ខេត្ត​ស្វាយរៀង​ ៖ យុវជន​ម្នាក់​ត្រូវ​ខ្សែ​ចរន្តអគ្គិសនី​ដែល​ដាច់​ធ្លាក់​ពីលើ​បង្គោល​​​ឆក់​ ស្លាប់​​ ខណៈ​​​​កំពុង​ភ្ជួរដីធ្វើ​ស្រែ​ ។ ​ករណី​នេះ​​កើត​ឡើង​កាល​ពីថ្ងៃទី​២០​ ឧសភា​ ​វេលាម៉ោង​៩​ព្រឹក​ នៅភូមិ​តាប៉រ​ ឃុំ​តាសួស​ ស្រុក​ស្វាយ​ជ្រំ​ ។ ​យុវ​ជន​​រងគ្រោះ​ឈ្មោះ​យ៉ាន​ សុធន់​ ​​​អាយុ​២០​​ឆ្នាំ​ ​រៀន​ថ្នាក់​ទី​១២  នៅ​វិទ្យា​ល័យ​​ហ៊ុន​​សែន​ ​ស្វាយ​ជ្រំ​ ។

ទាក់​ទិន​នឹង​ករណី​នោះ​ លោក​អ៊ិន ស៊ីថា​ អាយុ​៤២ឆ្នាំ​ ​ជាឪពុក​​​ប្រាប់​កោះ​សន្តិភាព​ទាំង​ក្តុក​ក្តួល​ថា​ គាត់​មានកូន​៤នាក់​ ស្រី​២នាក់​ ឯយុវជន​រងគ្រោះ​ឈ្មោះ​យ៉ាន​ ​សុធន់​ គឺជាកូន​ច្បង​។ ​នៅ​ព្រឹក​​កើត​ហេតុ​​កូន​ប្រុស​ឈ្មោះ​យ៉ាន​ ចាន់​ថន​ អាយុ​១៦​ឆ្នាំ​ ​​យក​គោ​យន្ត​ទៅភ្ជួរ​ស្រែ​នៅ​​ខាង​ជើង​​ផ្ទះ​ចម្ងាយ​៥០ម៉ែត្រ​។ ពេល​ភ្ជួរស្រែ​ជិត​​​រួច​ហើយ​នោះ​​បងប្រុស​ឈ្មោះ​​យ៉ាន​ សុធន់​ ​ចុះ​ទៅ​ប្តូរ​ប្អូន​ភ្ជួរ​ម្តង​ ដើម្បី​ឱ្យ​ប្អូន​ឡើង​ហូប​បាយ​ ។ ​​ក្រោយពីហូបបាយ​រួច​​ប្អូន​ប្រុស​ក៏​ងើប​ត្រឡប​់​ទៅ​មើល​បង​ភ្ជួរ​វិញ​ ស្រាប់​តែ​ឃើញ​បងប្រុស​ឈរ​ញ័រ​​​នៅ​នឹង​ដៃ​គោយន្ត​ ឯគោយន្តរលត់​។ គេ​នឹក​ស្មាន​ថា​បងប្រុស​ខ្យល់គរ​បម្រុង​ចុះ​ទៅជួយ​ក៏​ឃើញ​បង​ប្រុស​ដួល​ ដាច់​​ផ្ងារ​​​​ចូល​ទៅ​ក្នុងទឹក​ស្រែ​។ ពេល​មើល​ទៅ​​​ឃើញ​ខ្សែ​ភ្លើង​ធ្លាក់​ទៅលើ​​ដៃ​គោយន្ត​ ទើបដឹងថា​បងប្រុសត្រូវ​ចរន្តអគ្គិសនី​ឆក់​ក៏រត់​ទៅបិទបារ៉ែត​ភ្លើង​ រួច​​​ស្រែក​ឆោឡោ​​ ។ ​ឪពុក​និង​ម្តាយ​និងអ្នក​ភូមិ​​​ផ្អើល​នាំគ្នាទៅមើល​ និង​លើកសព​កប់ដី​ ធ្វើ​ចលនា​បេះដូង​ រួច​ហៅ​គ្រូពេទ្យ​ឱ្យ​ជួយ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​​ ទេ គឺ​កូន​គាត់​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ ។​

មន្ត្រី​អាជ្ញាធរ​និយាយ​ថា​ ​នោះ​ជា​គ្រោះ​ដ៏​អាក្រក់​​បំផុត​​ ដោយ​ពេលកំពុង​តែភ្ជួរ ជិត​រួច​ទៅហើយ​ស្រាប់​តែ​បង្គោល​ភ្លើង​បាក់​ចុង​ធ្លាក់​ខ្សែ​មក​ចំ​ដៃ​គោ​ យន្ត​។ ដោយខ្សែ​ភ្លើង​ពុក​រហែក​​ស្រោម​ជ័រ​អស់​ បណ្តាល​ឱ្យឆក់​ជន​រងគ្រោះ​ជាប់​នៅដៃ​គោយន្ត​រហូត​អស់​ឈាម​ ទើប​របូត​ដួល​ផ្ងារ​​​ក្រោយ​គាំង​បេះដូង​ស្លាប់​តែម្តង​ ​។

