មនុស្សមួយចំនួន ដែលមានកាយសម្បទា គ្រប់គ្រាន់ គិតថាខ្លួនឯងមាន ជិវិតលំបាកទៅហើយ ចុះទម្រាំជិវិតមនុស្ស ជាជនពិការវិញទៀតនោះ តើមានការលំបាក កំរិតណាដែរ? ចំពោះជនពិការភ្នែក ដែលគាត់មិនអាច សម្លឹងមើលឃើញពិភពលោក និងមិនអាចមើលឃើញ សូម្បីតែមុខមាត់ ឪពុកម្តាយរបស់គាត់ តែគាត់នៅតែមានក្តីសង្ឃឹម បន្តជីវិតមួយនេះ។ ថ្ងៃនេះខ្មែរឡូត មានសាច់រឿងពិតមួយ ដែលទាក់ទងនឹងជីវិតតស៊ូ និង ភាពជោគជ័យ របស់បងប្រុសម្នាក់ដែល គាត់ពិការភ្នែក ទាំងសងខាង ប៉ុន្តែគាត់អាចធ្វើបាន នូវការងារមួយចំនួន បានយ៉ាងល្អ បើទោះបីជាគាត់ ពិការភ្នែកក៏ពិតមែន។

ដូច្នេះសូមប្រិយមិត្ត ជ្រាបពីដំនើរជីវិតរបស់បងប្រុសពិការ ភ្នែកម្នាក់នេះទាំងអស់គ្នា តើគាត់មានជីវិតតស៊ូបែបណាខ្លះ ទើបគាត់អាចជោគជ័យ មកដល់សព្វថ្ងៃនេះ៖

 ប្រវត្តិរូបសង្ខេប

ជួបជាមូយបងប្រុស ជាអ្នកពិការភ្នែក ដែលគាត់មានឈ្មោះថា សុគន្ធ ព្រហ្មវីរៈ អាយុ២៥ឆ្នាំ មានបងប្អូន២នាក់ ស្រី១ប្រុស១ គាត់ជាកូនពៅ ក្នុងគ្រួសារ។ ក្នុងនោះដែរ ឪពុករបស់គាត់ ជាគ្រូបង្រៀននៅអនុវិទ្យាល័យចតុមុខ និងម្តាយរបស់គាត់ ជាមន្ត្រីចូលនិវត្តន៏។ សព្វថ្ងៃនេះ គាត់ធ្វើការ ជាអ្នកស័្មគ្រចិត្តម្នាក់ ខាងផ្នែករដ្ឋបាល ក្នុងស្ថាប័នរដ្ឋមួយកន្លែង ឈ្មោះថា ក្រុមប្រឹក្សាសកម្មភាពជនពិការ។

 តើមូលហេតុអ្វីទើបគាត់ពិការភ្នែក បែបនេះ?

ចំពោះបញ្ហាពិការភ្នែកនេះ គឺគាត់ពិការតាំងពីកំណើតមកម្ល៉េះ ពីព្រោះពេលគាត់ចាប់ផ្តើមមានកំណើត ស្រាប់តែឈឺភ្នែកតែម្តង ដែលភ្លាមៗនោះ ឪពុកម្តាយគាត់ បាននាំគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យ បាននិយាយថា ភ្នែករបស់គាត់ អត់មានកើត អី្វគួរអោយកត់សម្គាល់នោះទេ រហូតគាត់មានអាយុ៩ខែ ម្តាយរបស់គាត់នៅមិនអស់ចិត្ត ទើបនាំគាត់ទៅមន្ទីរពេទ្យនៅប្រទេស វៀតណាម។ ដោយគ្រូពេទ្យនៅទីនោះ បាននិយាយថាភ្នែករបស់គាត់ មិនអាចមើលឃើញបានទេ ពីព្រោះភ្នែកបាន ឆ្លងពីម្ខាងទៅម្ខាងទៅហើយ ដូច្នេះមិនអាចព្យាបាល បានឡើយ ។ ហេតុនេះហើយទើប ធ្វើអោយគាត់ពិការភ្នែក ដល់ពេលបច្ចុប្បន្ននេះ។

