ភ្នំពេញៈ ស្នូរសំឡេងផ្ទុះ បានបន្លឺឡើងបង្ករ ការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ និងសម្ថកិច្ច ដែលការផ្ទុះ នេះ គេសង្ស័យថា ជាការផ្ទុះគ្រាប់ និងធ្វើឲ្យកម្មករ២នាក់ រងរបួសធ្ងន់-ស្រាល ប៉ុន្តែតំណាងរោងចក្របានបដិសេធ ។

មន្រី្តអាវុធហត្ថខណ្ឌមានជ័យ បាននិយាយថា កម្មករ២នាក់រងរបួសធ្ងន់-ស្រាល ក្រោយមក ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ មន្រី្តដដែលបន្តថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី២០ឧសភា នៅក្នុងបរិវេណរោងចក្រស្លដែកយីហោ «ទីអីស្ទីលខបភើរេសិន» ដែលមានទីតាំង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ករណីផ្ទុះខាងលើនេះ ត្រូវបានក្រុមសន្តិសុខរោងចក្របដិសេធថា មិនមែនជាសំឡេងផ្ទុះគ្រាប់នោះទេ ប៉ុន្តែក៏បាន មិនដឹងថា ជាសំឡេងអ្វីដែរគ្រាន់តែដឹងថា មានកម្មករ២នាក់របួសធ្ងន់-ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅ មន្ទីពេទ្យ ។

លោក គឹម រតនា វ័យ ២៩ឆ្នាំ រងរបួសស្រាល ដែលកំពុងសង្រ្គោះនៅមន្ទីពេទ្យឯកជន បាននិយាយថា ខណៈ ដែលពួកខ្លួនរួម និងកម្មករផ្សេងទៀត កំពុងធ្វើការស្រាប់តែស្នូរសំឡេងផ្ទុះ បានបន្លើឡើង ដោយមិនដឹងខ្លួន។

ជនរងគ្រោះម្នាក់ទៀត លោក អ៊ីន វ័យជាង៣០ឆ្នាំ មិនអាចនិយាយបានទេ កាលពីវេលាយប់កើតហេតុ ដោយសារស្ថានភាពកំពុងត្រូវសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យរុស្ស៊ី។

ក្រុមកម្មករដទៃទៀតបានអះអាងថា សំឡេងផ្ទុះនេះជាកំហុសខាងរោងចក្រ ដែលបង្កើតរោងចក្រស្លដែក ដោយ គ្មានបច្ចេកទេស ទើបបណ្តាលឲ្យមានឧប្បត្តិហេតុ និងឈានដល់របួសកម្មករបែបនេះ ។

ក្រុមកម្មករបន្តថា នេះមិនមែនជាលើកទី១ទេ ដែលកម្មកររងរបួសនៅក្នុងរោងចក្រនេះ កម្មករដដែលបានបន្តថា ក្នុង១ថ្ងៃពួកគេ ស៊ីឈ្នួលផលិតដែកបានពី ៣០ទៅ៤០តោន ដោយក្នុង១តោន បានប្រាក់កម្រៃ ៤កាក់ ៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]