ខេត្តប៉ៃលិន​ ៖ យុវជន​ឈ្មោះ​សួរ វណ្ណា​ ​​ អាយុ​២០​ឆ្នាំ ជា​អ្នក​ចម្ការ​ រស់​នៅ​ភូមិ​​ភ្នំ​កុយ ឃុំ​សាលា​​​ក្រៅ​ ស្រុក​សាលា​ក្រៅ​ បាន​ផឹក​​ថ្នាំ​ពុល​បាញ់​​សម្លាប់​ស្មៅ​ប្រភេទ​​​ទឹក​ឃ្មុំ​​អស់​កន្លះ​ លីត្រ​​ប៉ង​សម្លាប់​ខ្លួន បន្ទាប់​ពី​ខឹង​​ឪពុកហាម​មិន​ឱ្យ​ចេញ​ ទៅ​​ក្រៅ​ដើរ​​លេង​​ផឹក​ស៊ី​ពេល​​យប់​ព្រលប់​ជា​​មួយ​មិត្ត​ភក្តិ ខ្លាច​មាន​គ្រោះ​ថ្នាក់​ ម៉្យាង​​រូប​គេ​មាន​ប្រពន្ធទៅ​ហើយ ។ គ្រាន់​តែ​​ស្តី​ឱ្យ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ​ធ្វើ​ឱ្យគេ​ខឹង​​រត់​​​ទៅ​ទាញ ​យក​ថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ឃ្មុំ​​ ដែលគ្មាន​ថ្នាំ​បន្សាប និង​ពិបាក​ព្យាបាល​​​ផឹក​នៅ​លើ​ផ្ទះរបស់​ខ្លួន​​ប៉ង​ធ្វើ​អត្ត​ឃាត​ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ។

ក្រោយ​ពី​ផឹក​រួច​ត្រូវ​ប្រពន្ធ​ឃើញ​ទាន់​​ក៏​ស្រែក​ ប្រាប់​ឪពុក​ម្តាយ​​ បង​ប្អូន​​ជិត​ខាង​​ឱ្យ​ជួយ​​ដឹក​តាម​ម៉ូតូ​​យក​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ត ។ ​​គ្រូ​ពេទ្យ​​បាន​ដាក់​ទឹក​លាង​ក្រពះ​ជម្រះ​ជាតិ​ពុល​ឱ្យ​យុវជន​​នោះ​​បាន​ រួច​ផុត​ពីសេចក្តី​ស្លាប់ ។​ ​ថ្នាំ​ពុល​សម្លាប់​ស្មៅ​នោះ​មាន​ឥទ្ធិ​ពល​​ខ្លាំងណាស់​​​ ពេល​គេ​យក​ទៅ​បាញ់​ស្មៅ​រួច​ក្នុង​រយៈ​ពេល​មួយ​​អាទិត្យ​ដើម​ស្មៅ​តូច​ធំ​នៅ ​ក្នុង​ចម្ការ​​នឹង​ត្រូវ​ស្លោក​ងាប់​តាំង​​ពី​ចុង​រហូត​ដល់​ឫស ។ ​ចំណែក​ឯ​បុរស​នោះ​​វិញ​មាន​សង្ឃឹម​​រស់​ភាគ​តិច​ណាស់​ ។

ស្ត្រី​ជាប្រពន្ធ​​ឈ្មោះ​ថន លីតា ​អាយុ​១៨​ឆ្នាំ ​ឱ្យ​ដឹងថា ​ប្តី​របស់​នាង​​ត្រូវ​ឪពុក​​ស្តី​ប្រដៅ ខណៈ​មក​ពី​ផឹក​ស្រា​​ជា​មួយ​មិត្ត​ភក្តិ​​ដោយ​មិន​ជួយ​ធ្វើ​ការ​​ងារ​អ្វី​ ដល់​នាង​សោះ ​។ ជា​ពិសេស​​នោះ​នៅ​ពេល​យប់​តែង​តែ​ដើរ​​ស៊ី​ផឹក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ រហូត​ដល់​យប់​ជ្រៅ​​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ ​រូប​នាង​ជា​ប្រពន្ធ​មិន​ហ៊ាន​ស្តី​បន្ទោស​​ប្តី​ឡើយ ​គ្រាន់​តែ​​បារម្ភ និង​​ស្រងូត​ស្រងាត់​ប៉ុណ្ណោះ ។ ឪពុក​ក្មេក​របស់​នាង​ឃើញ​​ទាស់​ចិត្ត​ពេក ក៏​ស្តី​ឱ្យ​ប្តី​របស់​នាង​​ធ្ងន់​មាត់​បន្តិច​​ដោយ​និយាយ​ថា «​យក​ប្រពន្ធមក​ធ្វើ​បាប​ចិត្ត​​ដោយ​មិន​គិត​ធ្វើ​​ការ​រក​ស៊ី​អ្វី​សោះ គិត​តែ​ពី​ដើរ​​ផឹក​ស៊ី​ជា​មួយ​​មិត្ត​ភក្តិ​​ដែលជា​​មនុស្ស​ប្រមឹក» ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា បន្ទាប់​ពី​ឪពុក​​ក្មេក​នាង​ស្តីតែ​ប៉ុណ្ណឹង​​ ស្រាប់​តែនៅ​រសៀល​ថ្ងៃ​កើត​ហេតុ​ ប្តី​របស់​នាង​​ឡើង​ទៅ​លើ​ផ្ទះ​ទាញ​យក​ដប​ថ្នាំ​ពុល​បាញ់​ស្មៅ​​ផឹក​​អស់​ កន្លះ​លីត្រ​ប៉ង​​សម្លាប់​ខ្លួន ។ ខណៈ​នោះ​នាង​​រត់​ឡើង​​ទៅ​លើ​ផ្ទះ​ឃើញ​ដប​ទឹក​ស្មៅ​បើក​គម្រប ហើយ​ឃើញ​ប្តី​​របស់​ខ្លួន​ក្អួត​ចេញ​មក​សុទ្ធ​តែ​​ទឹក​ថ្នាំ​ពុល​បាញ់​ស្មៅ ក៏​ស្រែក​ហៅ​ឪពុក​ម្តាយ​បង​ប្អូន​ឱ្យ​ជួយ​​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​​បង្អែក​ខេត្ត ។ឥឡូវ​នេះ​ប្តី​របស់​នាង​មាន​សភាព​ស្រស់​បស់​គ្រាន់​បើ​ឡើង​វិញ​ហើយ ​តែមិន​ដឹង​ថា​យ៉ាង​ណា​​ទៅ​ថ្ងៃ​ខាង​​មុខ​ទេ ​៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]