រាជ​ធានីភ្នំពេញ ៖ ​ កញ្ញា សួន ដាវន ជា​តារា​ចម្រៀង​​មួយដួង ដែល​កំពុង​​ចាប់​ផ្តើម​រីក​នៅ​ក្នុង​សួនសិល្បៈ​ហើយ​នាង​​ ក៏ជា​បេក្ខជន​ដែល​បាន​ប្រឡង​​ជាប់​លេខ២​ ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​​អាស៊ីអាគ្នេយ៍​​​កាលពីឆ្នាំ​២០១១ ផ្នែក​ចម្រៀង​​កន្លង​ទៅនេះ​ផង​ដែរ ។​ ជាង​នេះ​​ទៅ​ទៀត ​នាង​ទើប​តែ​ត្រឡប់​មកពី​ច្រៀង​​ និង​សម្តែង​នៅ​ប្រទេស​ជប៉ុន​ជាមួយ​នឹង​តារា​ចម្រៀង​​ល្បីៗ​ប្រចាំ​ ព្រះរាជាណាចក្រ​កម្ពុជា​​​ជា​ច្រើន​ទៀត ហើយ​ឆ្លៀត​ក្នុង​​ឱកាសនេះ កញ្ញាសួន ដាវន ក៏សូម​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ផង​ដែរ ដល់បងប្អូន​នៅ​ប្រទេស​ជប៉ុន ដែល​បានគាំទ្រ​ដល់​ការ​សម្តែង និង​ច្រៀង​របស់នាង ។

​កញ្ញា​សួន ដាវន បានប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា នាង​ជាកូនទី៧​​នៅ​ក្នុង​ចំណោម​បង​ប្អូន​៩​នាក់ ​ប្រុស៥នាក់ ស្រី៤នាក់ ។ ​នាង​មាន​ឪពុក​ឈ្មោះ​សួន​ អឿន អាយុ​៥៥​ឆ្នាំ ​ជា​អ្នកសិល្បករ​ផ្នែក​ព្យ៉ាណូ តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ ហើយ​បង​ថ្លៃ​ជា​អ្នកវាយស្គ​រ ចំណែក​​​​​​​​​​​​​​​ឯ​បង​ស្រី​ច្បង គឺជា​​តារា​ចម្រៀង​ឈ្មោះសួន សាវឿន ​នៅ​ក្នុង​​ក្រុម​តន្ត្រី​​ប្ញស្សី​ស្រុក​ជាមួយ​នឹង​ឪពុក​របស់នាង​ ។ កញ្ញាសួន ដាវន មាន​ស្រុក​កំណើត​​នៅភូមិ​កំពូល​​មាស ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ។​ ដោយ​សារ​តែ​នាង​មាន​ទឹក​ដម​សំឡេង​​ពីរោះ មាន​ចិត្ត​ស្រឡាញ់​​ខាង​ផ្នែក​វិស័យសិល្បៈ​នាង​ក៏​បាន​សុំ​ឪពុក​របស់នាង​ ចូលច្រៀង​​នៅ​ក្នុង​ក្រុម​តន្ត្រី​របស់​ឪពុកនាង​ ដោយ​នាង​ចាប់​ផ្តើម​ច្រៀង​តាំងពី​អាយុ​១៦ឆ្នាំមកម្ល៉េះ ។

កញ្ញា​សួន ដាវន ​បានបន្ត​ទៀតថា នៅ​ពេល​​ដែល​នាងប្រឡង​​ចប់ថ្នាក់ទី១២ ​នៅ​ក្នុង​ឆ្នាំ​២០១០​​ហើយនោះ​​ នាង​ក៏​បានសុំ​ឪពុក​ម្តាយ​​មកបន្ត​ការ​សិក្សា​​នៅភ្នំពេញ គឺសិក្សា​នៅ​សាកល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ផ្នែកគណនេយ្យ ។ ​នៅ​ក្នុង​ឆ្នាំ​២០១១ ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​បើកកម្ម​វិធីប្រឡង​ជ្រើស​រើស​ តារាចម្រៀង ហើយ​​ដោយ​សារ​តែ​មានចិត្តស្រឡាញ់​ផ្នែក​នេះ​ផង​នោះ ​នាងក៏​សម្រេច​ចិត្ត​​ដាក់​ពាក្យប្រឡង​តែម្តង ។ ​នាង​មាន​ការភ័យខ្លាច​ខ្លាំងណាស់ ​នៅពេល​ដែល​គណៈ​កម្មការ​ធ្វើ​ការ​ជំរុះ​ម្តងៗ រហូត​ដល់​វគ្គ​ផ្តាច់ ព្រ័ត្រ  នាង​ក៏​​ទទួលបាន​ចំណាត់​ថ្នាក់លេខ២តែ​ម្តង ។ បន្ទាប់ពី​បាន​ប្រឡង​ជាប់​ហើយ នាងត្រូវ​បាន​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​ទាក់ទង​ឱ្យ​ទៅ​​​ចូលច្រៀង​​ និង​ធ្វើ​តេស្ត​សំឡេង ប៉ុន្តែ​ត្រូវបានខក​ខាន​ទៅវិញ ដោយ​សារ​តែនាង​ជាប់​រវល់​​​នឹង​ការ​សិក្សា ។

