ខេត្តកំពង់ស្ពឺ ៖ ​ក្រុម​មន្ត្រីជំនាញ​របស់​សមត្ថ​កិច្ច​​បារាំង​​ និងកម្ពុជានៅតែ​បន្ត​​​ព្យា​យាម​ស្វែងរកអាថ៌កំបាំង​នៃ​ការ​​​​ស្លាប់​បុរសពោះ​ម៉ាយ​​​ជនជាតិ​បារាំង​​លោក​ឡូរ៉ង់ ​វ៉ាលីយេ៉ និង​កូនទាំង​៤​នាក់​របស់លោកនៅឡើយ ។​ ទោះបីជាបែប​ណា ​សម្រាប់​​​សមត្ថ​កិច្ច​បារាំង​នៅតែប្រកាន់ថា ​​ល្គឹក​ណា អត្ត​សញ្ញាណឆ្អឹង​ទាំងអស់​​ដែល​រក​ឃើញ​​ក្នុង​រថយន្ត​​​​ត្រូវ​បាន​បញ្ជាក់​​ ទើបអាច​កំណត់​​​បានថា លោក​វ៉ាលី​យ៉េ និងកូន​ទាំង៤នាក់​ពិត​ជាស្លាប់​មែន ។

ជុំវិញ​​ការស្លាប់នេះ​តាមប្រភព​ពី​មន្ត្រី​នានា​បាន​ធ្លោយ​ឱ្យ​ដឹងថា ​​រកមិនឃើញ​​តម្រុយ​នៃ​​ការ​ធ្វើ​ឃាត​ណាមួយទេ រហូត​មកដល់ពេលនេះ ។ ​អ្វី​ដែល​មុននេះ​ត្រូវ​បាន​សង្ស័យថា ​​​ជា​ឃាតកម្ម​នោះ​គឺ​ដោយសារ​តែគេបាន​ប្រទះឃើញ​​​ឆ្អឹង​ក្បាល​សង្ស័យ​ក្បាលលោកវ៉ាលី​យ៉េនៅក្នុង​​វ៉ា​លីសដែលចំហមាត់នៅបាំង​ក្រោយ​រថយន្ត ​ ទើប​មាន​ការ​​សន្មត់​​ថា លោក​ត្រូវ​ឃាតក​សម្លាប់​ដោយ​​កាត់ក្បាល ។ ​ប៉ុន្តែ​ការសង្ស័យ​​លើក​ដំបូងៗ ខណៈ​ពេលប្រទះឃើញ​សាក​សព​នៅក្នុង​រថ​យន្ត​ពិតជា​​អាចសន្និដ្ឋាន​​​ខុស​​​ដោយសារ​តែមាន​​​​​សន្និ​​ដ្ឋាន​ថា មូលហេតុ​ដែល​​លលាដ៍​ក្បាល​របស់​លោកវ៉ាលីយ៉េ​ដាច់ពីកនោះ​អាច​ដោយសារ​តែ​​​ការ​ស្ទូច​ទាញ​រថយន្ត​ចេញ​ពី​ក្នុង​ត្រពាំង​ទឹក​ ហើយ​របេះធ្លាក់​ដោយ​ចៃដន្យ​ចូល​ទៅ​ក្នុង​វ៉ាលីស ​​ដែលចំហ​មាត់នោះ ។

ប្រសិនបើ​ស្ថិត​ក្នុង​​ស្ថាន​ភាព​​បែបនេះមែន ការមន្ទិលសង្ស័យ​ទៅ​លើ​ឃាត​កម្ម ​ក៏ត្រូវ​​ងងឹត​ឈឹងដដែល ​។ មិនខុសពី​ព័ត៌មាន​​ដំបូងៗ​ដែល​មានការ​សង្ស័យថា អាច​ជា​ការ​ធ្វើ​អត្ត​ឃាត​ពីព្រោះ​តែលោកវ៉ាលី​យ៉េ​​ក៏មាន​ប្រភព​ព័ត៌មាន​​​កន្លងមក​បានកត់សម្គាល់​​ថា មាន​ស្មារតី ​​​មិន​ប្រក្រតី​​ ហើយជាមួយ​នេះ​ប្រសិន​បើ​ជា​ឃាត​កម្មមែននោះ ប្រហែលជាមិន​មាន​ធាតុ​ប្រពន្ធ​ខ្មែរ​​​របស់​លោក​នៅក្នុង​រថយន្ត​នោះទេ ​។ ​តែ​ពេល​ដែល​​ត្រូវ​បាន​ស្ទូចឡើង​យកមក​ធ្វើ​ការ​ពិនិត្យ​ ឃើញ​មាន​​ធាតុ​មួយ​របស់ភរិយា​លោកនៅក្នុង​នោះ​ដែរ ។

ថ្វីបើមាន​ការសន្និដ្ឋាន​​បែបណា ក៏​បញ្ហា​​ចម្ងល់​​នៅតែមាន​ជុំវិញ​មរណភាពរបស់គ្រួសារ​​បារាំង​មួយនេះ ខណៈ​ពេល​ការធ្វើកោសល្យ​​​វិច័យ​​របស់សមត្ថកិច្ច​​ប៉ូលិស​បារាំង​នៅ​តែបន្ត​ស្វែងរក​​ការពិត ។ ​តាម​មន្ត្រី​ស្ថានទូត​ឱ្យ​ដឹងថា ​​​រឿង​ក្តី​មួយនេះ​ប្រព័ន្ធយុត្តិធម៌បារាំង​បានបើកការ​​ស៊ើប​អង្កេត​​ដោយមាន​​ការ​តែងតាំង​​ចៅក្រម​​ស៊ើប អង្កេត​ផង ។ ជា​លទ្ធផល​នៃ​ការ​សិក្សា​​ស្រាវ​ជ្រាវ​​​ត្រូវបាន​មន្ត្រី​ស្ថានទូត​បារាំង​និយាយថា ​​មិន​ទាន់​មាន​ការវាយតម្លៃ ឬសន្និដ្ឋាន​យ៉ាង​ណានៅឡើយទេ ។​​​ មន្ត្រី​​​កម្ពុជា​ដែលកំពុង​សហការ​ជាមួយសមត្ថកិច្ច​​បារាំង​បាននិយាយថា​​​ បានជារឿង​រ៉ាវនេះ​ស្មុគ​ស្មាញ​​ ដោយសារ​​​តែ​ប៉ុន្មានសបា្តហ៍មុន​ពេល​គ្រួសារ​បារាំងបាត់ខ្លួន គឺ​ពួកគេ​ហាក់ដូចជា​កាត់​ផ្តាច់​ទំនាក់ទំនង​ ឬមាន​ការទាក់ទង​តិចតួច​ជាមួយ​អ្នកជិតខាង ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]