ខេត្តពោធិ៍សាត់ ៖ ​បុរស​​​​ពីរ​នាក់​ជាឪពុក​និង​កូន​បានត្រូវ​​ប៉ូលិស​​ស្រុក​បាកាន​ឃាត់​ខ្លួន​​កាល​ពីថ្ងៃទី២០ មករា ​​វេលាម៉ោង​៥ និង​​៤៥​នាទី​ល្ងាចពីបទ​​លាក់ទុក និង​ប្រើប្រាស់អាវុធ​​​​ខុស​ច្បាប់​ ។ ​​ការ​ឃាត់​ខ្លួន​​​បានធ្វើឡើង​ ខណៈ​ពេល​​​​ជន​សង្ស័យ​ទាំងពីរនាក់​កំពុងជិះម៉ូតូ​អោបការុង​​​ដែល​ក្នុងនោះ​មាន​កាំភ្លើងធុន AK ​បត់​មួយ​ដើម ​បង់១​ មាន​​៣៩​គ្រាប់ និង​កាំបិត១ ។

លោកវរ​សេនីយ៍​​ត្រី​ប៉ែន ទុង ​អធិការ​​នគរ​​បាលស្រុក​បាកាន​​និយាយ​ថា បន្ទាប់ពី​​មាន​​ករណី​ប្លន់​​​ប្រដាប់អាវុធ​​​យក​ម៉ូតូ​មួយគ្រឿង​​​​បាញ់​មនុស្ស​​​ស្លាប់ម្នាក់នៅវត្ត​​​របត់រំដួល​ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវាញ កាលពី​​យប់​ថ្ងៃទី១៧ ​​មករា ឆ្នាំ​២០១២ ​មក​ យើង​​បានពង្រឹង​​កម្លាំង​​​គ្រប់ប៉ុស្តិ៍​​​ទាក់ទង​គ្នាគ្រប់​ស្រុក ដើម្បី​​ស្វែង​រក​មុខ​​សញ្ញា​ក្រុមចោរ​ទាំងនោះ​ ។ លុះ​​នៅល្ងាចថ្ងៃទី២០  មករា ​ឃើញ​ជនសង្ស័យ​​​ពីរនាក់​ឪពុក​ និង​កូន​​ជិះ​ម៉ូតូ​​អោបការុង​​​នៅចំណុច​ខាងត្បូង​ស្ពាន​វត្ត​បាកាន​ ឃុំ​ត្រពាំង​​​ជង ស្រុក​បាកាន ក៏ហៅ​ឈប់​​ដើម្បីត្រួត​ពិនិត្យ​មើល ស្រាប់តែ​​​ឃើញ​មាន​​​​​កាំភ្លើង AK ​​ក៏​ឃាត់ខ្លួន​តែម្តង ។​ ឪពុក​ឈ្មោះ​​ជុំ ​​ជឿម ​​អាយុ​៥២​ឆ្នាំ ​រស់នៅភូមិ​កោះកែវ ឃុំ​ត្រពាំង​​ជង ​​រីឯ​កូន​ប្រុស​ឈ្មោះ​ជុំ ចេង ​អាយុ​៣០​ឆ្នាំ ​នៅភូមិ​​គៀន​​ ឃុំ​កោះ​ជុំ ​​ស្រុកកណ្តៀង ​។ ម៉ូតូ​ម៉ាកហុង​ដា C125 ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ពោធិ៍​សាត់ ​1B.0345 និង​​ទូរស័ព្ទ​១គ្រឿង​ត្រូវ​បាន​ដកហូត​ទុក ។

នៅ​ចំពោះ​មុខសមត្ថកិច្ច​​ជុំ​ ជឿម បាន​សារ​ភាព​ថា មុន​​ប្លន់​​ម៉ូតូ​៧​ថ្ងៃ​ខ្លួន​បាន​​រៀបចំ​​កម្លាំង​​​មានគ្នា​៣នាក់​​ទៅប្លន់​នៅខាង​លិច​វត្ត​បត់​រំដួល ​​តែ​មិនបាន​សម្រេចដោយ​សារ​ផ្ទះ​ដែលត្រូវ​ប្លន់​​​នោះ​បិទទ្វារជិត​ ហើយឆ្កែព្រូស​ខ្លាំងពេក ​​ក៏នាំគ្នា​​ដកថយវិញ ។ ចំណែក​ប្លន់ម៉ូតូ​នៅ​ផ្សារ​បត់​​រំដួល កាលពីយប់​ថ្ងៃទី១៧ ​នោះ ខ្លួន​មិន​បាន​ចូល​រួម​ទេ ប៉ុន្តែ​ជាបក្សពួក​​របស់​ខ្លួនដែរ ។ ​ជនសង្ស័យ​​បន្ត​ទៀតថា នៅ​ថ្ងៃទី២០ ​មករា ខ្លួន​បានរៀបចំ​​កម្លាំង​ទៅប្លន់​នៅស្រុក​វាលវែង ​ដោយ​បាន​ណាត់​គ្នា​រួច​​អស់ហើយ ។ ​​លុះ​ទើប​តែជិះ​ម៉ូតូអោបការុង​​កាំ​ភ្លើងពីរនាក់​កូនប្រុស​​ទៅ​ដល់​ខាងត្បូង​​ស្ពាន​វត្ត​​​បាកាន​ ក៏​ត្រូវ​សមត្ថកិច្ច​​​​ស្ទាក់​ឃាត់​ខ្លួន​​តែម្តង ។

ជនសង្ស័យ​ទាំងពីរ​នាក់ឪពុកនិងកូន​​ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូនទៅ​តុលាការ​នាថ្ងៃទី២២ ​មករា នេះ ដើម្បី​ចាត់ការ​ទៅតាមនីតិវីធីដោយ​រួមទាំង​វត្ថុ​​តាង​ផងដែរ ។​ មុខរបរ​ស្របច្បាប់​មាន​​ច្រើន​​គគោកមិនធ្វើ បែរជា​ដើរប្លន់​បាញ់​សម្លាប់​​​មនុស្សដូច​​​ជីវិត​សត្វ វា​សម​នឹង​ជាប់គុក​ទាំង​ឪពុក និង​កូន​​បែបនេះហើយ ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]