មនុស្សយន្ត មានច្រើនបែបច្រើនសណ្ឋានណាស់ ប៉ុន្តែមិនដឹងថា ប្រិយមិត្តធ្លាប់ដែល បានឃើញ និង បានស្គាល់ អំពីសត្វយន្ត ហើយឬនៅ?

ថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្ត មកជួប ជាមួយសត្វយន្ត ដ៏អស្ចារ្យទាំង៩ នៅក្នុងពិភពលោក ដោយក្នុងនោះ មានទាំងនៅក្នុងទឹក លើគោក និង លើអាកាស ផងដែរ។

The Spy Nautilus

នៅក្នុងកម្មវិធីទូរទស្សន៍ របស់អ្នកផលិតខ្សែភាពយន្តម្នាក់ លោក John Downer ធ្លាប់បានប្រើប្រាស់សត្វយន្តនេះ សំរាប់តាមចាប់យកសកម្មភាពនានា របស់សត្វត្រីដូហ្វីន នៅក្រោមទឹក ដោយសត្វយន្តក្នុងទឹកនេះ មានបំពាក់នូវកាមេរ៉ាថត នៅផ្នែកភ្នែករបស់វា។



The Roboroach

នេះជាសត្វកណ្តាតយន្ត ដែលត្រូវបានផលិតឡើង ដោយ Backyard Brains ហើយសត្វយន្តនេះ ត្រូវបានបំពាក់ទៅដោយ គ្រឿងអេឡិចត្រូនិច ដែលអាចឲ្យមនុស្ស បញ្ជាសកម្មភាព របស់វាបាន ដោយការប្រើកម្មវិធីម្យ៉ាង ដែលបញ្ចូលនៅក្នុង ទូរស័ព្ទស្មាតហ្វូន។



Harvard’s Robobees

នេះជាសត្វឃ្មុំយន្ត របស់មន្ទីរពិសោធន៍ Harvard ដែលត្រូវបានបង្កើតឡើង ដោយប្រើកាំរស្មីឡាស៊ែរ កាត់យកនូវធាតុផ្សំសំរាប់ផលិតមួយចំនួន ដូចជា៖ ស្រទាប់កាបូនហ្វាយបឺទីតាញ៉ូម ទង់ដែង សេរ៉ាមិច និង ផ្លាស្ទិក។



The Hummingbird Nano Air Vehicle

ភ្នាក់ងារគំរោងស្រាវជ្រាវ ហៅកាត់ថា DARPA ដែលមានបេសកកម្ម ធ្វើការស្រាវជ្រាវ សំរាប់ដេប៉ាតេម៉ង់ផ្នែកការពារជាតិ ធ្លាប់មានប្រវត្តិបង្កើត មនុស្សយន្តចម្លែកៗកន្លងមកផងដែរ ហើយក្នុងនោះ ពួកគេបានបង្កើត សត្វយន្តដូចជាបង្សីមួយប្រភេទ ដែលមានទម្ងន់ស្រាល ជាងថ្មពិលប្រភេទ AA ទៅទៀត។ សត្វបក្សីយន្តនេះ ទាហានប្រើវា សំរាប់ឈ្លបយកការណ៍ និង ពិនិត្យមើលស្ថានភាពទីតាំង ដែលគ្រោះថ្នាក់។



WildCat

សត្វយន្តនេះ មានជើងបួន អាចរត់បាន យ៉ាងស្ទាត់ជំនាញ ដែលត្រូវបានបង្កើតឡើង ដោយអ្នកផលិតមនុស្សយន្ត នៅក្រុមហ៊ុន Boston Dynamics ដែលជារបស់ ក្រុមហ៊ុន Google ផងដែរ។ អ្នកផលិត បានចាត់ទុកវាជា ខ្លារខិនយន្ត។ វាអាចរត់បានល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

Alice

គេបានចាត់ទុកវា ជាស្រមោចយន្ត និង បានដាក់ឈ្មោះឲ្យថា Alice។ គេបានសរសេរ បច្ចេកវិទ្យាកម្មវិធីមួយ ដើម្បីអាចឲ្យអ្នកវិទ្យាសាស្រ្ត តាមដាន និង សិក្សាស្រាវជ្រាវ សកម្មភាពដ៏ស្មុកស្មាញរបស់ពួកសត្វស្រមោច។



The BIOSwimmer

វាមានលំនាំទៅតាម ត្រីធូណា និង ត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាល អាមេរិក សំរាប់តាមដានមើល នាវា។ ត្រីយន្តនេះ វាអាចហែលទឹកបានយ៉ាងប្រសើរ ហើយបើទោះបីជា ប្រភេទ នាវាល្បឿនលឿន ក៏មិនជាបញ្ហាអ្វីសំរាប់វានោះដែរ។



Cyro

មួយនេះវិញ វាមានលក្ខណៈដូចជា Jellyfish ហើយវាមានកាមេរ៉ា ថតយកសកម្មភាពផ្សេងៗបាន យ៉ាងល្អ នៅក្រោមទឹក ដោយគ្មាននរណា ចាប់អារម្មណ៍ ដឹងថាវាជាគ្រឿងយន្តនោះទេ។



Octopus

នេះជាមឹកយន្ត មានជើងចំនួន ៨ និង អាចមានសមត្ថភាព ប្រើដៃរបស់វា ធ្វើចលនា បំលាស់ទី បានដោយខ្លួនឯង ហើយនេះក៏ជាសិល្បៈក្នុងការផលិតមនុស្សយន្តថ្មី មួយបែប ដែលប្រើប្រាស់វត្ថុធាតុដើមដែលទន់ៗ ខុសពីរាល់ដង ដែលតែងយក លោហៈធាតុ ឬ ផ្លាស្ទីក មកធ្វើនោះ។

 

តើប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាខ្លះដែរ ចំពោះ សត្វយន្តទាំងនេះ?

 

ប្រភព៖ Huffpost

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]