 ការសិក្សារបស់គាត់ ទាំងក្នុងសាលា និងនៅផ្ទះ៖

បងប្រុសវីរៈបានបញ្ចប់ ថ្នាក់វិទ្យាល័យ ក្នុងឆ្នាំ២០០៨ បន្ទាប់ពីនោះ គាត់ក៏បានបន្តរៀន ជំនាញភាសាអង់គ្លេសបន្ថែមទៀត នៅសាលាELT រហូតដល់គាត់ រៀនចប់ Level ១៥ នៅទីនោះ ទើបគាត់ចូលរៀន នៅមហាវិទ្យាល័យ បញ្ញាសាស្រ្ត ជ្រើសរើសមុខជំនាញ ខាងផ្នែកគ្រូបង្រៀន ភាសាអង់គ្លេស ដោយមានឪពុក របស់គាត់ជាអ្នក ជូនគាត់ទៅ និងជូនត្រឡប់មកវិញ។

  •របៀបសិក្សាក្នុងថ្នាក់រៀន៖

ដូចអ្នកបានដឹងហើយថា គាត់មិនអាច មើលឃើញនូវអក្សរ ដែលគ្រូបានសរសេរនោះទេ ដូច្នេះគាត់មានវិធីមួយ គឺ មានម៉ាស៊ីនថតសំឡេងមួយ ទុកថតពេលគ្រូអាន រឺក៏ពន្យល់អ្វីផ្សេងៗ ដើម្បីមកចាក់ស្តាប់ សារឡើងវិញ នូវអ្វីដែលគ្រូបាននិយាយ រួចយកមករំលឹកនៅផ្ទះ។ វិធីមួយទៀតគឺ ប្រសិនបើគ្រូបង្រៀនណា មាន Softcopy គាត់សុំ Soft នោះ ដើម្បីចាក់ចូលក្នុងកុំព្យូទ័រ អាចអានអោយគាត់ស្តាប់បាន។

  •របៀបរៀននៅផ្ទះវិញ៖

ពេលគាត់នៅផ្ទះ គាត់មិនដែលដកដង្ហើមចោលទេ គាត់តែងយកម៉ាស៊ីនថតសំលេង ដែលបានថតរាល់ការ ពន្យល់របស់គ្រូ មកស្តាប់ ត្រឡប់ទៅវិញ ទៅមក រហូតទាល់តែគាត់ ចាំមេរៀននោះ ទើបគាត់ឈប់។ វិធីមួយទៀត ប្រសិនបើ ជាឯកសារមេរៀនគ្មាន Softcopy នោះទេ គាត់អោយម្តាយរបស់គាត់ អានអោយគាត់ស្តាប់ រហូតគាត់អាចចងចាំបាន។

 •តើគាត់ប្រើកម្មវិធីអ្វីខ្លះ ក្នុងកុំព្យូរទ័រ?

យ៉ាងណាមិញ គាត់ក៏មានភាព ងាយស្រួលយ៉ាងច្រើន ក្នុងការបំពេញការងារ ក៏ដូចជាការសិក្សាផងដែរ ដោយសារមានការ ជួយពីអង្គការមួយ ដែលមាន ឈ្មោះថា អង្គការគ្រួសារថ្មី ដែលគេបានផ្តល់ ជាកម្មវិធី Jaws ដែលជាកម្មវិធីមួយ សម្រាប់បញ្ចេញសម្លេង អានអក្សរ ចេញពី ក្នុងកុំព្យូទ័ររបស់គាត់។

ចំពោះទូរស័ព្ទវិញ?

លើសពីនោះគាត់ ក៏អាចប្រើទូរស័ព្ទដៃ ដូចជាមនុស្សធម្មតាផងដែរ ដោយមិនចាំបាច់ត្រូវការ ជំនួយពីអ្នកដទៃឡើយ ព្រោះថាគាត់បានបញ្ចូល កម្មវិធី Talk ដើម្បីអោយទូរស័ព្ទអាន អក្សរទាំងឡាយណា ដែលនៅក្នុងទូរស័ព្ទនោះ ដូចជាពេលដែល គាត់ចង់ស្វែងរក ឈ្មោះមិត្តរបស់គាត់ ដើម្បីហៅទូរស័ព្ទ និងអានសារដែល គេបានផ្ញើរមកជាដើម។