​បន្ទាប់ពី​នោះមកទៀត ​នាងក៏ត្រូវ​មិត្ត​ភក្តិ​របស់​នាង ដែល​លោក​មានឈ្មោះ​ប៉ែន ​ច័ន្ទសុខ បូរ៉ាត ​ជា​ប្រធាន​​គណៈ​កម្មាធិការសម្រប​សម្រួល ​អាណិកជន​ខ្មែរ​នៅប្រទេសជប៉ុន ទាក់ទង​​ឱ្យ​នាង​ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល១ខែ​ហើយ ​នាងក៏​បាន​ចេញទៅ​នៅថ្ងៃទី៥ មេសា ឆ្នាំ​២០១២ កន្លង​ទៅនេះ​ ឥឡូវនាង​បាន​ត្រឡប់មក​វិញ និងបាន​​នាំ​មកនូវ​ភាពជោគជ័យ ​មកជាមួយ​ថែមទៀត​ផង។

និយាយអំពីការ​ច្រៀង​នៅ​ប្រទេស​ជប៉ុន​​​វិញ នាង​បាន​ឱ្យ​ដឹង​ថា ​នាង​មាន​សេច​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​​នៅ​ពេល​​ដែល​បាន​ឃើញ​បង​ ប្អូន​​ខ្មែរ​យើង​ដែល​កំពុង​រស់​នៅ​ប្រទេស​ជប៉ុន ​នាំ​គ្នា​មក​ទស្សនា និងគាំទ្រ​សិល្បៈ​ខ្មែរ​យ៉ាង​ច្រើន​កុះ​ករ ​ដែល​ធ្វើ​ឱ្យ​​រូប​នាង​មិន​អាច​បំភ្លេច​បាន ។ ​ជាងនេះទៅ​ទៀត​នាង​ក៏​សូម​ថ្លែង​អំណរ​គុណ​​ដល់​លោក​ប្រធាន ប៉ែន ​ច័ន្ទ​សុខបូរ៉ាត ដែល​​​បាន​ជួយ​ដល់​រូប​នាង​ឱ្យ​បាន​​ទៅ​ច្រៀង​ និង​សម្តែង​​នៅ​ប្រទេស​ជប៉ុន ។​នាងសូមថ្លែង​អំណរគុណដ៏​ជ្រាល​ជ្រៅដល់​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ដែល ​បាន​គាំទ្រ​​ដល់​រូប​​នាង​ ។

ក្នុងវ័យ​២២​ឆ្នាំ កញ្ញា​ដ៏​ស្រស់សោភសួន ដាវន  រូប​នេះ ​បាន​ឱ្យ​ដឹង​ពី​គោល​បំណងរបស់​នាង​ផង​ដែរ​ថា ​នាងចង់​​ក្លាយ​​ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​មាន​ឈ្មោះ​​​បោះ​សំឡេង​​​ដូច​ ជាតារា​​ចម្រៀង​ល្បី​ផ្សេងៗ​​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រោះ​​សិល្បៈចម្រៀង​ជា​ក្តី​ប្រាថ្នា​ទី​មួយ​នៅ​ក្នុង​ជីវិតរបស់​នាង​ ហើយ​ក្រៅ​ពី​សិល្បៈ​​នាងក៏​ចង់​ធ្វើការ​ឯក​ជន​ទៅ​តាម​មុខ​ជំនាញដែល​នាង​ កំពុង​តែ​សិក្សា​​នេះ​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ស្នេហា​​វិញ តារា​ចម្រៀង​ថ្មី​រូប​នេះ​បាន​ឱ្យ​​ដឹងថា បច្ចុ​ប្បន្ន​នាង​ក៏​មាន​អ្នក​តាម​ស្រឡាញ់​​ច្រើន​ណាស់​​ដែរ ។ ​ប៉ុន្តែ​នាង​មិន​ទាន់​ជ្រើសរើស​​អ្នក​ណា​ម្នាក់​មក​ដាក់​ក្នុង​ដួង​ចិត្ត​ នៅឡើយ​ទេ ​ហើយ​រឿង​នេះ​ទុក​ឱ្យ​​​ព្រហ្ម​លិខិត​ជាអ្នក​កំណត់​ទៅ​ចុះ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]