រាជធានីភ្នំពេញ​ ៖ ភូមិគ្រឹះ​ជាច្រើន​​​​កន្លែង​នៅ​​​ក្នុង​រាជធានីភ្នំពេញ​ ត្រូវបាន​​កម្លាំង​​នគរបាល​​សន្តិសុខ​​ផ្ទៃ​ក្នុង​ក្រសួង​មហា​​ផ្ទៃ​​រួមជាមួយ​​ប៉ូលិសមូល​ដ្ឋាន​​បាន​​​ឆ្មក់​​ចូល​​ឆែក​ឆេរ​​​កាលពី​រសៀល​​ថ្ងៃទី​១៨ ឧសភា ​និង​បាន​​ឃាត់​ខ្លួន​​ជនជាតិ​​ចិន​ជាបន្ត​បន្ទាប់​​ ដែល​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ជាច្រើន​ មាន​ការ​​​ចាប់​ជំរិត​តាម​អ៊ីនធើរ​ណេត​​ និង​​បទ​ល្មើសផ្សេងៗ​​​ទៀត ។ តាម​​​ប្រភព​​ឱ្យដឹង​​ថា ការ​បង្ក្រាប​នេះ​​ត្រូវ​បាន​ធ្វើ​​ឡើង​​​៨​កន្លែង​​ក្នុង​ខណ្ឌ​ចំនួន​៣​ គឺខណ្ឌ​​ទួល​គោក​​ ​ឫស្សីកែវ ​និង​ខណ្ឌ​សែន​សុខ​ ។​

​​តាម​​​ព័ត៌​មាន​​ជំហាន​​ដំបូង​​​​ឱ្យដឹងថា ​នៅ​ក្នុង​​ខណ្ឌ​ទួល​គោក​​​ភូមិគ្រឹះ​​ចំនួន​៤​​​កន្លែង​ត្រូវ​បាន​​​​សមត្ថកិច្ច​​ចម្រុះ​​​ដឹកនាំ​​ដោយ​​​ព្រះរាជអាជ្ញា​​​អម​សាលាដំបូង​​​បាន​​ឆ្មក់​​ចូល​​​ឆែក​ឆេរ​ ដោយ​ឃាត់​ខ្លួន​​ជនជាតិ​ចិន​​ចំនួន​២៤​នាក់ ​ក្នុង​នោះ​​ស្ត្រី​៦​  នាក់ ។ ​ភូមិ​គ្រឹះ​ដែល​ត្រូវ​ឆែក​ឆេរ​ស្ថិត​​​នៅ​សង្កាត់​​​​បឹង​កក់​ទី​២ មាន​២កន្លែង​ ដែល​ការ​​ឆែក​ឆេរ​​ពុំ​​ត្រូវ​ឃាត់​​​ខ្លួន​បាន​ឡើយ ។ ​សម្រាប់​​សង្កាត់​បឹង​កក់ទី១ មាន​ចំនួន​​២​កន្លែង ដែល​គោល​ដៅ​ទី​មួយ​ ផ្ទះលេខ​៤ ផ្លូវ​លេខ​​៥៤៨ ក៏​ពុំ​បានឃាត់​ខ្លួន​ដែរ​ និង​គោល​ដៅ​​ទី​២​ ​ផ្ទះ​លេខ​​៥៦​ ផ្លូវលេខ​​២៧៩ សង្កាត់​បឹង​កក់​​ទី​១ ​ម្ចាស់​ភូមិ​គ្រឹះ​​ ជា​ឧត្តម​សេនីយ៍​ ម៉ារ​ សំបូរ​ណា  ជួល​ឱ្យ​ជន​​ជាតិ​ចិន​ត្រូវ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២៤​នាក់ ​ ដែល​ក្នុង​នោះ​​មាន​ស្រី​៦​នាក់ ។ ដោយ​ឡែក​នៅ​ខណ្ឌ​ឫ​ស្សី​កែវ​ លំនៅ​ឋាន​​​​​​​​​​​​​​​​ចំនួន​២​កំពុង​​ត្រូវ​​​​​ឆែក​ឆេ​រ មួយ​កន្លែង​ផ្ទះ​លេខ​៦​អា ផ្លូវ​កែវ​ ចិន្តា ​ភូមិ​ទី​៣ ​ពុំ​បានឃាត់​​ខ្លួន​មនុស្ស​ទេ តែ​បាន​​ដក​ហូត​​​ឯក​សារ​មួយ​ចំនួន​ និង​មួយ​កន្លែង​​ផ្សេង​ទៀត​នៅ​បុរី​សុភមង្គល​ ផ្ទះ​លេខ​​ ៨៧H ​ភូមិទី​​៣ ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវឃាត់​ខ្លួន​ចំនួន​៩​នាក់ ទាំង​ខណ្ឌ​​ឫស្សី​កែវ និង​ខណ្ឌ​ទួល​គោក​ សរុប​ ឃាត់​ខ្លួន​ចំនួន​៣៣​នាក់ ។

នៅ​ខណ្ឌ​សែន​​សុខ​ សមត្ថកិច្ច​​ចម្រុះ​បាន​ឡោម​ព័ទ្ធ​​ និង​ឆែក​ឆេរ​ភូមិ​គ្រឹះ​​ស្កឹម​ស្កៃមួយ​​នៅ​សង្កាត់​​ភ្នំពេញ​ថ្មី ដែល​ធ្លាប់​ជា​​កម្ម​សិទ្ធិ​​របស់​ឧកញ៉ា តាន់ សេង​ហាក់ ។
តាម​ប្រភពព័ត៌មាន​​​​បាន​ឱ្យ​ដឹងថា នៅ​វេលា​​ម៉ោង​៥​និង​៥​នាទីល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ​​កម្លាំង​​​​ប៉ូលិស​​សន្តិសុខ​​ផ្ទៃ​ក្នុង​ក្រសួង​​មហា​ផ្ទៃ​​សហការ​​ជា​មួយ​​ប៉ូលិ​ស​មូល​ដ្ឋាន ​ដឹក​នាំ​ដោយ​លោក​ជា​​ ម៉េត ​ព្រះ​រាជ​​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ បាន​ចុះ​ឆែក​ឆេរ​​ភូមិ​គ្រឹះ​លេខ​២២ តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ​​-ហាណូយ ក្នុង​ភូមិ​​ពោង​ពាយ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្នុង​ប្រតិបត្តិការ​​ឆែក​ឆេរ​ភូមិ​គ្រឹះ​​ដែល​គេ​ដឹង​ថា ​​ជា​របស់​លោក​ឧកញ៉ា​​តាន់ សេង​ហាក់ ​សមត្ថកិច្ច​បាន​ហាម​ឃាត់​អ្នក​កាសែត​​​មិន​ឱ្យ​យក​ព័ត៌មាន​អំពី​ការ​ឆែក​ឆេរ​ភូមិ​គ្រឹះ​​របស់​ឧក​ញ៉ា​រូប​នេះ​ទេ ។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​​ យោង​​តាម​​ប្រភព​​ព័ត៌មាន​នានា​បានឱ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការ​​ឆែក​ឆេរ​​ភូមិ​គ្រឹះ​​នេះ ​សមត្ថកិច្ច​​បាន​ឃាត់​ខ្លួន​​ជន​ជាតិ​ចិន​ចំនួន​១៥​នាក់ ​​ក្នុង​នោះ​មាន​ស្រី​៣​នាក់ ។

ចំពោះ​​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​​នេះ ត្រូវ​បាន​ប្រភព​​ឱ្យ​ដឹង​ថា ជា​​ក្រុម​​ពាក់​ព័ន្ធនឹង​ករណី​​ឆ្លង​ដែន​ខុស​ច្បាប់​ និង​​ចាប់​ជំរិត​​គ្នា​​តាម​ប្រព័ន្ធ​​អ៊ីន​ធើ​រ​​ណេត ។ ក្រៅ​ពី​នាំ​ខ្លួន​​ជន​ជាតិ​ចិន​​ សមត្ថកិច្ច​​មិន​បាន​ប្រាប់​ពី​ការ​ដក​ហូត​សម្ភារផ្សេង​ៗ​នៅ​ក្នុង​ភូមិ​គ្រឹះ​​ខាង​លើ​នេះ​ទេ ។

តាម​ការ​កត់​សម្គាល់​​មាន​តែ​ក្រុម​ម៉ាហ្វី​យ៉ា​ទេ ដែល​ហ៊ាន​ជួល​ភូមិ​គ្រឹះ​​ស្កឹម​ស្កៃ​ស្នាក់​នៅ​​ ព្រោះ​ភូមិ​​គ្រឹះ​ធំៗ​​បែប​​នេះ កុំ​ថា​តែ​ប្រជា​ជន​សាមញ្ញ​សូម្បី​សមត្ថកិច្ច​​​ក៏​ញញើត​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]