ភ្នំពេញ៖ "ខ្ញុំពុំមែនជាមនុស្សអ៊ីចឹង ដូចគេនិយាយទេបង …ហើយខ្ញុំក៏មិនដែលគិតចង់ ធ្វើជាព្រាននារីអីដែរ។ ម្យ៉ាងទៀត ពាក្យគេ និយាយថា ខ្ញុំជាព្រាននារីនេះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ខ្លាំង និងជារឿងមិនល្អ សម្រាប់កេរ្តិ៍ឈ្មោះ ខ្ញុំផ្ទាល់ផងទៀតផង" ។ ពុំនោលខាងលើនេះ គឺជាការអះអាងឡើង របស់តារាសម្តែង និងម៉ូឌែលប្រុសច្រមុះស្រួច លោក ចន អេឡិច ហ្សូរ៉ា បានបញ្ចេញប្រតិកម្មតបភ្លាមៗ ក្រោយពីបណ្តាញសារព័ត៌មាន បានចុះផ្សាយ និងបានលើកឡើងថា លោក គឺជាព្រាននារីចំតួ ព្រោះ មួយរយៈនេះហាក់ ល្បីល្បាញរឿងស្នេហា ជាងអាជីពការងារសិល្បៈ។

មុននេះបន្តិចគេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេហាក្រៅឆាក របស់លោកអេឡិច ហ្សូរ៉ា ជាមួយនារីបរទេសម្នាក់ ខណៈពេលគេបានឃើញ តារាប្រុសរូបនេះបណ្ដើរនារីបរទេស វ័យស្របាក់ស្របាលនឹងគ្នា ទៅទស្សនាភាពយន្ត នៅរោងកុនទំនើបមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

នៅក្នុងអត្ថបទព័ត៌មាននោះ បានសរសេរដោយលើកឡើងថា តារាប្រុសលោក អេឡិច ហ្សូរ៉ាជារឿយៗ តែងតែប្រទះរឿងរ៉ាវ អាស្រូវស្នេហា ជាហូហែរ ហាក់បានបង្ហាញថា តារារូបនេះល្បីល្បាញរឿងស្នេហា ជាងការងារសិល្បៈ ហើយបើគិតពីការងារសម្ដែង អេឡិច ហ្សូរ៉ា ពុំទាន់បានក្លាយជា កំពូលតារាសម្ដែងប្រុសនៅឡើយទេ ។ មិនតែប៉ុណ្ណោះ គេក៏បានដាក់ងារថា តារាសម្តែង អេឡិច ហ្សូរ៉ា ជាព្រាននារី។

បន្ទាប់បានឃើញ និង អានព័ត៌មានខាងលើនេះ តារាប្រុស អេឡិច ហ្សូរ៉ា បានបញ្ចេញប្រតិកម្ម សម្តែងអារម្មណ៍មិន សប្បាយចិត្ត ចំពោះការលើកឡើងថា លោកជាតារាព្រាននារី និងល្បីល្បាញរឿងស្នេហា ជាងអាជីពការងារសិល្បៈ។

ផ្តល់សម្ភាសន៍ ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទ ពីខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ លោក អេឡិច ហ្សូរ៉ា បាននិយាយប្រាប់ថា "ខ្ញុំពុំមែនជាមនុស្សអ៊ីចឹង ដូចគេនិយាយទេ... ។ ខ្ញុំក៏មិនដែលគិតចង់ធ្វើជាព្រាននារីអីនោះដែរ។ ម្យ៉ាងទៀតពាក្យគេ និយាយថា ខ្ញុំជាព្រាននារីនេះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ខ្លាំង ..! អ្នកខ្លះមិនដឹង គេនឹងថាខ្ញុំ ជាមនុស្សបែបនេះមែន… ខ្ញុំសូមប្រាប់ទៅទស្សនិកអ្នកគាំទ្រថា ខ្ញុំមិនដែលតាំងខ្លួន ធ្វើជាព្រានារីម្តងណាឡើយ ហេតុនេះសុំ កំមានការយល់ច្រឡំ.."។

ដោយឡែកសម្រាប់រឿង ដែលគេបានឃើញលោក បណ្ដើរនារីជនជាតិបរទេសម្នាក់ចូល ទៅទស្សនា ភាពយន្តនៅរោង កុនទំនើប ផ្សារស៊ីធីម៉ល កាលពីថ្មីៗនេះ ត្រូវបានតារាសម្តែង អេឡិច ហ្សូ រ៉ា ទទួលស្គាល់ថា ពិតជាបានទៅជាមួយនារីម្នាក់នោះមែន ប៉ុន្តែត្រឹមតែជាមិត្តភ័ក្តិ នឹងគ្នាតែប៉ុណ្ណោះ គ្មានអ្វីផ្សេង លើសពីនេះទេ។

លោក អេឡិច ហ្សូរ៉ា បានបញ្ជាក់ថា នារីបរទេសជនជាតិអាមេរិក ដែលទៅមើលកុន ជាមួយ លោក គឺត្រឹមជាមិត្តភក្តិរួមការងារទេ ។ ម្យ៉ាងទៀត លោកក៏មិនបានចេញ ពីប្រទេសកម្ពុជា ទៅក្រៅប្រទេសនោះដែរ គឺ ចេញទៅត្រឹមតែខេត្តសៀមរាបអង្គរ ដើម្បីសម្តែង នៅទីនោះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]