ភ្នំពេញៈ ដោយមាន ភាពល្បីល្បាញ ក្នុងនាមជាកំពូល តារាចម្រៀងស្រីមួយរូប ប្រចាំនៅផលិតកម្មថោន នាង មាស សុខសោភា ពេលនេះ បានក្លាយជា តំណាងផ្សព្វផ្សាយ ទូរស័ព្ទ Huawei (ហួវៃ) នៅក្នុងប្រទេសកម្ពុជា ។

ពិធីចុះហត្ថលេខា លើកុងត្រា ដោយមិនបញ្ជាក់ច្បាស់ ពីរយៈពេលនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ រវាង នាយកប្រតិបត្តិក្រុមហ៊ុន Huawei  ប្រចាំនៅកម្ពុជា និង មាស សុខសោភា នៅសណ្ឋាគារមួយ នៅភ្នំពេញ ហើយមាស សុខសោភា ក៏ទំនងក្លាយជាដៃគូប្រជែង ដ៏ខ្លាំងក្លាមួយ របស់ កញ្ញា ឱក សុគន្ធកញ្ញា ដែលគេស្គាល់ថា ជាតំណាងទូរស័ព្ទ សាមស៊ុង នៅកម្ពុជានោះ ។

លោក Yangfang នាយកប្រតិបត្តិក្រុមហ៊ុន Huawei  ប្រចាំនៅកម្ពុជា បានថ្លែងថា Huawei នឹងធ្វើការវាយលុក ទីផ្សារទូរស័ព្ទរបស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា ដើម្បីកាន់កាប់ចំណែកទីផ្សារ ឱ្យបាន ១០% នៅក្នុង ឆ្នាំ២០១៤ នេះ ។ លោកបានមានប្រសាសន៍ថា “កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ និងមានសក្តានុពលខ្ពស់” ។

ទោះបីជាមិនបញ្ជាក់ ពីតម្លៃខ្លួន ក៏ពិតមែនប៉ុន្តែ មាស សុខសោភា ត្រូវគេទំពឹងថា នឹងត្រូវចូលរួម គ្រប់សកម្មភាព ផ្សព្វផ្សាយ របស់ Huawei ប្រទេសកម្ពុជា ក្នុងនោះ មានទាំង ការថតស្ពតពាណិជ្ជកម្ម និងកម្មវិធីផ្សព្វផ្សាយ នានា សម្រាប់ឆ្នាំ២០១៤នេះផងដែរ ។

អ្នកនាង មាស សុខសោភា បាននិយាយ ក្នុងសន្ទរកថា របស់នាងថា “ខ្ញុំនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយ ក៏ដូចជាពន្យល់ណែនាំ កែប្រែការយល់ឃើញ អំពីទូរស័ព្ទស្មាតហ្វូន Huawei កន្លងមក ឱ្យជឿជាក់លើគុណភាព គុណប្រយោជន៍ និងបច្ចេកវិទ្យាទំនើបថ្មីៗ ធ្វើយ៉ាងណាឱ្យស្មាតហ្វូន ក៏ដូចជា ថេប្លេតម៉ាក Huawei ឱ្យទទួលការពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ ជាពិសេស មិត្តៗយុវវ័យ និង មនុស្សទាន់សម័យ កាលីប គ្រប់ជាន់ថ្នាក់” ។

Huawei ជាម៉ាកទូរស័ព្ទ ទំនើបដ៏ល្បី របស់ចិន ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៨៧ ហើយត្រូវបានក្រុមហ៊ុន ប្រកាសថា ជាប់ចំណាត់ថ្នាក់ទី៣ នៅលើពិភពលោក ប៉ុន្តែទើបនឹងធ្វើឱ្យ អ្នកប្រើប្រាស់នៅកម្ពុជា ស្គាល់នៅ ឆ្នាំ២០១៣ នេះប៉ុណ្ណោះ។ ក្រៅពី Huawei Ascend P6 ដែលជាទូរស័ព្ទស្តើងទំនើប នៅលើពិភពលោក ក្រុមហ៊ុន ក៏មានម៉ូឌែលល្បីៗ ជាច្រើនទៀតដូចជា Huawei Ascend Y320, Y511 , G610, G710, G700, Media Mate និង Media Pad ជាដើម ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា