រាជធានីភ្នំពេញ ៖ ការបាត់ព្រះបរមសារីរិកធាតុ ពីក្នុងព្រះមហាសក្យ មុនីចេតិយលើ កំពូលភ្នំព្រះរាជទ្រព្យ រហូតរកឃើញត្រឡប់មកវិញ មិនទាន់ទាំងបានដង្ហែ ទៅតម្កល់កន្លែងដើមវិញផង ស្រាប់តែប្រភពព័ត៌មាន ច្បាស់ការណ៍មួយទៀត បានឱ្យដឹងថា វត្ថុមានតម្លៃជាច្រើនត្រូវ បានចោរលួច ចេញពីសុគន្ធកុដិ ដែលស្ថិតនៅខាងត្បូង មហាកុដិសម្តេចអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ក្នុងវត្តឧណ្ណាលោម ។

ការបាត់បង់នេះបាន កើតមានកាលពី វេលាទៀបភ្លឺ ថ្ងៃ១១ មីនា ដោយក្រុមចោរបានកាត់ដែក ចម្រឹងបង្អួចចូលលួច ប៉ុន្តែព័ត៌មាននានា ទើបតែបានបែកធ្លាយនៅថ្ងៃ១២ មីនា ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ នៅមិនទាន់អាចកំណត់មុខ សញ្ញាក្រុមចោរដែលបាន លួចកាត់ចម្រឹងដែក បង្អួចសុគន្ធកុដិ ចូលទៅលួចនោះនៅឡើយទេ ។ ក្រោយពីក្រុមចោរ ធ្វើសកម្មភាពគួរឱ្យភ្ញាក់ផ្អើលនេះ នៅព្រឹកថ្ងៃទី១២ មីនា កម្លាំងនគរបាលចម្រុះ មកពីនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ នគរបាលខណ្ឌដូនពេញ និងដឹកនាំដោយមន្ត្រី សាលាដំបូងរាជធានី បានបន្តបើកការ ស៊ើបអង្កេតលើករណីនេះ ។ មន្ត្រីសមត្ថកិច្ច មូលដ្ឋានបានរំឭកថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ មីនា មានចោរចូលកាត់ ចម្រឹងដែកបង្អួចកុដិលេខ៣ ឬសុគន្ធកុដិ លួចយកកោដ្ឋដាក់ធាតុចំនួន១ ធ្វើអំពីស្ពាន់ កោដ្ឋមានអដ្ឋិធាតុមួយចំនួន ដែលមានតម្លៃ ក្រឡធ្វើអំពីប្រាក់ចំនួន១ និងព្រះបដិមាស្រោប មាសចំនួន៥អង្គ ដោយក្នុងមួយអង្គមាន ស្រោបមាស២តម្លឹង ក្រៅពីនេះក៏មាន  បាត់ភ្លុកដំរី១គូ ប្រវែង៨តឹក ទម្ងន់ប្រហែល១០គីឡូក្រាមដែរ ។

ព័ត៌មានលម្អិតនៃការ ស៊ើបអង្កេតរបស់កម្លាំង សមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រសួង មិនទាន់ទទួលបានការ បញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ចំពោះករណីចោរចូលលួច របស់មានតម្លៃនៅក្នុងវត្តឧណ្ណាលោម ទីដែលសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស គង់នៅ ។ រសៀលថ្ងៃទី១២ មីនា នៅនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមប្រភពព័ត៌មានច្បាស់ការណ៍ ឱ្យដឹងថាកំពុងសាកសួរតាម ជំនាញទៅលើសិស្ស និស្សិត និងព្រះសង្ឃ មួយចំនួននៅក្នុងវត្តឧណ្ណាលោម ដើម្បីឈានទៅរក កំណត់មុខសញ្ញាចោរដែរលួច ។ មន្ត្រីដែលស្និទ្ធនឹង ការស៊ើបអង្កេតនេះ បានបន្លុយឱ្យដឹងថា នគរបាលព្រហ្មទណ្ឌក្រសួង បានហៅមនុស្ស៣នាក់ មកសាកសួរជុំវិញករណីនេះ តែពួកគេបានបដិសេធ ។ ទោះបីជាបែបណា សមត្ថកិច្ចកំពុងត្រួតពិនិត្យ ស្នាមខ្ចៅដៃដែល ចោរបានបន្សល់ទុក ក្នុងសុគន្ធកុដិ ខណៈពេលចូលទៅលួចនោះ ហើយបើផ្ទៀងជាមួយខ្ចៅ ដៃជនសង្ស័យទាំង៣នាក់ មិនដូចគ្នាទេនោះពួកគេ ក៏មានសេរីភាពវិញដែរ ។

អ្នកដែលមានការ ភ្ញាក់ផ្អើលបានហៅថា នេះជាសកម្មភាពរបស់ចោរទមិឡ ដែលបានរៀនសូត្រពីចោរទមិឡ ដែលបានលួច ព្រះបរមសារីរិកធាតុ និងព្រះបដិមាស្រោបមាស មានតម្លៃជាច្រើនអង្គ ពីក្នុងព្រះបរមសក្យ មុនីចេតិយលើ ភ្នំព្រះរាជទ្រព្យ ឬប្រៀបដូចចោរទមិឡកើតកូន ។ ទោះបីជាបែបនេះក្តី ដោយសារបារមីរបស់ ព្រះដ៏មានព្រះភាគ ចោរទមិឡជាមេនោះក៏ត្រូវអស់លក្ខណ៍ ។ លើកនេះក៏ត្រូវសង្ស័យមិនខុសគ្នានោះទេ ដែលចោរទមិឡទាំងអស់ នឹងត្រូវវែកមុខមិនខានឡើយ ។ អ្នកតាមដានបាននិយាយថា ចោរពីខាងក្រៅពិតជាមិនអាចដឹងថា មួយណាជាវត្ថុមានតម្លៃ ព្រោះព្រះបដិមាមួយអង្គៗសុទ្ធតែលាបពណ៌មាសស្ទើរតែទាំងអស់នោះ ។ ដោយសារតែពេលនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅបំផុតនោះ ទើបមិនអាច រកការបំភ្លឺបែបណាមួយ ឱ្យច្បាស់ជាងនេះ ជុំវិញករណីខាងលើ បាននៅឡើយទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]