ការ​បាក់​​​បង្គោល​ភ្លើង​​​​​ដើមអា​កាស្យា​​​​ដែល​ បង្ក​​ឱ្យ​មាន​​​​ការ​​រងគ្រោះ​​​​នេះ ​មាន​ប្រតិកម្ម​​​​​ពី​ក្រុម​ប្រជា​ពលរដ្ឋ​​​​ថា នេះ​មក​ពី​​​​​ក្រុមហ៊ុន​​​​​​ម៉ៅការ​​ដែល​ទិញ​​ភ្លើង​​​អគ្គិសនី​​​ពី​ ក្រុម​ហ៊ុន​​​​​អគ្គិសនី​​កម្ពុជា​ស្វាយ​រៀង​​​ ​ទៅ​ចែក​ចាយ​​​ឱ្យ​ប្រជា​ពលរដ្ឋ​​​​មិន​បាន​​គ្រប់​គ្រង​​​​​ត្រួតពិនិត្យ​​ ​​លក្ខណៈ​បច្ចេកទេស​​​​ឱ្យ​បាន​​ត្រឹមត្រូវ​​​​​។ គេ​ត​​​ខ្សែ​​ភ្លើង​តាម​ផ្លូវ​​​មុខ​ផ្ទះ​​​ដាក់​​បង្គោល​​​​ថ្ម  ​តូចៗ​ សឹង​​​មិន​ផុត​ក្បាល​​​​ដោយ​មាន​ខ្សែ​​ទំាំង​​​ស្រណុំ​​​​ ។ ពេល​​ដាក់​២​ឆ្នាំ​​ហើយ​​​​ខ្សែ​ភ្លើង​​​ពុក ​បង្គោល​​​ក៏​ពុក​​​​ ទើប​​​​បណ្តាល​​​ឱ្យមាន​គ្រោះ​ថ្នាក់​​​​​​។ ក្នុង​​​​​​រដូវ​​​​វស្សា​​​​​ឆ្នាំ​នេះ ​ភ្លៀង​ខ្យល់​​​​ខ្លាំង​​​​​ផង​នោះ គឺ​​​​​អាច​គ្រោះថ្នាក់​​​​​ទៀត ដោយ​​ដួល​​បង្គោល​​​​​​​​ធ្លាក់​​​ខ្សែ​​​ភ្លើង​​​​ចូល​ទឹក​​​​​ក្នុង​ស្រែ​ ​ដូច្នេះ​ពេល​​​ប្រជា​ពលរដ្ឋ​​​​ចុះភ្ជួរ​​ ឬ​ឆ្លុះ​​កង្កែប​​​​​ត្រី​​ពេលយប់​​​មិន​បាន​​មើល​​​អាច​គ្រោះថ្នាក់​​​​​​​ ខ្លាំងណាស់​​​ ​។ ​ក្រុម​ហ៊ុន​​​​ត្រូវ​​​​តែ​ទទួូល​ខុស​ត្រូវ​​ក្នុង​រឿង​នេះ ​។
លោក ​ម៉ាង ​សុភាព​ ​អ្នក​ម៉ៅការ​​​​ចែក​ចាយ​​​ភ្លើង​​​​អគ្គិសនី​​​ពីក្រុម​ហ៊ុន​​​​អគ្គិសនី​​ ​កម្ពុជា​​ ខេត្ត​ស្វាយ​រៀង​​​ ​​ប្រាប់កោះ​សន្តិ​ភាព​ថា ​​ក្រុមហ៊ុន​​​​របស់លោក​​មិន​ទទួល​​​ខុស​ត្រូវ​​​ទេ ដោយ​ក្រុម​ហ៊ុន​​​​​​​​បាន​ធ្វើ​កិច្ចសន្យា​​​​​​ ​មុន​​​នឹង​​​​​ត​បណ្តាញ​​អគ្គិសនី​​​​ម៉្លេះ ​​​គឺក្រុម​ហ៊ុន​​​​​​ទទួល​ខុស​ត្រូវ តែ​បណ្តាញ​ខ្សែ​ធំ​តាម​បង្គោល​ថ្ម​ពេល​ដាច់​ដួល​រលំ​ឆក់​មនុស្ស​ ក៏​ប៉ុន្តែ​​​ចំពោះ​​ខ្សែ​​ភ្លើង​​​​ដែលអ្នក​​​ប្រើ​​ប្រាស់​​​​​ត​ខ្សែ​​​ ចេញពី​​​បង្គោល​​ថ្មទៅតាម​ផ្ទះ គឺ​ម្ចាស់​​​​​ខ្សែ​ភើ្លង​​​​​ថែ​រក្សា​​​​បង្គោល​​​​ និង​​ខ្សែភ្លើង​​​​​​​របស់ខ្លួន​​​​បើមាន​​​ដាច់​ ឬ​​ឆក់​ស្លាប់​​ត្រូវ​ទទួល​​​​ខុស​ត្រូវ​​​​​​ដោយ​ខ្លួន​​ឯង ​ឬ​​កា​រ​តភ្លើង​​​​យក​ទៅឆក់​​ត្រី​ ​​បូមទឹក​ ហើយ​ឆក់​​​ស្លាប់​​​ត្រូវ​ទទួល​​​ខុស​ត្រូវ​​​​​​ដោយ​​ខ្លួន​ឯង​​ ​ក្រុម​ហ៊ុន​​​​មិន​ទទួល​​​ខុស​ត្រូវ​​​ឡើយ ។ ដូច្នេះ​​​​ការ​បាក់​បង្គោល​​ភ្លើង​​​​​ឆក់​ស្លាប់​​​នេះ​ក្រុមហ៊ុន​​​​មិន​ ទទួលខុសត្រូវ​​​​​ទេ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]