ផលវិបាកសម្រាប់គាត់

ថ្វីបើមានការ ជួយពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិក៏ដូចជា សង្គមនិងអង្គការ នានាក៏ដោយ បងប្រុស វីរៈ ក៏ធ្លាប់មានការជួបប្រទះនឹង បញ្ហាផងដែរគឺ នៅពេលដែលប្រឡូក ចូលក្នុងសង្គម និងការចាប់ផ្តើម រៀននៅអនុវិទ្យាល័យ។ ដោយសារថា នៅពេលនោះមិនមាន សំភារៈគ្រប់គ្រាន់អ្វីឡើយ សម្រាប់ជួយសម្រួលក្នុង ការសិក្សារបស់គាត់។

គាត់បាននិយាយថា "ថ្វីបើគាត់ត្រូវ ពិការភ្នែកបែបនេះក៏ដោយ ក៏ប៉ុន្តែគាត់មិនបាន យកភាពអាក់អន់ចិត្ត ឬក៏ទុក្ខសោក យកមកដាក់នៅក្នុងខ្លួនឡើយ ដោយសារតែគាត់ ពិការភ្នែកពីកំណើត អញ្ចឹងមិនមែនជាកំហុសរបស់ ខ្លួនយើងនោះទេ ប៉ុន្តែយើងត្រូវតែ ខំប្រឹងអោយខ្លាំង ដោយសង្ឃឹមថាថ្ងៃណាមួយ ភាពជោគជ័យនឹងមកដល់"។

តើគាត់ទទួលបានភាពជោគជ័យអ្វីខ្លះ ក្នុងជីវិតរបស់គាត់?

នាពេលនេះ គាត់បានដើរលើ ផ្លូវជោគជ័យសន្សឹមៗហើយ ទាំងការរៀនសូត្រ និងការងារ។ គាត់បានបញ្ជាក់ថា "ទោះជាការសិក្សាខ្ញុំ មិនជាខ្លាំងណាស់ណាក៏ដោយ តែក៏អាចមានភាពល្អប្រសើរ ដូចជាអ្នកដែលមាន ភ្នែកភ្លឺមួយចំនួនផងដែរ"។ គាត់បានបន្តទៀតថា "ហើយនាពេលនេះខ្ញុំ ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅឯសាកលវិទ្យាល័យ បញ្ញាសាស្រ្ត ផ្នែកអក្សរសាស្ត្រអង់គ្លេស ជំនាញបង្រៀន ទៀតផង។

ចំពោះថ្ងៃអនាគតវិញ តើគាត់មានបំនងប្រាថ្នាបែបណាដែរ?

ចំពោះអនាគតវិញគាត់ បានបញ្ជាក់ប្រាប់ថា "ខ្ញុំនឹងប្រើចំណេះវិជ្ជា ទាំងប៉ុន្មានដែលខ្ញុំមាន យកទៅជួយដល់ ជនពិការផ្សេងៗទៀត ជាពិសេស គឺជនពិការភ្នែកតែម្តង ដើម្បីផ្តល់ជាកម្លាំងចិត្ត ដល់ពួកគេ ហើយមួយទៀតគាត់ចង់ ក្លាយទៅជាអ្នកបកប្រែ ភាសាអង់គ្លេសផងដែរ"។

ជាចុងក្រោយ បងប្រុស វីរៈក៏បានផ្តាំផ្ញើរទៅដល់ ជនពិការផ្សេងៗទៀត មានការតស៊ូនៅក្នុងជិវិត កុំអោយអស់សង្ឃឹមឡើយ ព្រោះថា ជីវិតរបស់មនុស្ស គ្រប់រូប ច្បាស់ណាស់ ត្រូវតែមានពន្លឺ។

នេះជារូបភាព ពេលគាត់កំពុងវាយអក្សរ ក្នុងកុំព្យូរទ័រ៖



នេះជា ទូសៀវភៅរបស់ បងប្រុស វីរៈ៖



រូបថតរបស់ បងប្រុស វីរៈ និងឪពុករបស់គាត់៖




)

)

ដោយ កា & ជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]