគេ។

ប៉ុន្តែអ្វីជាការចាំបាច់បំផុតនោះ គឺនៅពេលឆាប់ៗខាងមុខនេះ រូបគេត្រូវទៅព្យាបាលវះកាត់នៅប្រទេស វៀតណាម ដោយពុំមានប្រាក់កាស មួយរៀលទាល់តែសោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]