រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​​ជាម្តាយ​​​ឈ្មោះ​នួន​ ពៅ​ រស់​នៅ​ភូមិ​បឹង​លើ​ ឃុំ​ធ្លក​អាទាវ​ ​ស្រុក​លើក​ដែក​​ ខេត្ត​កណ្តាល​ បា​ន​កាន់​រូប​ថត​កូន​ស្រី​ដ៏​ក្មេង​ខ្ចី​ឈ្មោះ​សិត​ ស្រី​ពេជ្រ​ អាយុ​១៩​ឆ្នាំ​ ​ដែល​​បាត់​ពីផ្ទះ​តាំងពី​ថ្ងៃទី​៦​ ឧសភា​ ឆ្នាំ​២០១២​ ​រហូត​ដល់​ថ្ងៃទី​២០​ ឧសភា​ នៅ​តែ​មិន​ទាន់​ឃើញ​​​វិល​ត្រឡប់​​​​ទៅ​​វិញ​ឡើយ​ ជាហេតុ​ធ្វើ​ឱ្យ​គាត់​​​មាន​ការភ័យ​ព្រួយ​​អំពី​សុវត្ថិ​ភាព​​របស់​នាង​ ​​ដើរ​សួរ​គេ​ឯង​គ្រប់​ច្រក​ល្ហក​ ពិសេស​គឺ​នៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ​ខណ្ឌ​មានជ័យ​ ​។

ជួបជាមួយ​អ្នក​យក​ព័ត៌មាន​កោះ​សន្តិភាព​នៅក្នុង​ហាង​ កាហ្វេ​កៀន​ចិញ្ចើម​ផ្លូវ​តូច​មួយ​ក្បែរ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ​ អ្នក​​ស្រី​នួន​ ពៅ​ ​រៀបរាប់​ថា​ ​កូន​ស្រី​របស់​គាត់​​ចេញ​​បាត់​ពីផ្ទះ​ដោយ​គ្មាន​មូល​ហេតុ​​​ក្រោយ​ពេល​រូប ​នាង​ទើប​តែ​រៀប​ការ​រួច​ហើយ​បាន​៦​ថ្ងៃ​។ ​រយ​ៈ​ពេល​ជាង​កន្លះ​ខែ​មក​ហើយ​ ​​​​កូន​ប្រសា​គាត់​នៅ​​រង់​ចាំប្រពន្ធ​ជានិច្ច​ ​។

ស្ត្រី​ដដែល​​​បាន​រៀប​រាប់​​​ថា​ កូន​ប្រសា​គាត់​​ឈ្មោះ​សុខ ​ជា​ អាយុ​៣១​ឆ្នាំ​ មា​ន​ស្រុក​កំណើត​នៅខេត្ត​បាត់​ដំបង​។  គេ​បាន​ចូល​​ស្តី​ដណ្តឹង​កូន​ស្រី​គាត់​រៀប​ការត្រឹម​ត្រូវ​តាម​ប្រពៃ​ណី​ ខ្មែរ​ ​។ ​​កូន​ស្រី​គាត់​ជាអ្នក​សម្រេច​ចិត្ត​ទទួល​យក​សុខ​ ជា​ដោយ​ខ្លួន​ឯង​ ​ហើយ​គាត់​ក៏រៀប​ចំអាពាហ៍​ពិពាហ៍​ឱ្យ​​​ ។ ​​តាម​រយៈ​កោះ​សន្តិភាព​​ស្ត្រី​ឈ្មោះ​នួន​ ពៅ​ ​អង្វរ​ចិត្ត​កូន​ស្រី​រូប​នោះ​ឱ្យ​ត្រឡប់​​ទៅ​​ផ្ទះ​វិញ​​ដ្បិត​​រូប​គាត់​ ​ និង​ប្តី​របស់​នាង​ព្រួយ​បារម្ភ​ពីនាង​ខ្លាំង​ណាស់​​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]